
ទូរស័ព្ទដៃបានក្លាយជាតម្រូវការដ៏ចាំបាច់នាពេលបច្ចុប្បន្ន។ ហ៊ាន រង្សី
ភ្នំពេញៈ សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា (ATOC) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ដែលនេះគឺជាការបោះជំហានមួយក្នុងការបង្កើតសំឡេងតែ ១ គត់ ដើម្បីទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធនានា និងរាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលភ្នំពេញប៉ុស្ដិ៍បានទទួលកាលពីថ្ងៃទី ២៥ ខែមីនា ATOC បានរៀបចំមហាសន្និបាតវិសាមញ្ញលើកដំបូងរបស់ខ្លួន ដើម្បីចាប់ផ្ដើមប្រតិបត្តិការរបស់សមាគម បន្ទាប់ពីបានចុះបញ្ជីត្រឹមត្រូវជាមួយនឹងក្រសួងមហាផ្ទៃស្របតាមច្បាប់កម្ពុជា និងលក្ខនិ្តកៈរបស់ ATOC។
សេចក្ដីប្រកាសព័ត៌មានបន្តថា ATOC ត្រូវបានបង្កើតឡើងដោយសមាជិកស្ថាបនិកចំនួន ៤ រួមមាន ក្រុមហ៊ុន Smart Axiata Co.,Ltd ក្រុមហ៊ុន CAMGSM Co.,Ltd ក្រុមហ៊ុន VIETTEL (Cambodia) Pte, Ltd និងក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd)។ ATOC ក៏បើកទទួលក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ផ្សេងទៀតដើម្បីចូលរួមជាសមាជិករបស់ខ្លួនផងដែរ។
«ATOC មានគោលបំណង និងគោលដៅសំខាន់ៗធ្វើជាអ្នកតំណាងស្របច្បាប់ឱ្យដល់សមាជិករបស់ខ្លួនក្នុងការទាក់ទងជាមួយតួអង្គផ្សេងទៀតនៅក្នុងវិស័យឯកជន និងសាធារណៈ ការចែករំលែក និងការផ្លាស់ប្តូរគំនិត និងព័ត៌មាន ការធ្វើបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិ ការលើកឡើង និងការសម្ដែងមតិពីការបារម្ភរបស់សមាជិកខ្លួន ហើយការផ្ដល់យោបល់ និងការគាំទ្រដល់សមាជិករបស់ខ្លួនសម្រាប់កិច្ចដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងដើម្បីចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក លី តៃសេង ប្រធាន ATOC បានឱ្យដឹងថា សមាគមនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការធ្វើការងារជាមួយភាគីពាក់ព័ន្ធ ក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍឧស្សាហកម្មមួយនេះប្រកបដោយនិរន្តរភាព។
លោក តៃសេង បានថ្លែងថា៖ «វាជាលើកដំបូងហើយដែលសមាគមប្រតិបត្តិករទូរគមនាគមន៍មួយនេះត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សមាគមនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតសំឡេង និងតំណាងសម្រាប់សមាជិករបស់ខ្លួនមកពីឧស្សាហកម្មទូរគមនាគមន៍នៅក្នុងវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន និងក៏ដើរតួនាទីជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរគំនិត និងសហការគ្នាក្នុងចំណោមសមាជិករបស់ខ្លួន និងភាគីពាក់ព័ន្ធផ្សេងៗទៀតជាមួយទស្សនៈដើម្បីលើកកម្ពស់សុខភាព និងការប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ និងសេវាកម្មកាន់តែប្រសើរដល់អតិថិជន»។
លោកបន្ថែមថា៖ «បេសកកម្មរបស់ ATOC គឺដើម្បីលើកកម្ពស់ជំហររបស់ឧស្សាហកម្មទូរគមនាគមន៍ដែលជាដៃគូដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលជាតិស្របតាមទិសដៅដែលបានកំណត់ដោយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ចំនួនការជាវទូរស័ព្ទចល័តដ៏សកម្មនៅក្នុងប្រតិបត្តិករទាំង ៦ នៅកម្ពុជាមានចំនួន ២០ ៤៨១ ០៥១ គិតត្រឹមចុងខែឧសភា ឆ្នាំ ២០២០ ធ្លាក់ ០,០៨ ភាគរយ ធៀបនឹងកាលពីចុងខែឧសភា ឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យបានមកពី TRC។
ចំនួនការជាវសេវាអ៊ីនធឺណិតចល័តនៅក្រុមហ៊ុនផ្ដល់សេវាទាំង ៧ របស់កម្ពុជាបានកត់ត្រាការធ្លាក់ចុះ ២,៣៦ ភាគរយនៅត្រឹម ១៤ ៨៦៣ ៤៣៥ ចំណែកឯការជាវសេវាអ៊ីនធឺណិតលើតុនៅក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតទាំង ៣៧ នៅកម្ពុជាបានកត់ត្រាការកើនឡើង ៣៣,០៧ ភាគរយ ដល់ ២៤៩ ១៣២៕ LA