
ម្ហូបមាន់អាំងទឹកឃ្មុំ មានការរចនាយ៉ាងស្រស់បំព្រង នៅភោជនីយដ្ឋាន ខ្មែរថាច់។ ហុង មិនា
សៀមរាប: ស្ថិតក្នុងបរិយាកាសដ៏ផាសុកភាពនៃបន្ទប់ភោជនីយដ្ឋានរចនាប័ទ្មបែបទំនើបពេញចិត្ដទាំងភ្ញៀវជាតិ និងអន្ដរជាតិនៅកណ្ដាលក្រុងនៃអតីតរាជធានីអង្គរ ខ្មែរថាច់ (Khmer Touch) មានឈ្មោះល្បីល្បាញជាភោជនីយដ្ឋានបម្រើមុខម្ហូបខ្មែរ ទាំងឆ្ងាញ់ និងពោរពេញដោយសោភណភាពច្នៃប្រឌិត។
ជាឈ្មោះមុខម្ហូបដ៏សាមញ្ញ ងាយស្រួលចាំ មាន់អាំងទឹកឃ្មុំ ផ្សំឡើងពីរូបមន្ដពិសេសរបស់មេចុងភៅមានបទពិសោធផ្ទះបាយជាង ២០ ឆ្នាំ ជាមួយនឹងការតុបតែងក្នុងចានយ៉ាងស្អាតបែបម្ហូបបស្ចិមប្រទេសពីសណ្ឋាគារលំដាប់ផ្កាយ។
លោក កែវ វុទ្ធី មេចុងភៅប្រចាំភោជនីយដ្ឋាន ខ្មែរថាច់ បានប្រាប់ពីគ្រឿងផ្សំថា មាន់អាំងទឹក ឃ្មុំ មានភ្លៅមាន់ ទឹកឃ្មុំ ម្រេច អំបិល ទឹកត្រី ទឹកអយស្ទ័រ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម រំដេង ទឹកស៊ីអ៊ីវ ស្ករត្នោត និងម្ទេសដៃនាង។
លោកបានរៀបរាប់ពីវិធីធ្វើដែលត្រូវបានបែងចែកជា ២ ប្រភេទ គឺប្រឡាក់មាន់អាំង និងទឹកជ្រលក់សម្រាប់ស្រោចលើសាច់ភ្លៅមាន់។
លោក វុទ្ធី បាននិយាយថា៖ «ដំបូង យើងប្រឡាក់ភ្លៅមាន់ជាមួយគ្រឿងផ្សំទឹកឃ្មុំម្រេច អំបិលទឹកត្រី និងទឹកអយស្ទើររួចទុករយៈពេល ១៥ នាទីទើបយកទៅអាំង»។
មេចុងភៅដែលបង្កើតសោភណភាពម្ហូបបែបប្រណីតរូបនេះបន្ដថា៖ «យើងត្រូវធ្វើទឹកជ្រលក់មួយទៀតមានគ្រឿងផ្សំ អំបិលទឹកស៊ីអ៊ីវទឹកឃ្មុំទឹកត្រី និងស្ករត្នោតជាមួយខ្ទឹមស ខ្ទឹមក្រហម រំដេងស្លឹកក្រូចសើចនិងម្ទេសដៃនាង»។
លោកបន្ដថា៖ «ពេលភ្លៅមាន់អាំងជិតឆ្អិនសព្វល្អ យើងយកវាមកជ្រលក់ទឹកប្រឡាក់រួចអាំងម្ដងទៀត ដើម្បីឲ្យចូលជាតិកាន់តែឈ្ងុយឆ្ងាញ់»។
ជាមួយការរចនាចានម្ហូបស្រស់បំព្រងគួរឲ្យទាក់ទាញ ពេលលើកជូនបម្រើភ្ញៀវ លោក កែវ វុទ្ធី បានប្រើប្រាស់បន្លែផ្ទាប់ជាមួយដើមខាត់ណា និងការ៉ុត រំលេចជាពណ៌ដ៏ស្រស់ស្អាតផងដែរ។
មាន់អាំងទឹកឃ្មុំបែបសាមញ្ញ តែការរចនាបែបមុខម្ហូបបស្ចិមប្រទេសដ៏ល្អប្រណីតនេះ មានតម្លៃ ៤៨ ០០០ រៀល ក្នុង ១ ចាន។
ខ្មែរថាច់ ស្ថិតនៅលើវិថីស៊ីវុត្ថា ម្ដុំផ្សារចាស់ ទាក់ទងតាមទូរស័ព្ទ ០៦៣ ៧៦ ៥៦ ៨៩៕