ក្រុង​ស៊ាងហៃៈ ដោយ​សារ​​​បុគ្គ​លិក​លក្ខណៈ​​ផ្ទាល់​ខ្លួន ​និង​​ជំ​នាញលោក Daniel Zhang ដែល​ជា​អគ្គ​នា​យក​​ក្រុម​ហ៊ុន Alibaba នឹង​បើក​យុគ​សម័យ​ថ្មី​មួយ​​​សម្រាប់​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​​​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​របស់​ចិន​មួយ​​នេះ ​​នៅ​ពេល​លោក​ចូល​កាន់​តំណែង​​​​ជា​​អ្នក​ដឹក​នាំ​ទាំង​ស្រុង​​បន្ត​វេន​ពី​ស្ថាប​និក​ក្រុម​ហ៊ុន​លោក Jack Ma។​

កាល​ពី​ថ្ងៃ​ចន្ទ​លោក Ma បាន​ប្រកាស​​ថា ​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​ លោក​នឹង​ប្រ​គល់​តំណែង​ជា​ប្រ​ធាន​ប្រតិ​បត្តិ​របស់​​ក្រុម​ប្រឹក្សា​​របស់​ក្រុម​ហ៊ុន Alibaba ទៅ​​លោក Zhang ដែល​ជា​អគ្គ​នា​យក​​ក្រុម​ហ៊ុន​។ ​ ​​

លោក Zhang វ័យ ៤៦ ឆ្នាំ​​ ដែល​​ជា​គណ​នេយ្យ​ករ​មួយ​រូប​ ត្រូវ​បាន​ក្រុម​​អ្នក​វិ​ភាគ​លើក​ឡើង​ថា ​លោក​មាន​លក្ខណ​សម្បត្តិ​លើស​ពី​សមត្ថ​ភាព​ការ​ងារ​​នេះ។ លោក​បាន​​​​សិក្សា​ជំ​នាញ​ហិរញ្ញ​វត្ថុ​នៅ​សាកល​វិទ្យា​ល័យ​​ហិរញ្ញ​វត្ថុ​ និង​សេដ្ឋ​កិច្ច​​នៃ​ទី​ក្រុង​ស៊ាង​ហៃ​ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​មនុស្ស​​មាន​ចរិត​សុ​ភាព​រាប​សា។

លោក​គឺ​ជា​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៅ​ក្រុម​ហ៊ុន​សវន​កម្ម Price Waterhouse Coopers និង​ជា​ប្រ​ធាន​មន្រ្តី​ប្រតិ​បត្តិ​​​ក្រុម​ហ៊ុន​ហ្គេម​អន​ឡាញ​ចិន​​មួយ​​មុន​ពេល​ចូល​បម្រើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន Alibaba ក្នុង​ឆ្នាំ ២០​០​៧ ក្នុង​ឋានៈ​ជា​ប្រ​ធាន​មន្រ្តី​ហិរញ្ញ​វត្ថុ​ (COO) ផ្នែក​គេហ​ទំ​ព័រ​ទី​ផ្សារ​អន​ឡាញ​ Taobao។

លោក Zhang ​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ចំ​ពោះ​ការ​​ប្រែ​ក្លាយ​​គេហ​ទំ​ព័រ​ពាណិជ្ជ​កម្ម​អន​ឡាញ Tmall ដែល​បម្រើ​ជា​ទី​តាំង​មួយ​សម្រាប់​អ្នក​លក់ និង​អ្នក​ទិញ​ឲ្យ​ជួប​គ្នា​សម្រាប់​ប្រតិ​បត្តិ​ការ​​ទិញ​លក់​ឲ្យ​ទៅ​​ជា​អាជីវ​កម្ម​​ជោគ​ជ័យ​បំផុត​​របស់​​ក្រុម​ហ៊ុន Alibaba និង​បង្កើត​ឲ្យ​មាន​ថ្ងៃ​លក់​រាយ​ដ៏​ធំ​បំ​ផុត​របស់​ប្រ​ទេស ចិន ដែល​មាន​ឈ្មោះ​ថា «Singles'' Day» នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​​ជា​រៀង​រាល់​ឆ្នាំ។

ដោយ​​ចាប់​ផ្តើម​ដំបូង​​ក្នុង​ឆ្នាំ​ ២០​០៩ ដែល​ស្រ​ដៀង​ទៅ​នឹង​ថ្ងៃ​ «Black Friday» របស់​អា​មេ​រិក​ដែរ​នោះ ថ្ងៃ​លក់​រាយ «Singles'' Day» កាល​ពី​​ឆ្នាំ​មុន​បាន​ឃើញ​​ការ​ទិញ​លក់​ទំនិញ​​​លើ​គេហ​ទំព័រ​ពាណិជ្ជ​កម្ម​អន​ឡាញ​របស់​ក្រុម​ហ៊ុន Alibaba ក្នុង​ទឹក​ប្រាក់​ជាង ២៥ ពាន់​លាន​ដុល្លារ​ ​ដែល​​កើន​ឡើង​ជិត ​៤០ ភាគ​រយ​​​បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​​​ត្រូវ​បាន​នាំ​យក​មក​ក្នុង​ថ្ងៃ​លក់​រាយ​នេះ​​​តាម​រយៈ​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​​ដែលជា​​​គូ​ប្រជែង​​​​​របស់​ក្រុម​ហ៊ុន Alibaba ​ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ចូល​រួម​ក្នុង​ថ្ងៃ​លក់​រាយ​នេះ​ដែរ​។

លោក Zhang បាន​​ក្លាយ​ជា COO របស់​ក្រុម​ហ៊ុន Alibaba ក្នុង​ឆ្នាំ ២០១៣ និង​ជា​អគ្គ​នា​យក (CEO) ក្នុង​ឆ្នាំ​២០១៥។

ស្ថិត​ក្រោម​អា​ណត្តិ​របស់​លោក Zhang ក្រុម​ហ៊ុន Alibaba បាន​ផ្លាស់​ប្តូរ​ពី​ប្រតិ​បត្តិ​ការ​តាម​កុំ​ព្យូ​ទ័រ​ទៅ​ជា​ប្រតិ​បត្តិ​ការ​តាម​ទូរ​ស័ព្ទ​ដៃដែល​បច្ចុប្បន្ន​មាន​ជិត ៨០ ភាគ​រយ នៃ​ទំ​ហំ​ទំ​និញ​​សរុប។

ដោយ​ប្រាក់​ចំ​ណូល​កើន​ឡើង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Alibaba បាន​កើន​​ឡើង​ជិត ៩០ ភាគ​រយ។ បច្ចុប្បន្នក្រុម​ហ៊ុន​នេះ​គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំ​ណោម​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិ​ភព​លោក ដោយ​មាន​មូល​ធន​នីយ​កម្ម​ទី​ផ្សារ​ប្រ​ហែល ៤៣០ ពាន់​លាន​ដុល្លារ។

លោក Zhang គឺ​ជា​មនុស្ស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ មិន​ចូល​ចិត្ត​ប្រ​កួត​ប្រ​ជែង តែ​បណ្តុះ​បណ្តាល​ខ្លួន​​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​មិន​អាច​បំ​បាក់​បាន។

លោក Jeffrey Towson ដែល​ជា​អ្នក​និ​ពន្ធ​សៀវ​ភៅ និង​ជា​សាស្រ្តា​ចារ្យ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​​សាកល​វិទ្យា​ល័យ​ប៉េ​កាំង​បាន​ថ្លែង​ថា៖ «លោក Jack Ma មាន​​ភាព​ជា​អ្នក​ដឹក​នាំ​មួយ​ដែល​គួរ​ឲ្យ​ជឿ។ លោក Daniel Zhang មិន​មាន​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​​គាត់​ផ្តល់​បទ​សម្ភាស​ក្នុង​សន្និ​សីទ​​សារ​ព័ត៌​មាន គាត់​ឆ្លាត​ខ្លាំង​ណាស់។ វា​មិន​ដូច​ជា​អ្វី​ដែល​គាត់​មាន​សោះ»។

លោក Zhang ចូល​ចិត្ត​បាល់​បោះ និង​បាល់​ទាត់។ លោក​ត្រូវ​បាន​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​និ​យាយ​ថា ​ជា​អ្នក​គាំ​ទ្រ​ក្លិប​បាល់​ទាត់ Arsenal។

ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោកក្រុម​ហ៊ុន Alibaba បាន​វិនិ​យោគ​លើ​គំ​និត​ផ្តួច​ផ្តើម​ថ្មី​ផ្សេង​ៗ រួម​ទាំង​ហាង​លក់​រាយ​របស់ Alibaba ប្រព័ន្ធ​កុំព្យូ​ទ័រ​​ខ្លោដ ព័ត៌​មាន​ឌី​ជី​ថល វិ​ស័យ​លក់​គ្រឿង​ទេស ការ​ដឹក​ជញ្ជូន​អាហារ និង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម។

កាល​ពី​ខែ​សីហា ក្រុមហ៊ុន Alibaba ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ក្រុម​ហ៊ុន​កា​ហ្វេ Starbucks ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ទី​ផ្សារ​កា​ហ្វេ​ដែល​កំ​ពុង​​រីក​ចម្រើន​របស់​ប្រទេស​ ចិន ហើយ​​កាល​ពី​ខែ​មេសាក្រុម​ហ៊ុន​បាន​បញ្ចប់​ការ​ទិញ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អា​ហារ​​ចិន Ele.me និង​ទិញ​យក​ក្រុម​ហ៊ុន​ផ្សេង​ទៀត។

លោក Zhang បាន​ថ្លែង​ក្នុង​បទ​សម្ភាស​មួយ​នៅ​ដើម​ឆ្នាំ​នេះ​ថា៖ «ក្នុង​ពិភព​ជំនួញ ភាព​រំ​ភើប​មិន​ចេះ​ចប់ទេ ការ​ប្រ​កួត​ប្រ​ជែង​ក៏​មិន​ចេះ​ចប់​ដែរ។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​គ្រប់​វិ​នាទី​អ្នក​ចាំ​បាច់​ត្រូវ​បើក​ភ្នែក​នៅ​ពេល​ដេក។ អ្នក​ត្រូវ​បន្ត​រៀន​សូត្រ និង​ច្នៃ​ប្រឌិត»៕ AFP/PS