ព្រះវិហារៈ អាជ្ញាធរខេត្តព្រះវិហារ ស្នើឲ្យពលរដ្ឋបញ្ឈប់សកម្មភាពកាប់ទន្ទ្រានលើដីមានជម្លោះក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ដើម្បីរង់ចាំដំណោះស្រាយដែលអាជ្ញាធរថា នឹងផ្តល់សំណងជូនតាមគោលនយោបាយឆ្វៀលស្បែកខ្លា របស់រដ្ឋាភិបាល ដោយផ្តល់ជូនតាមទំហំនៃផលប៉ះពាល់ជាក់ស្តែងរបស់ពលរដ្ឋ។
អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា អាជ្ញាធរពាក់ព័ន្ធ និងភាគីក្រុមហ៊ុនមេត្រីភាព ធ្លាប់ព្រមព្រៀងជាមួយពលរដ្ឋជាង ៣០០ គ្រួសារ ក្នុងការដោះស្រាយតាមគោលនយោបាយជូនពលរដ្ឋ ដែលកំពុងអាស្រ័យផលលើដីទាំងនោះ។
ប៉ុន្តែមិនទាន់បានដោះស្រាយចប់ ព្រោះតែពលរដ្ឋបានកាប់ទន្ទ្រានដីបន្ត ដែលជាហេតុនាំឲ្យមានការប្តឹងផ្តល់មកតុលាការ ទើបបណ្តាលឲ្យមានការចាប់ខ្លួនពលរដ្ឋទាំង ១៣ នាក់។ ទោះជាយ៉ាងណាលោកអភិបាលខេត្ត ទទូចឲ្យពលរដ្ឋបញ្ឈប់សកម្មភាពកាប់ទន្ទ្រាន ដោយរង់ចាំការដោះស្រាយបន្តពីអាជ្ញាធរក្នុងពេលខាងមុខ។
លោកបញ្ជាក់ថា៖ «ពេលដែលក្រុមការងារចុះទៅពិនិត្យឃើញថា ពិតជាប្រជាពលរដ្ឋដែលមិនមានដីពិតប្រាកដ ហើយពិតជាបានអាស្រ័យផលនៅនឹងកន្លែង អ៊ីចឹងក្រុមការងារយើង នឹងធ្វើការឆ្វៀល ដោះស្រាយកាត់ចេញពីដីក្រុមហ៊ុន»។
លោក អ៊ុន ចាន់ដា បានស្នើថា៖ «សូមឲ្យពលរដ្ឋ គោរពតាមអ្វីដែលបានព្រមព្រៀងជាមួយអាជ្ញាធរស្រុក (កុំ) ពង្រីកការកាន់កាប់ទន្ទ្រានយកដីក្រមហ៊ុន។ សូមឲ្យរក្សាប៉ុណ្ណឹងចុះ ហើយកុំពង្រីកបន្ថែមចៀសវាងការប្តឹងពីក្រុមហ៊ុនទៅតុលាការបន្តទៀត។ ថ្ងៃទី ៦ កុម្ភៈខាងមុខនេះ យើងនឹងដឹកនាំប្រជុំជាមួយក្រុមហ៊ុន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសខាងមន្ទីរកសិកម្ម និងខាងតុលាការ ដើម្បីពិនិត្យមើលនីតិវិធី នៃការដោះស្រាយបញ្ហាទាំងនេះ និងដាក់ផែនការចុះបញ្ជីដី (ក្រុមហ៊ុន)។ ព្រោះក្រុមហ៊ុន មិនទាន់ចុះបញ្ជីដីទេ គឺមានតែសិទ្ធិសម្បទានដែលបានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល ដើម្បីក្រុមហ៊ុនមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់»។
ការស្នើរបស់លោកបែបនេះ ដោយលោកអះអាងថា ពលរដ្ឋទាំង ៣៣០ គ្រួសារនេះបានកាប់ទន្ទ្រានលើផ្ទៃដីទំហំប្រមាណ ១ ពាន់ហិកតា ដោយមួយផ្នែកជាដីរបស់ក្រុមហ៊ុនមេត្រីភាព និងមួយផ្នែកទៀតជាដីអភិរក្ស គូលែនព្រហ្មទេព។
លោកថា៖ «ប៉ុន្តែមួយរយៈពេលដែលមានបញ្ហា ក្រុមហ៊ុនប្តឹងទៅស្ថាប័នតុលាការហ្នឹង ដោយសារប្រជាពលរដ្ឋហ្នឹង មានអ្នកនៅពីក្រោយខ្នងមួយចំនួន ចូលទៅទន្ទ្រានកាន់កាប់បន្ថែមពីអ្វីដែលបានព្រមព្រៀងគ្នា។ ដូច្នេះហើយ នៅពេលប្រជាពលរដ្ឋបន្តកាប់ទន្ទ្រាន ទើបមានការចាប់ខ្លួនតាមនីតិវិធីច្បាប់»។
ចាប់តាំងពីថ្ងៃទី ១៩ ខែមករា មានពលរដ្ឋចំនួន ១៣ នាក់ហើយ ដែលត្រូវបានតុលាការខេត្តនេះចាប់ខ្លួន និងចោទប្រកាន់ពីបទទន្ទ្រានដីអភិរក្សគូលែនព្រហ្មទេព ដែលជាបទល្មើសបរិស្ថាន។ នេះបើតាមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារបានទេ ដោយលោកមិនលើកទូរស័ព្ទ។
ក្រោយមានការចាប់ខ្លួនពលរដ្ឋទាំងនេះ បានឡើងមកតវ៉ាដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នចំនួន ២ ទៀត ដើម្បីសុំអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី និងដោះលែងពួកគេទាំង ១៣ នាក់វិញ។
លោក ឡយ លីហ៊ួរ តំណាងពលរដ្ឋទាំង ៣៣០ គ្រួសារ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពួកគេទាំងអស់គ្នាដែលមួយចំនួនមានទីលំនៅក្នុងភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងមួយចំនួន បានរស់នៅក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើដីមានជម្លោះផ្ទាល់តែម្តង។ លោកបន្តថា ពលរដ្ឋទាំង ៣៣០ គ្រួសារនេះ បានរស់នៅ និងអាស្រ័យផលបង្កបង្កើនផលលើដីនេះជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១៣ តែពុំមានការហាមប្រាមពីអាជ្ញាធរភូមិឃុំនោះទេ ទើបតែនៅក្នុងឆ្នាំ ២០១៨ ដែលទាហានការពារដីក្រុមហ៊ុនអះអាងថា ជាដីរបស់ក្រុមហ៊ុន។
លោកបន្តថា៖ «ចូលមកកាន់កាប់ពីដំបូង ដីនោះជាព្រៃរបោះ សល់ពីក្រុមហ៊ុនមេត្រីភាពកាប់យកឈើអស់ ហើយបន្ទាប់ពីក្រុមហ៊ុនមេត្រីភាពកាប់យកឈើអស់ គឺព្រៃរបោះៗ ជាព្រៃរេចរឹល។ កាលហ្នឹង គេកាប់យកតែឈើ មិនពាក់ព័ន្ធជាមួយដីរបស់រដ្ឋ ដល់ពេលអស់ឈើទៅ ឮថាខាងក្រុមហ៊ុនមេត្រីភាពហ្នឹង គេវិនិយោគយកដីហ្នឹងបន្តអ៊ីចឹង»។
តំណាងរូបនេះ បានអះអាងថា ដើមឡើយ ក្រុមហ៊ុនអះអាងថា ដីដែលពួកគាត់កាន់កាប់នោះ គឺជាដីរបស់ក្រុមហ៊ុន ហើយបន្ទាប់មកក៏អះអាងថា ដីនោះជាដីអភិរក្សគូលែនព្រហ្មទេព ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានវិញ ក្រោយមានការចាប់ខ្លួនពលរដ្ឋចំនួន ១៣ នាក់ជាបន្តបន្ទាប់រួចមក។ ដូច្នេះពលរដ្ឋស្នើឲ្យដោះស្រាយឲ្យមានតម្លាភាព និងប្រគល់ដីដែលខ្លួនកាន់កាប់នោះមកឲ្យពលរដ្ឋកាន់កាប់វិញ ហើយពួកគេក៏មិនបន្តទន្ទ្រានដីក្នុងតំបន់នោះទៀតដែរ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឈុំ សាវឿន អាយុ ៦៦ ឆ្នាំ បានអះអាងថា ខ្លួនបានមកតាំងទីលំនៅលើដីនេះ រយៈពេល ៥ ឆ្នាំហើយ ដែលមានដីត្រឹមតែជាង ២ ហិកតាប៉ុណ្ណោះ សម្រាប់បង្កបង្កើនផល ព្រោះតែខ្លួនគ្មានទីជម្រក។
អ្នកស្រីបញ្ជាក់ថា៖ «អភិរក្សឯណា បើខ្ញុំធ្វើ ៥ ឆ្នាំហើយ បើធ្វើតាំងពីដំបូង គេហាមឃាត់ខ្ញុំ ក៏មិនធ្វើដែរ តែវាអត់មាន (អ្នកហាមឃាត់) ។ស្រាប់ទើបតែទាហានគេលុកលុយលើកក្រោយនេះ ខ្ញុំដាំដំឡូង គាស់ដំឡូងពេញចម្ការ ហើយស្រាប់តែដល់ពេលឥឡូវ ទើបតែប៉ុន្មានខែ គេចូលចាប់ប្រជាពលរដ្ឋវ៉ៃផងអីផង ហើយគេហាមមិនឲ្យយើងចូល»។
អ្នកស្រីបន្តទាំងសំឡេងតតាក់តតុបអួលដើមកថា៖ «យើងរស់នឹងអី បើយើងរស់តែប៉ុណ្ណឹងហ្នឹង ព្រោះយើងជាអ្នកស្រែអ្នកចម្ការ ហើយដូចពួកខ្ញុំ និយាយមុខភ្លើងសូម្បីដីតែមួយចម្អាម ឬមួយម៉ែត្រ ខ្ញុំគ្មាន។ ម្ល៉ោះហើយមិនចង់បានច្រើនទេ ត្រឹមតែមួយរស់ចិញ្ចឹមខ្លួនទម្រាំដល់ថ្ងៃស្លាប់»។
ប៉ុន្តែពាក់ព័ន្ធនឹងការចោទប្រកាន់ថា ក្រុមហ៊ុនមេត្រីភាព ទទួលបានសិទ្ធិវិនិយោគលើដីនេះ តែបែរជាកាប់បំផ្លាញព្រៃឈើនោះ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងទាហានម្នាក់ឈ្មោះ រីម ខេន ហៅ លុយ សម្បត្តិ ដែលពលរដ្ឋចោទថា ជាទាហានការពារដីក្រុមហ៊ុនបានទេ កាលពីម្សិលមិញ ព្រោះតែទូរស័ព្ទចូលមិនមានអ្នកទទួល។
បើតាមលោក ចាន់ សុវុទ្ធ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ចនៃក្រសួងកសិកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ជូនក្រុមហ៊ុន មេត្រីភាព ដែលមានម្ចាស់ឈ្មោះ ឡុង ចន្ទវាសនា ជនជាតិខ្មែរធ្វើការវិនិយោគលើវិស័យដំណាំកសិឧស្សាហកម្ម និងចិញ្ចឹមសត្វក្នុងតំបន់នោះលើផ្ទៃដី ៨៥២០ ហិកតា ( ៧០ ឆ្នាំ) តាមរយៈលិខិតលេខ ៤៨២ ចុះថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងអនុញ្ញាតឲ្យក្រុមហ៊ុននេះបន្តនីតិវិធីជាធរមានលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួចនិងកែសម្រួលរយៈពេលវិនិយោគពី ៧០ ឆ្នាំ មក ៥០ ឆ្នាំវិញ តាមរយៈលិខិតលេខ ១៩៥ ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ចាន់ សុវុទ្ធ បន្តថា ដោយសារតែផ្ទៃដីមានទំហំធំ ដូច្នេះអាជ្ញាធរពាក់ព័ន្ធបានចេញគោលការណ៍ឲ្យក្រុមហ៊ុនសហការជាមួយអាជ្ញាធរខេត្តដោះស្រាយជូនពលរដ្ឋនៅនឹងកន្លែងជាមុនសិន មុននឹងចាប់ផ្តើមសកម្មភាព។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋគាត់ចោទថា ក្រុមហ៊ុនកាប់ឈើ គឺជារឿងរបស់គាត់ ប៉ុន្តែបើតាមច្បាប់ យើងអត់មានឲ្យគាត់ធ្វើអីដែលខុសពីច្បាប់នោះទេ ក្នុងករណីដែលគាត់មិនទាន់ដោះស្រាយផលប៉ះពាល់ មិនទាន់ចុះបញ្ជីដីរដ្ឋ គឺយើងមិនអនុញ្ញាតឲ្យគាត់ធ្វើអីទេ។ ជាទូទៅបើយើងស្រាវជ្រាវទៅឃើញថា ក្រុមហ៊ុននោះពិតជាបានប្រព្រឹត្តផ្ទុយនឹងច្បាប់មែន រដ្ឋនឹងដកហូតដីនោះមកវិញ»។
លោក ឡោ ច័ន្ទ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ ថ្លែងថា តាមរយៈការឃ្លាំមើលរបស់ខ្លួន ក្នុងចំណោមពលរដ្ឋជាង ៣០០ គ្រួសារនោះ គឺមួយចំនួនបានមករស់នៅក្នុងតំបន់នេះជាយូរមកហើយ ខណៈមួយចំនួនទើបតែមកកាន់កាប់ ដូច្នេះអាជ្ញាធរគួរតែដោះស្រាយឲ្យមានតម្លាភាពដល់ប្រជាពលរដ្ឋ។
លោកក៏អះអាងដែរថា ការកាន់កាប់ និងទន្រ្ទានដីក្នុងតំបន់នោះ មិនមែនមានតែពលរដ្ឋនោះទេ គឺមានក្រុមទាហានមួយចំនួនផងដែរ ដូច្នេះលោកស្នើឲ្យអាជ្ញាធរដោះស្រាយដោយតម្លាភាព។
លោកបញ្ជាក់ថា៖ «អាជ្ញាធរ គួរតែសិក្សា និងដោះស្រាយក្នុងនាមកណ្តាលដែរ បើដោះស្រាយតាមគោលនយោបាយស្បែកខ្លា គឺត្រូវសិក្សា ថាតើប្រជាពលរដ្ឋណា ដែលកាន់កាប់ដីរបស់គាត់មានរយៈពេលយូរនោះ គួរតែប្រើរូបមន្តស្បែកខ្លាទៅ តែប្រជាពលរដ្ឋណា ដែលទើបមកកាន់កាប់ ជាគោលការណ៍របស់រដ្ឋាភិបាល ឬផ្លូវច្បាប់ យើងអាចឲ្យគាត់ស្នើតាមរយៈអាជ្ញាធរសុំដីសម្បទានសង្គមកិច្ចវិញ បើសិនជាគាត់អត់ដីបង្កបង្កើនផល ព្រោះបើក្រុមហ៊ុនមានឆន្ទៈពិតមែន ត្រឹមដីប៉ុន្មានពាន់ហត្ថ គាត់អាចឆ្វៀលជូនប្រជាពលរដ្ឋបានហើយ»៕