
កូនជ្រូកដ៏ឃ្យូតអើតកពីកែវកាហ្វេឡាតេ និងកូនខ្លាឃ្មុំអង្គុយលើកែវភេសជ្ជៈ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ ការរចនាហាងពណ៌ ស្រទន់ និងគ្រឿងតុបតែងលម្អបែបឃ្យូតៗ The Ann Coffee រំលេចភាពគួរឱ្យស្រឡាញ់តាំងពីបរិវេណហាង រហូតដល់ក្នុងកែវភេសជ្ជៈ និងចានអាហាររបស់ខ្លួន។
តុក្កតាខ្លាឃ្មុំដ៏ឃ្យូតអង្គុយក្នុងកែវទឹកសូកូឡា និងកូនជ្រូកដ៏គួរឱ្យខ្នាញ់ដេកហាមាត់ក្នុងកែវកាហ្វេ ដែលធ្វើឱ្យអ្នកឃើញហើយសឹងមិនចង់ដាច់ចិត្តឱ្យវារលាយ។
នំម៉ាក់ខារូនចម្រុះពណ៌តូចច្រឡឹង គួរឱ្យចង់ថតរូបឱ្យឆ្អែតឆ្អន់មុននឹងដាច់ចិត្តដាក់ចូលមាត់ញ៉ាំ។
ចំណីអាហារ និងភេសជ្ជៈដ៏ឃ្យូតៗទាំងនេះ ជាសមិទ្ធផលរបស់ម្ចាស់ហាងជនជាតិតៃវ៉ាន់ វីវី ដូ ដែលបានទៅសិក្សារូបមន្តឆុងកាហ្វេ ធ្វើភេសជ្ជៈ រួមទាំងអាហារសម្រន់ នៅប្រទេសកូរ៉េ ដើម្បីយកមកបង្កើតរូបមន្តថ្មីខ្លួនឯងបន្ថែមសម្រាប់ការបើកហាងនេះ។
ចាប់តាំងបើកកាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ រយៈពេលប្រហែលជាបានជាង ៣ ខែ អតិថិជនបានមកជាហូរហែ រហូត The Ann Coffee បានពង្រីកចំនួន២សាខា។
អ្នកគ្រប់គ្រងហាង ឡក់ អានលីកា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ដោយសារតែកាលមួយរយៈមុនកូវីដផ្ទុះលើកទី២ យើងមានភ្ញៀវត្រឹមតែ ២០០ ទៅ ៣០០ នាក់ ក្នុង ១ ថ្ងៃប៉ុណ្ណោះគិតទាំងអ្នកខ្ចប់ចេញ។ តែបើមុនការផ្ទុះកូវីដអតិថិជនច្រើនរហូតយើងពិបាកនៅក្នុងការកំណត់ចំនួនណាស់»។

រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
កញ្ញាបានបន្តថា៖ «អ្នកខ្លះពេលមកហើយមិនមានកន្លែងអង្គុយគាត់សុខចិត្តឈរចាំ។ ឯខ្លះទៀតក៏សុខចិត្តទៅកន្លែងណាផ្សេងសិនហើយត្រឡប់មកវិញទៀត»។
ច្បាស់ណាស់ថា ការដែលភ្ញៀវសម្រុកមកទាំងគំហុកបែបនេះ ព្រោះតែភាពប្លែកពិសេសរបស់រសជាតិភេសជ្ជៈ និងម្ហូបតែម្ដងដែលសូម្បីតែភ្ញៀវជនជាតិបរទេសក៏មកអ៊ូអរនៅពេលព្រឹកដែរ។
ភេសជ្ជៈដែលពេញនិយមសម្រាប់អតិថិជនជាងគេគឺកាហ្វេពងមាន់ស្រែ Special Egg Coffee, Orange Lemongrass Peach Tea និង Ice Latte កាហ្វេឡាតេត្រជាក់ដ៏ឆ្ងាញ់។
កញ្ញា អានលីកា បានប្រាប់ពីរសជាតិរបស់កាហ្វេមួយៗយ៉ាងដូច្នេះថា៖ «កាហ្វេពងមាន់ស្រែគឺវាប្លែកណាស់ គ្មានក្លិនឆ្អាបអ្វីទាំងអស់។ សម្រាប់ Orange Lemongrass Peach Tea នេះក៏មានការពេញនិយមបំផុតដែរ ក្លិនពីស្លឹកគ្រៃក្នុងភេសជ្ជៈជាអ្វីដែលកម្រ ធ្វើឱ្យអតិថិជនទទួលបានរសជាតិដ៏សម្បូរបែប»។
កញ្ញាបន្តទៀតថា៖ «សម្រាប់កាហ្វេឡាតេត្រជាក់ គឺត្រូវបានដាក់បម្រើភ្ញៀវដោយមកជាមួយនឹងកែវកាហ្វេផ្សេង កែវទឹកស្ករផ្សេង កែវទឹកដោះគោឆៅផ្សេង និងកែវទឹកកកផ្សេង។ នៅពេលទទួលទាន ភ្ញៀវអាចចាក់ទៅតាមកម្រិតខ្លាំង ឬខ្សោយ តាមចំណូលចិត្តរបស់ខ្លួន»។

នំម៉ាក់ខារូនចម្រុះពណ៌ និងបង្អែមជាច្រើនមុខទៀត នៅហាង The Ann Coffee។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
នៅក្នុងភេសជ្ជៈមួយៗគឺមានការតាក់តែងដោយរូបខ្លាឃ្មុំតាមដោយពណ៌ផ្សេងៗ និងកាហ្វេដែលមានរូបកូនជ្រូកដ៏គួរឱ្យខ្នាញ់។
ហាងក៏មានបម្រើអាហារសម្រន់ដូចជា គីមបាប់ (បាយរុំកូរ៉េ) សាំងវិចឥន្ទធនូ និងនំបុ័ងសាច់ពិសេស។
សាំងវិចឥន្ទធនូធ្វើឱ្យភ្ញៀវជាប់ចិត្តមែនទែន។ ជំនួសឱ្យស្នូលសាច់ ឬប្រហិតក្នុងនំបុ័ង ឥន្ទធនូមានស្នូលដំណាប់ផ្លែឈើមានចម្រុះពណ៌។ ពេលកាច់នំប៉័ងទាញវាចេញពីគ្នា ឥន្ទធនូដ៏ឆ្ងាញ់នឹងលាតចេញមក។
នំបុ័ងសាច់ពិសេសក៏មិនគួរមើលរំលងដែរ។ នៅចន្លោះនំប៉័ងមានរំលេចបន្លែស្រស់ៗដូចជា ចំណិតត្រសក់ ការ៉ុត ខ្ទឹមបារាំង ស្លឹកខ្ទឹម ជីរ សាច់ចិញ្ច្រាំ និងសាច់ប៉ាតេលាយបញ្ជូលគ្នាយ៉ាងទំនង។
តម្លៃអាហារសម្រន់ចាប់ពី ១ ដុល្លារ ទៅ ៣,៥ ដុល្លារ និងតម្លៃភេសជ្ជៈគឺ ១,៥ ដុល្លារ ទៅ ៣,៥ ដុល្លារ។

ការតុបតែងហាង The Ann Coffee មានលក្ខណៈឃ្យូតៗ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
អ្នកគ្រប់គ្រងហាងវ័យ ២៣ ឆ្នាំរូបនេះ បានប្រាប់ថា គ្រប់ផ្នែកនៃហាងនេះទាំងសេវាកម្ម អាហារទាំងភេសជ្ជៈ និងការតុបតែងទទួលបានការកោតសរសើរពីភ្ញៀវ។
យ៉ាងណាមិញ កញ្ញា អានលីកា លើកឡើងថា៖ «ខ្ញុំគិតថាហាងនេះគឺល្អគ្រប់គ្រាន់ហើយ។ បើមានអ្វីមួយដែលយើងចង់ធ្វើនោះគឺការពង្រីកហាងតែទីនេះយើងមិនអាចពង្រីកទៅណាទេ ហេតុនេះទើបយើងបើកសាខាថ្មីដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ ដោយទីតាំងថ្មីគឺជាហាងមានទីធ្លាធំទូលាយ និងមានដល់ទៅ ២ ជាន់។ ពេលនេះអតិថិជនមិនចាំបាច់ត្រូវរង់ចាំយូរទៀតទេ»។
The Ann Coffee បើកជារៀងរាល់ថ្ងៃពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៩ យប់។ សាខាទី១ នៅជិតវិមានឯករាជ្យ និងសាខាទី២ នៅផ្លូវ៦៣ កែង ៣៣៤ បឹងកេងកងទី១៕