
លោក Andrew Tey នាយកវិទ្យាសា្ថន CGTI។ រូបថត សហការី
ភ្នំពេញៈ ដោយបង្កើតឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧ វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា (CGTI) ដែលជាគំនិតផ្តួចផ្ដើមមួយនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កំពុងផ្ដល់ការបណ្ដុះបណ្ដាលយ៉ាងល្អិតល្អន់ ដើម្បីបង្កើនជំនាញ និងផលិតភាពនៅក្នុងឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា។
ទន្ទឹមនឹងការរីករាលដាលជំងឺកូវីដ ១៩ ដែលកំពុងរំខានយ៉ាងខ្លាំងដល់ចង្វាក់ផ្គត់ផ្គង់ និងការផលិតលើពិភពលោក តើអ្វីខ្លះដែល CGTI កំពុងផ្លាស់ប្តូរការបណ្ដុះបណ្ដាលរបស់ពួកគេនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩? តើវិទ្យាស្ថាននៅតែបន្តការរួមចំណែកដល់ការកែលម្អលើជំនាញ និងផលិតភាពនៅក្នុងឧស្សាហកម្មយ៉ាងដូចម្តេច?
លោក Andrew Tey នាយកវិទ្យាស្ថាន CGTI បានពិភាក្សាតាមរយៈវីដេអូជាមួយ លោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៅកាសែតភ្នំពេញប៉ុស្ដិ៍ អំពីវិទ្យាស្ថានCGTI និងបញ្ហាប្រឈមដែលលោកបានជួបប្រទះ។
ដូចដែលយើងដឹងថា ការរីករាលដាលកូវីដ ១៩ មិនគ្រាន់តែរំខានដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជីវិតរបស់ប្រជាជន។ ក្នុងបរិការណ៍នេះ តើលោកអាចធ្វើបច្ចុប្បន្នភាពអ្វីដែល CGTI កំពុងប្រតិបត្តិក្នុងអំឡុងពេលវិបត្តិសុខភាពនេះ?
ក្នុងអំឡុងពេលដ៏សំខាន់នេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ផែនការយុទ្ធសាស្ដ្រ និងអាជីវកម្មរបស់យើង។ ចាប់ពីឆ្នាំ ២០២០ យើងទទួលយកកម្មវិធីបណ្ដុះបណ្ដាលអនឡាញដោយប្រើប្រាស់កម្មវិធី Google Classroom / Microsoft Teams និង Zoom ដើម្បីបន្តផ្ដល់កម្មវិធីបណ្ដុះបណ្ដាលអនឡាញដល់សមាជិក GMAC និងសិស្សកម្រិត Diploma។
ក្នុងអំឡុងពេលបិទខ្ទប់ថ្មីៗនេះ យើងបន្តប្រើប្រាស់កម្មវិធីអនឡាញទៅដល់តំបន់ និងរោងចក្រនានាដែលមិនរងផលប៉ះពាល់ដោយសារការបិទខ្ទប់ និងទទួលយកការងារធ្វើពីផ្ទះ ដោយមានការប្រើប្រាស់កម្មវិធី Cloud ដើម្បីស្តុកសម្ភារបណ្ដុះបណ្ដាលដែលអាចឱ្យគ្រូធ្វើការបណ្ដុះបណ្ដាលនៅក្នុងអំឡុងពេលដ៏ពិបាកនេះ។
វាពិបាកក្នុងអំឡុងស្ថានការណ៍បច្ចុប្បន្ន។ យើងបន្តដោយការទទួលយកប្រព័ន្ធរៀនសូត្រតាមរយៈការកែលម្អជាបន្តនូវលំហូរការងាររបស់យើង និងដំណើរការតាមរយៈមួយផ្នែកដោយការងារក្រៅឌីជីថល ដោយប្រើប្រាស់កម្មវិធី Google Classroom &Microsoft Teams។
យើងក៏ឆ្លៀតយកឱកាសនេះ ដើម្បីអភិវឌ្ឍវគ្គសិក្សាថ្មីៗ និងលើកកម្ពស់ជំនាញគ្រូបណ្ដុះបណ្ដាលផងដែរ។ ក្រុមការងារយើងបានបន្តទៅដល់សមាជិក GMAC និងបន្តផ្សព្វផ្សាយការបណ្ដុះបណ្ដាលអនឡាញ ទោះក្នុងអំឡុងពេលបិទខ្ទប់។ មួយផ្នែកនៃការងារនោះមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលយើងទើបបញ្ចប់គម្រោង Diploma ប្រកបដោយជោគជ័យកាលពីថ្ងៃទី ២១ ខែមេសា។
រោងចក្រជាច្រើនបានចៀសផុតពីផលប៉ះពាល់ តើវិទ្យាស្ថានបានរួមចំណែក ឬបន្តបេសកកម្មក្នុងការកែលម្អជំនាញរបស់ឧស្សាហកម្មដែរឬទេ?
កាលពីខែមករា ឆ្នាំ ២០២១ កម្មវិធី Diploma យើងត្រូវបានធ្វើឱ្យប្រសើរដល់កម្រិត Advance Diploma តាមរយៈ MoLVET ស្មើបរិញ្ញាបត្ររង។
ពេលនេះ យើងមានវគ្គសិក្សា ៧ បន្ថែមទៀតនឹងត្រូវបានទទួលស្គាល់ដោយ MoLVET នាដើមខែមិថុនាឆ្នាំនេះ។ នេះជាព្រឹត្តិការណ៍សំខាន់ផ្សេងទៀត ក្នុងការកែលម្អគុណភាពវគ្គសិក្សា និងសម្រេចបានតាមលក្ខខណ្ឌតម្រូវស្ដង់ដាជាតិ គឺ ១. ប្រតិបត្តិករផ្នែកដេរ ២. អ្នកត្រួតពិនិត្យផ្នែកដេរ ៣. មន្ដ្រីប្រតិបត្តិផ្នែកសុវត្ថិភាព ៤. មន្ដ្រីប្រតិបត្តិផ្នែកបរិស្ថាន ៥. វិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ៦. វិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មឧស្សាហកម្ម ៧. វិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកគុណភាព និងផលិតកម្ម។
ដើម្បីធានាវគ្គសិក្សាយើងមានសមត្ថភាព និងសម្រេចបានតាមស្ដង់ដាអន្តរជាតិ CGTI ដែលបានទទួលស្គាល់ដោយ ISO 17024:2015 ចាប់តាំងពីឆ្នាំ ២០២១ យើងក៏អញ្ជើញសាធារណជន និងក្រុមឯកជនដែលពាក់ព័ន្ធឱ្យចូលរួមក្នុង ISO Advisory Board របស់យើងមកពីក្រសួងការងារ TVET រោងចក្រ អ្នកទិញ និងអង្គការមិនមែនរដ្ឋាភិបាល។
រដ្ឋាភិបាលកម្ពុជាកំពុងឈានដល់ដំណាក់កាលចុងក្រោយនៃការធ្វើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនៃវិស័យកាត់ដេរ និងវាយនភណ្ឌដើម្បីបង្កើនជំនាញដល់កម្រិតបន្ទាប់។ តើអ្វីជាការប្ដេជ្ញាចិត្តរបស់លោកលើដំណើរការនោះ?
នៅមុនពេលរដ្ឋាភិបាលដាក់ឱ្យដំណើរការយុទ្ធសាស្ដ្រនេះ GMAC និង CGTI បានកំណត់ជំនាញដែលត្រូវការ និងការកែលម្អសម្រាប់វិស័យរបស់យើង។ នោះជាមូលហេតុដែលយើងអភិវឌ្ឍជំនាញប្រតិបត្តិករកាត់ដេរ/កម្រិតជំនាញប្រតិបត្តិករដេរដែលបានបញ្ជាក់ និងកម្មវិធីជំនាញអ្នកគ្រប់គ្រងកាត់ដេរ ប្រសិនបើល្អ ប្រសិនបើរដ្ឋាភិបាលអាចអនុម័តកម្មវិធីបណ្ដុះបណ្ដាលនេះជាស្ដង់ដាជាតិ ដើម្បីកំណត់កម្រិតសមត្ថភាពជំនាញសម្រាប់វិស័យយើង។
ដើម្បីបន្តគាំទ្រ និងធ្វើឱ្យជំនាញរបស់យើងក្នុងវិស័យនេះកាន់តែប្រសើរថ្មីៗនេះ CGTI បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ភាពជាដៃគូសាធារណៈ ឯកជន ជាមួយ DGTVET ដើម្បីបង្កើតកញ្ចប់ការបណ្ដុះបណ្ដាលស្ដង់ដា (STD) និងសកម្មភាពផ្សេងៗទៀត៕LA