
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ជាមួយធនាគារ J Trust។ រូបថត ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញៈ ធនាគារ J Trust ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសជប៉ុន និងជាភាគទុនិកភាគច្រើនរបស់ធនាគារ ANZ Royal Bank នៅក្នុងប្រទេសកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ដើម្បីជួយសម្រួលការទូទាត់តម្លៃប្រតិបត្តិការនានាសម្រាប់ប្រជាជន។
ក្រុមគណៈប្រតិភូដែលដឹកនាំដោយលោកស្រី Hang Chuon Narita ប្រធានផ្នែកសាជីវកម្មធនាគារនៅធនាគារ J Trust Royal Bank បានជួប និងបង្ហាញផែនការនេះដល់លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃសុក្រ ស្របពេលដែលធនាគារនេះខិតខំប្រឹងប្រែងដើម្បីរួមចំណែកជួយសម្រួលដល់ការទូទាត់របស់ក្រសួងនេះ។
លោក ស៊ុន ចាន់ថុល បានស្វាគមន៍កិច្ចសហប្រតិបត្តិការនេះ ខណៈបច្ចុប្បន្នក្រសួងកំពុងសហប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនក្នុងការផ្ដល់តម្លៃសេវាសាធារណៈដែលកំពុងពេញនិយមនេះ។
លោកថ្លែងថា៖ «យើងបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុណាមួយនៅក្នុងប្រទេសកម្ពុជាក្នុងការផ្ដល់ជម្រើសសេវាកាន់តែប្រសើរ ដល់ប្រជាជនសម្រាប់ការទូទាត់តម្លៃសេវាសាធារណៈ ខណៈវាអាចសន្សំពេលវេលា និងកាត់បន្ថយការចំណាយមិនចាំបាច់សម្រាប់ប្រជាជន»។
លោកបានជំរុញឲ្យធនាគារសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) និងនាយកដ្ឋានទំនាក់ទំនងសាធារណៈ ដើម្បីបង្កើនល្បឿនបន្ថែមទៀតដល់ការងារនេះ ជុំវិញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់បណ្ដាញរវាងធនាគារ និងក្រសួង៕LA