ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​ចិន​នៅ​អាឡាស្កា​បាន​ក្លាយ​ជា​ឈុត​ឆាក​មួយ​នៃ​ការឈាន​ទៅ​រក​ការបែងចែក​សណ្តាប់ធ្នាប់​ពិភពលោក​ជា​ ២​។ មាន​ការព្រួយបារម្ភ​តាម​កម្រិត​ផ្សេងៗ​គ្នា​ថា ភាពតានតឹង​ទាំងនេះ​អាច​កែប្រែ​ទំនាក់ទំនង​ពី​ការប្រកួតប្រជែង​ទៅជា​ទំនាក់ទំនង​គូបដិបក្ខ ឬ​ឈាន​ទៅ​ដល់​កម្រិត​សង្គ្រាម​នៅក្នុង​ទម្រង់ ឬ​សមរភូមិ​ផ្សេង​។

នៅពេល​ដែល​ចិន​បាន​ប្រកាស​ពី​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​សម្រាប់​ភ្ញៀវ​បរទេស​​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន ចំណោទ​នឹង​លេចឡើង​ថា​ប្រសិន​បើ​ប្រទេស​ផ្សេងៗ​មាន​ការកំណត់​លក្ខខណ្ឌ​ខុសគ្នា​សម្រាប់​ប្រភេទ​វ៉ាក់សាំង​ផ្សេងៗ​តើ​ការបំផ្លាស់ទី​របស់​មនុស្ស​សេរីភាព​នៃ​ជម្រើស​វេជ្ជសាស្ត្រ​ទំនាក់ទំនង​ធុរកិច្ច​ ឬ​ក៏​សញ្ជាតិ​របស់​អ្នកដំណើរ​នីមួយៗ​អាច​នឹង​ទទួល​រង​ផលប៉ះពាល់​អ្វីខ្លះ​ពី​ការដាក់​កម្រិត​លក្ខខណ្ឌ​បែបនេះ​? ​ការរើសអើង​ជាតិ​សាសន៍​​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជនជាតិ​អាស៊ី​ដែល​កំពុង​កើតឡើង​នៅ​អាមេរិក​វា​បាន​បង្កក្តី​បារម្ភ និង​រំខាន​យ៉ាងខ្លាំង​រួចទៅហើយ​។

ផលប៉ះពាល់​ខ្លះ​មាន​តាំងពី​មុន​ហ្នឹង​ទៅទៀត ជាពិសេស​ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​។

នៅក្នុង​វិស័យ​ទាំងនេះ​ការបែងចែក​ពិភពលោក​ជា​ ២ ​រវាង​អាមេរិក និង​ចិន បាន​បង្កើត​ឱ្យ​មាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​សម្រាប់​ជម្រើស​សេដ្ឋកិច្ច និង​ទីផ្សារ​ដោយ​យក​លេស​មនោគមន៍​វិជ្ជា​មក​បិទបាំង​ហើយ​ជាក់ស្តែង​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅ​​មក​ឥតឈប់ឈរ​អំពី​ភាពអន់កម្សោយ​នៃ​បច្ចេកទេស និង​បច្ចេកវិទ្យា​របស់​គូបដិបក្ខ ការលួច​បច្ចេកវិទ្យា ការជំរុញ​ការប្រកួតប្រជែង​មិន​ស្មើភាព និង​ការគាំពារ​និយម​ជាដើម​។

បណ្តា​ប្រទេស​ជាច្រើន​មាន​​ការលំបាក​ក្នុង​ការជ្រើសរើស​​យក​ប្រភព​ផ្គត់ផ្គង់​នៃ​បច្ចេកវិទ្យា​ 5G​។ ​សម្រាប់​ប្រទេស​ថៃ ទីភ្នាក់ងារ​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​ (depa) ​និង​ក្រុមហ៊ុន Huawei បាន​បើក​មជ្ឈមណ្ឌល​នវានុវត្តន៍​អេកូស៊ីស្ទែម 5G របស់​ថៃ​នៅ​ទីក្រុង​បាងកក​​ កាលពី​ខែកញ្ញា​ឆ្នាំ​ ២០២០​។ សម្រាប់​សិង្ហបុរី​នៅ​ខែមិថុនា​ឆ្នាំ​ ២០២០ អាជ្ញាធរ​អភិវឌ្ឍ InfocommMedia (IMDA) ​បាន​សម្រេច​ចុះកិច្ចសន្យា​ទទួល​ការផ្គត់ផ្គង់​ប្រព័ន្ធ​ 5G ពី​ក្រុមហ៊ុន Nokia/Ericsson ដោយ​ចៀសវាង​ជ្រើសរើស​ក្រុមហ៊ុន Huawei​។ ករណី​របស់​ថៃ​បានបង្ហាញ​ពី​ជម្រើស​ដ៏ក្លាហាន ហើយ​ករណី​របស់​សិង្ហបុរី​គឺជា​ជម្រើស​ដែល​មាន​ការប្រុងប្រយ័ត្ន​នៅពេល​​ដែល​ក្រុមហ៊ុន Huawei បាន​ក្លាយជា​ករណី​លេចធ្លោ​មួយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​រវាង​អាមេរិក និង​ចិន​។

សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាមេរិក​បាន​លើក​គំនិត​ផ្តួចផ្តើម​ “​បណ្តាញ​ចំណុច​ពណ៌​ខៀវ​” (Blue Dot Network) ​ហើយ​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​លើក​គំនិត​ផ្តួចផ្តើម​“ ភាពជា​ដៃគូ ដើម្បី​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព​” ​ដើម្បី​ប្រកួត​តតាំង​ជាមួយ​នឹង “​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​” របស់​ចិន​។

ការអភិវឌ្ឍ​ផ្លូវដែក​ល្បឿន​លឿន​ពី​ទីក្រុង​ហ្សាការតា​ទៅ​ទីក្រុង​បានឌុង​របស់​ឥណ្ឌូនេស៊ី​គឺជា​ករណី​សិក្សា​ល្អ​មួយ​អំពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​ចិន និង​ជប៉ុន​ក្នុង​ការដេញថ្លៃ​យក​គម្រោង​។ ​ឥណ្ឌូនេស៊ី​បាន​ប្តូរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង​រវាង​ចិន​ និង​ជប៉ុន​មុន​នឹង​សម្រេច​ចុងក្រោយ​ជ្រើសរើស​យក​ចិន​ក្នុង​ឆ្នាំ​ ២០១៦ ប៉ុន្តែ​ឥណ្ឌូនេស៊ី​បាន​ចរចា​យ៉ាង​ស្វិតស្វាញ​ដើម្បី​ឱ្យ​មាន​ការធានា​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ឥណ្ឌូនេស៊ី​បូករួម​ទាំង​កិច្ចសហការ​រួមគ្នា​ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​ដល់​ប្រទេស​ម្ចាស់ផ្ទះ​។

ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏ស្មុគស្មាញ បើ​ប្រទេស​នីមួយៗ​​គ្រប់គ្រង​បាន​ល្អ​ពួកគេ​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន តែ​បើ​គ្រប់គ្រង​មិន​បាន​ល្អ​អាច​នឹង​គ្រោះថ្នាក់​ ឬ​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការវាយប្រហារ​នយោបាយ​ឥតឈប់ឈរ​។ ប៉ុន្តែ​សំណួរ​សួរថា​តើន​រណា​ដែល​ជា​អ្នក​វិនិច្ឆ័យ​ខុស ឬ​ត្រូវ​នោះ​? តើ​ប្រទេស​ថៃ​ខុស​ទេ​ក្នុង​ការជ្រើសរើស​ការសហការ​ជាមួយ​ក្រុមហ៊ុន Huawei ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​ 5G ​របស់ខ្លួន​? តើ​ប្រទេស​ឥណ្ឌូនេស៊ី​ខុស​ទេ​ក្នុង​ការជ្រើសរើស​ដៃគូ​ចិន​ក្នុង​ការកសាង​ផ្លូវដែក​ល្បឿន​លឿន​របស់ខ្លួន​? ​តើ​ប្រទេស​សិង្ហបុរី​ខុស​ទេ​ក្នុង​ការជ្រើសរើស​ក្រុមហ៊ុន​ Nokia/Ericsson ធ្វើជា​អ្នក​ផ្គត់ផ្គង់​ប្រព័ន្ធ 5G របស់ខ្លួន​?

បញ្ហា​នៅទីនេះ​មិនមែន​ត្រឹមតែ​ជា​បញ្ហា​ជម្រើស​ទីផ្សារ​ ឬ​ជម្រើស​ការអភិវឌ្ឍ​នោះទេ​។

ចំណោទ​ធំ​ជាង​នេះ​គឺ​នៅពេល​ដែល​ជម្រើស​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ​បានក្លាយ​ជា​ការវែកញែក​​រក​កំហុស​មនោគមន៍​វិជ្ជា​ទៅវិញ​នោះ​ទោះបី​ជា​ប្រទេស​នីមួយៗ​​ដឹង​ច្បាស់​ថា ជម្រើស​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​គឺជា​ការសម្រេចចិត្ត​អធិបតេយ្យ​ផ្តាច់មុខ​របស់​ប្រទេស​ម្ចាស់ផ្ទះ​ក៏ដោយ​។

យើង​អាច​យល់បាន​ចំពោះ​ការដាក់​កម្រិត​មួយចំនួន​ដើម្បី​ការពារ​ឧស្សាហកម្ម​របស់​ប្រទេស​មួយ​ ប៉ុន្តែ​បើ​ការ​គាំពារ​នោះ​​ឈានដល់​កម្រិត​សកល នោះ​បានន័យថា ប្រព័ន្ធ​មូលធន​និយម និង​សេដ្ឋកិច្ច​ទីផ្សារសេរី​កំពុង​តែមាន​បញ្ហា​ហើយ​។

ការកំណត់​មនោគមន៍​វិជ្ជា​ទៅ​​លើ​ការប្រកួតប្រជែង​ទីផ្សារ​សេរី​គឺជា​អ្វីដែល​យើង​ត្រូវ​បារម្ភ​ព្រោះ​វា​បាន​បង្ខំ​ឱ្យ​ប្រទេស​នីមួយៗ​ជ្រើសរើស​មិនមែន​ដោយ​​យោង​លើ​កត្តា​តម្លៃ និង​គុណភាព និង​សេរីភាព​ទីផ្សារ​នោះ​​ទេ ប៉ុន្តែ​បែរជា​ត្រូវ​ខ្វល់ខ្វាយ​ទៅ​លើ​មូលដ្ឋាន “​កំហុស និង​ទណ្ឌកម្ម​”​ដោយ​ផ្អែកលើ​មូលដ្ឋាន​មនោគមន៍វិជ្ជា និង​ភូមិសាស្ត្រ​នយោបាយ​ទៅវិញ​។

នេះហើយ​គឺជា​ទិដ្ឋភាព​ជាក់ស្តែង​ដែល​បង្ហាញថា ការបែងចែក​ពិភពលោក​ជា​ ២ ​បាន​បង្ក​ជា​ឧបសគ្គ​រំខាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ​នៅក្នុង​ករណីខ្លះ​ប្រទេស​តូចៗ​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន ដោយសារ​តែ​ការភ័យខ្លាច​ពី​ការធ្លាក់​ចូលក្នុង​អន្លង់​សង្គ្រាម​បែងចែក​ពិភពលោក​ជា​ ២ ​នេះ​។

ការរំខាន​ និង​ផលប៉ះពាល់​គឺ​កាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​សម្រាប់​ប្រទេស​ដូចជា កម្ពុជា​ដែល​ត្រូវបាន​គេ​ចោទថា​ជា​រដ្ឋ​ចំណុះ​របស់​ចិន​។

ឧទាហរណ៍ ប្រសិនបើ​កំពង់ផែ​ក្រុងព្រះសីហនុ​ត្រូវ​បាន​ជួសជុល​កែលម្អ​ដោយ​ជប៉ុន​នោះ​មិនមាន​ការលើកឡើង​អ្វី​ទាំងអស់​។ ប៉ុន្តែ​នៅពេល​កំពង់ផែ​ និង​អាកាសយានដ្ឋាន​កំពុង​ត្រូវបាន​សាងសង់​ដោយ​ចិន​នៅ​តារា​សាគរ​ខេត្តកោះកុង ការរិះគន់​គ្រប់ទិសទី​បាន​បំពង​សំឡេង​​ឡើង​រាប់​តាំងពី​បញ្ហា​បរិស្ថាន​បញ្ហា​ពុករលួយ និង​រហូតដល់​ការចោទប្រកាន់​ថា ជា​ការតាំងទី​នៃ​អំណាច​យោធា​របស់​ចិន​ ឬ​ការគ្រប់គ្រង​ឧត្តមភាព​យោធា​របស់​ចិន​ទៅលើ​តំបន់​សមុទ្រ​​ចិន​ខាងត្បូង ទោះបី​ជា​កំពង់ផែ​នេះ​ស្ថិតនៅ​ឯនាយ​សែនឆ្ងាយ​ក្នុង​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ដែល​ស្ថិតក្នុង​ឈូង​សមុទ្រ​ថៃ​ក៏ដោយ ហើយ​នរណា​ក៏​ដឹង​ដែរ​ថា ថៃ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទៅទៀត​។ ដូច្នេះ តើ​មាន​ហេតុផល​អ្វីដែល​ចិន​អាច​ពង្រឹង​អំណាច​យោធា​នៅ​កំពង់ផែ​ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ​តូច​មួយ​របស់​កម្ពុជា​ដោយ​រំលង​ភ្នែក​របស់​ថៃ​បាន​នោះ​?

វា​ពិតជា​មិនអាច​ទៅរួច​ទេ ហើយ​ថៃ​ ឬ​អាមេរិក​អាច​វាយលុក​ចិន​បាន​យ៉ាង​ងាយ មុនពេល​ដែល​ចិន​អាច​បញ្ឆេះ​យន្តហោះ​របស់​​ខ្លួន​ហោះ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​។

យើង​មិនអាច​យល់បាន​ទេ​ថា តើ​នេះ​គឺជា​ការ​គន់គូរ​ដ៏ត្រឹមត្រូវ​តាម​បច្ចេកទេស​យោធា​ ឬ​ក៏​ការស្រមើស្រមៃ​ដែល​កើតចេញ​ពី​ការភ័យខ្លាច​ចិន​ហួសហេតុ​នោះ​។ ច្បាស់​ហើយ​ថា កម្ពុជា​គ្មាន​ជម្រើស​ល្អ​ដូចជា ថៃ និង​ឥណ្ឌូនេស៊ី​ឡើយ​ព្រោះថា រាល់​ការសម្រេចចិត្ត​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ចិន កម្ពុជា​ប្រាកដជា​នឹង​ទទួលរង​ការវាយប្រហារ​រិះគន់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់ទិសទី​។

បើ​ជ្រើសរើស​មិន​ស្រួល​ប្រទេស​លោក​ខាងលិច​នឹង​ប្រើ​ទណ្ឌកម្ម​ជា​ឯកតោភាគី ដែល​នៅក្រៅ​ដែនដី ក្រៅ​ដែន​សមត្ថកិច្ច​ពី​នាយ​សមុទ្រ​ដើម្បី​បង្ហាញ​សាច់ដុំ និង​ឥទ្ធិពល​របស់​ពួកគេ​ថែមទៀត​។ ​ការបែងចែក​ពិភពលោក​ជា​ ២ ​វា​មិន​ឈប់​ត្រឹម​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ជះឥទ្ធិពល​ដល់​វិស័យ​នយោបាយ​ការទូត​ និង​វេទិកា​ពហុភាគី​​ផងដែរ​នៅពេល​ដែល​វេទិកា​ពហុភាគី​គឺជា​ចំណុច​មានប្រៀប​ខ្លាំង​របស់​ប្រទេស​លោកខាងលិច​។

ដោយសារ​តែ​ការបែងចែក​ពិភពលោក​ជា​ ២ ​នេះហើយ ទើប​ធ្វើឱ្យ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ច្រើនតែ​ក្លាយជា​ផ្ទាំងស៊ីប​នៃ​ការវាយប្រហារ​រិះគន់​លើ​បញ្ហា​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ពី​បណ្តា​ប្រទេស​លោក​ខាងលិច ប៉ុន្តែ​ពួកគេ​គ្មាន​ការខ្មាសអៀន​ឡើយ​ក្នុង​ការប្រើប្រាស់​ស្តង់ដា​ទ្វេ​ចំពោះ​ប្រទេស​ណា​ដែល​មាន​ទំនាក់ទំនង​យុទ្ធសាស្ត្រ និង​មាន​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ពួកគេ​។

ជាក់ស្តែង កម្ពុជា​តែងតែ​ក្លាយជា​គោលដៅ​នៃ​ការរិះគន់​របស់​សហភាព​អឺរ៉ុប​ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ សហភាព​អឺរ៉ុប​មាន​សមាជិក ២៧ ​ប្រទេស ដូច្នេះ​ពួកគេ​ហាក់បី​ដូចជា​មាន​គ្រាប់កាំភ្លើង​ ២៧ ​គ្រាប់ ដើម្បី​បាញ់​កម្ពុជា​តែម្នាក់ឯង​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ព្រោះ​ពួកគេ​អាច​​ប្ដូរ​វេន​គ្នា​ដើម្បី​បរិហារ​រិះគន់​កម្ពុជា​ម្តង​​មួយៗ នៅពេល​ណា​ក៏បាន​។ ​សម្រាប់​ពួកគេ​វា​ងាយស្រួល​ណាស់​ក្នុង​ការវាយប្រហារ​លើ​កម្ពុជា​ទោះបី​ជា​ដឹងថា កម្ពុជា​បច្ចុប្បន្នកំពុង​តែ​រវល់​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​នឹង​រោគរាតត្បាត​កូវីដ​១៩ ក៏ដោយ​។

ក្នុងពេល​ថ្មីៗ​នេះ​ប្រទេស​ហ្វាំងឡង់​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ច្បាប់​កូវីដ-១៩​របស់​កម្ពុជា​នៅពេល​ដែល​ហ្វាំងឡង់​ខ្លួនឯង​ធ្លាប់​បាន​បិទ​ប្រទេស និង​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​។

ការអនុវត្ត​ស្ដង់ដា​ទ្វេ​បែបនេះ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​សិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​ក្នុង​ការសម្រេច​ដោយ​ខ្លួនឯង​ថា តើ​គួរតែ​ការពារ​អាយុជីវិត​របស់​ប្រជាជន​របស់ខ្លួន​យ៉ាងដូចម្តេច​? គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ​ ២០២១ ហ្វាំងឡង់​មាន​ករណី​ឆ្លង​ជាង ៧ ​ម៉ឺន​នាក់​ និង​ស្លាប់​ជាង​ ៨០០ ​នាក់ ខណៈ​កម្ពុជា​​មាន​ករណី​ស្លាប់​ ៧ ​នាក់​ពី​ជំងឺ​កូវីដ ១៩​។ ​ការអត្ថាធិប្បាយ​របស់​ហ្វាំងឡង់​គឺ​មិនបាន​ជួយ​កម្ពុជា​ទាល់តែ​សោះ ផ្ទុយទៅវិញ​វា​គឺជា​ការរំខាន​ដែល​គ្មាន​ការទទួលខុសត្រូវ ជាពិសេស​នៅពេល​​ដែល​កម្ពុជា​កំពុង​តស៊ូ​យ៉ាងខ្លាំង​ដើម្បី​បង្ក្រាប និង​លុបបំបាត់​ការឆ្លង​រាតត្បាត​នៃ​ “​សហគមន៍​ ២០ ​កុម្ភៈ​។

លើក​នេះ​ហ្វាំងឡង់ គឺជា​អ្នកដើរតួ ហើយ​នៅ​ថ្ងៃ​បន្ទាប់ សហភាព​អឺរ៉ុប​នឹង​អាចមាន​តួសម្តែង និង​អ្នក​និយាយ​ថ្មី​ដើម្បី​ប្រមាថ​មើលងាយ​កម្ពុជា​ដោយ​ផ្អែកលើ​ទស្សនៈ​ការបែងចែក​ពិភពលោក​ជា​ ២ ​និង​ការអនុវត្ត​ស្តង់ដា​ទ្វេ​សម្រាប់​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ​។

ប្រទេស​កម្ពុជា​ជា​ផ្ទាំងស៊ីប​ដែល​ងាយស្រួល​ និង​ជា​គោលដៅ​ដែល​គេ​ចូលចិត្ត​វាយប្រហារ​ពីព្រោះ​ជាក់ស្តែង​កម្ពុជា​គ្មាន​អំណាច​ ឬ​ឥទ្ធិពល ឬ​កម្លាំង​អ្វី ដើម្បី​វាយបក​ទៅ​គេ​វិញ​ទេ​។

ការដាក់​ទណ្ឌកម្ម​គឺជា​អាវុធ​ការទូត​ និង​សេដ្ឋកិច្ច​ដែល​កំពុង​ពេញនិយម​នៅ​​ក្នុង​ពិភពលោក​ដែល​បែងចែក​ជា​ ២​។

ទាំងនេះ​គឺជា​គ្រោះថ្នាក់​ជាក់ស្តែង​ហើយ​ដែល​កំពុង​កើតមាន​រួចទៅ​ហើយ​​សម្រាប់​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​បែង​ចែក​ជា​ ២​។

នេះ​យើង​មិនទាន់​និយាយ​ដល់​គ្រោះថ្នាក់​នៃ​ការកើតឡើង​នៃ​សង្គ្រាម​ជា​ប្រពៃណី​ផង​។ យើង​ពិតជា​មិនអាច​មើលរំលង​ពី​លទ្ធភាព​នៃ​ការកើតឡើង​​នៃ​សង្គ្រាម​ដោយ​តួអង្គ​តំណាង​បានទេ​។ ​នៅក្នុង​តំបន់​របស់​យើង យើង​ធ្លាប់​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម​វៀតណាម និង​សង្គ្រាមស៊ីវិល​របស់​កម្ពុជា ដែល​បាន​អូសបន្លាយ​រយៈពេល ៣០ ​ឆ្នាំ​ដែល​បាន​ធ្វើឱ្យ​បាត់បង់​ជីវិត​ប្រជាជន​យ៉ាងច្រើន​រាប់​ពុំ​អស់​។

ដូច្នេះ​ប្រទេស​នីមួយៗ​ក្នុង​ពិភពលោក​គួរ​ខិតខំ​ពិចារណា​រិះរក​វិធីសាស្ត្រ​​ក្នុង​ការបង្ការ​ការបែងចែក​ពិភពលោក​ជា​ ២ ​មិនមែន​ចូលរួម​ចាក់​សាំង​បន្ថែម​លើ​ភ្លើង​នោះ​ទេ​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ទស្សនៈ​អាស៊ី (AVI)

(​ទស្សនៈ​ដែល​បាន​សម្តែង​ខាងលើ​គឺជា​របស់​បុគ្គល​ហើយ​មិន​តំណាងឱ្យ​ទស្សនៈ​ស្ថាប័ន​នោះទេ​)