ភ្នំពេញៈ ក្រុមហ៊ុន Japan Tobacco International (JTI) Cambodia ដែលជាក្រុមហ៊ុនចែកចាយបារីឈានមុខគេមួយនៅកម្ពុជាបានប្រកាសពីការចូលរួមជាថ្មីជាមួយសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) បន្ទាប់ពីការចាកចេញពីសមាគមនេះកាលពីពាក់កណ្ដាលឆ្នាំ ២០១៦។
ការចូលរួមជាថ្មីនេះបានកើតមានឡើងបន្ទាប់ពីមានការសន្យានាពេលថ្មីៗនេះពីសមាគម ATIC ថានឹងប្រយុទ្ធប្រឆាំងការលក់បារីខុសច្បាប់ និងផលិតផលក្លែងក្លាយ។
យោងតាមសេចក្ដីប្រកាសរបស់សមាគម ATIC សមាគមនេះបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំមួយកាលពីសប្ដាហ៍មុន ហើយបានសម្រេចចិត្តធ្វើកំណែទម្រង់តាមរយៈការធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហានានាដែលដាក់ឧស្សាហកម្មនេះក្នុងហានិភ័យដែលរួមមានការលក់បារីខុសច្បាប់ ផលិតផលក្លែងក្លាយ ផលិតផលដែលមិនមានរូបភាពព្រមានពីសុខភាព និងផលិតផលដែលមិនមានត្រាពន្ធស្របច្បាប់។
លោក Cormac O''Rourke អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន JTI Cambodia ដែលផលិតបារីរូប Camel បារី Winston និងបារី Mevius បានថ្លែងថាការចូលរួមជាថ្មីរបស់ក្រុមហ៊ុនជាមួយ ATIC នឹងជំរុញការប្ដេជ្ញាចិត្តក្នុងចំណោមសមាជិកទាំងអស់របស់សមាគមនេះ និងអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះឲ្យប្រកាន់ខ្ជាប់ទៅនឹងច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ ដើម្បីអត្ថប្រយោជន៍របស់ឧស្សាហកម្មទាំងមូល។
លោកមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មផលិតផលថ្នាំជក់ខុសច្បាប់គឺជាបញ្ហាប្រឈមដ៏ធំរបស់ឧស្សាហកម្មថ្នាំជក់ដែលកំពុងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ មិនគ្រាន់តែដល់ក្រុមហ៊ុនថ្នាំជក់តែមួយ ឬឧស្សាហកម្មទាំងមូលប៉ុណ្ណោះទេ តែថែមទាំងដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ»។
លោកបន្ថែមថា ការមានសំឡេងរួមគ្នាមួយពីឧស្សាហកម្មដែលដឹកនាំដោយ ATIC និងការគាំទ្រដោយការធ្វើអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការជួញដូរពាណិជ្ជកម្មខុសច្បាប់នឹងជាអត្ថប្រយោជន៍ល្អបំផុតសម្រាប់មនុស្សគ្រប់ៗគ្នា។
កាលពីខែកក្កដាឆ្នាំ ២០១៦ ក្រុមហ៊ុន JTI បានប្រកាសចាកចេញពីសមាគម ATIC ដោយសារតែសមាគមនេះបានបរាជ័យក្នុងការបង្កើត «កម្រិតស្មើភាពគ្នា» ដោយអនុញ្ញាតឲ្យមានការបន្តហូរចូលយ៉ាងច្រើននូវការនាំចូលបារីដែលមិនមានស្លាកសញ្ញាបម្រាមក្នុងទីផ្សារក្នុងស្រុក ទោះបីជាច្បាប់តម្រូវឲ្យបារីទាំងអស់ក្នុងទីផ្សារត្រូវដាក់រូបភាពក្រាហ្វិក និងស្លាកសញ្ញាព្រមាននៅលើកញ្ចប់បារីក៏ដោយ។
លោក Matt Naumann ប្រធានសមាគម ATIC បានថ្លែងថាសមាគម ATIC បានសម្រេចចិត្តធ្វើកំណែទម្រង់ធំៗចំពោះរចនាសម្ព័ន្ធរបស់ខ្លួន និងទិសដៅឆ្ពោះទៅរកការជំរុញឲ្យមានការអនុវត្តតាមច្បាប់នៅក្នុងឧស្សាហកម្មថ្នាំជក់សម្រាប់ «ស្ដង់ដាររបស់ឧស្សាហកម្មមួយ»។
លោកបន្ថែមថាវាឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងយុទ្ធសាស្ដ្ររបស់សមាគមដើម្បីធានាឲ្យមានកម្រិតស្មើភាពគ្នាក្នុងចំណោមអ្នករកស៊ីទាំងអស់ក្នុងឧស្សាហកម្មនេះ និងធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាដែលបានដាក់ឧស្សាហកម្មនេះឲ្យស្ថិតក្នុងហានិភ័យ។
ការសម្រេចចិត្តនៅពេលថ្មីៗនេះក្នុងការធ្វើកំណែទម្រង់របស់សមាគម ATIC បានធ្វើឲ្យមានការផ្លាស់ប្តូរសមាជិករបស់ខ្លួន។ យោងតាមសេចក្ដីប្រកាសរបស់ ATIC ក្រុមហ៊ុន Viniton Group Co., Ltd បានចាកចេញពីសមាគមនេះ ខណៈក្រុមហ៊ុន JTI បានចូលរួមវិញ។ នៅពេលនេះសមាជិករបស់សមាគម ATIC រួមមានក្រុមហ៊ុន PMI ក្រុមហ៊ុន Houtraco ក្រុមហ៊ុន BATC និងក្រុមហ៊ុន JTI។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ATIC កាលពីឆ្នាំ ២០១៧ ការធ្វើពាណិជ្ជកម្មខុសច្បាប់របស់បារីបានបន្តហូរចូលយ៉ាងច្រើនក្នុងទីផ្សារដែលមានប្រហែល ២០ ភាគរយនៃការលក់ទាំងអស់។ ផលិតផលទាំងនេះមិនមានសារព្រមានសុខភាព ឬបង់ពន្ធតាមច្បាប់ឡើយដោយធ្វើឲ្យរដ្ឋាភិបាលបានខាតបង់ប្រហែល ១០ លានដុល្លារពីប្រាក់ចំណូលពន្ធស្របច្បាប់៕ LA