
លោក វេង សាខុន អំឡុងពេលទស្សនា Kirisu Farm កាលពីសប្តាហ៍មុន។ រូបថត សហការី
ភ្នំពេញ: ក្រុមហ៊ុន Khmer Fresh Milk ដែលកំពុងវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ១ កន្លែងនៅលើផ្ទៃដីទំហំ ៣០០ ហិកតា ក្នុងខេត្តតាកែវ គ្រោងនឹងចាប់ផ្តើមពង្រីកការចែកចាយផលិតផលទឹកដោះគោខ្លួនទៅកាន់ផ្សារទំនើបធំៗទាំងអស់នៅក្នុងរាជធានីភ្នំពេញនៅសប្តាហ៍ខាងមុខនេះ។
Khmer Fresh Milk ជាក្រុមហ៊ុននៅក្នុងស្រុកដែលបានបណ្តាក់ទុន ១០ លានដុល្លារ លើការវិនិយោគកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ (Kirisu Farm) នឹងមានរោងចក្រកែច្នៃទឹកដោះគោស្រស់ផ្ទាល់ខ្លួនផងដែរ។
លោក ជី សិលា សហស្ថាបនិកក្រុមហ៊ុន Khmer Fresh Milk បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលនេះក្រុមហ៊ុនលោកបានចែកចាយផលិតផលទឹកដោះគោស្រស់ យ៉ាអួរស្រស់ និងប៊័រនៅផ្សារទំនើបបាយ័នក្នុងទីក្រុងភ្នំពេញរួចហើយ ហើយក្រុមហ៊ុនគ្រោងនឹងពង្រីកការចែកចាយបន្ថែមទៀតនៅសប្តាហ៍ក្រោយ។
លោកថ្លែងថា៖ «ផលិតផលរបស់យើងបានតាំងលក់នៅផ្សារទំនើបបាយ័នរួចហើយកាលពីពេលថ្មីៗនេះ។ ដោយមានការគាំទ្រកាន់តែច្រើនពីអតិថិជន យើងនឹងពង្រីកការចែកចាយផលិតផលរបស់យើងបន្តទៀតនៅតាមផ្សារទំនើបៗដូចជា ផ្សារឡាក់គី អ៊ីអន និងម៉ាក្រូ ជាដើមនៅក្នុងសប្តាហ៍ទី ២ ខែកញ្ញា នេះ»។
លោកឲ្យដឹងទៀតថា កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យនាំយកទឹកដោះគោសុទ្ធពីធម្មជាតិផលិតតាមបច្ចេកទេសកសិកម្មទំនើប និងការកែច្នៃចំណីអាហារតាមស្តង់ដាអនាម័យលំដាប់ពិភពលោកមកទីផ្សារកម្ពុជា។
លោកបន្តថា៖ «ផលិតផលរបស់យើងមានរសជាតិឆ្ងុយឆ្ងាញ់នឹងលក់ក្នុងតម្លៃសមរម្យ ឬទាបជាងតម្លៃទីផ្សារបន្តិច»។
បច្ចុប្បន្នកសិដ្ឋាន Kirisu Farm មានសមត្ថភាពផលិតទឹកដោះគោស្រស់បានចន្លោះពី ៥ ០០០ ទៅ ៦ ០០០ លីត្រក្នុង ១ ថ្ងៃ ហើយនឹងអាចផលិតបាន ១០ ០០០ លីត្រក្នុង ១ ថ្ងៃ នៅពេលដែលដំណើរការផលិតកម្មពេញលេញ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអំឡុងពេលទស្សនកិច្ចកសិដ្ឋាន Kirisu Farm កាលពីសប្តាហ៍មុនបាននិយាយថា គម្រោងវិនិយោគនេះបានចូលរួមចំណែកក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។
លោកថ្លែងថា៖ «គម្រោងនេះនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយមកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ»។
លោកបន្ថែមថា៖ «គម្រោងពិតជាបានបំពេញឲ្យខ្សែចង្វាក់ផលិតកម្មគ្រប់ជ្រុងជ្រោយស្របតាមឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញអភិវឌ្ឍវិស័យកសិឧស្សាហកម្មជាមួយវិស័យឯកជន ដើម្បីបង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចូលផលិតផលទឹកដោះ ធានាបាននូវអាហារូបត្ថម្ភដល់កុមារ»។
យោងតាមលោក គួច សុខលី នាយកចាត់ការទូទៅក្រុមហ៊ុន Khmer Fresh Milk ក្រុមហ៊ុនបាននាំចូលគោសម្រាប់ផលិតទឹកដោះពូជ Holstein heifers ចំនួន ៥៦០ ក្បាល ពីអូស្ត្រាលីក្នុងនោះគោចំនួន ៣០០ ក្បាល កំពុងផលិតទឹកដោះ។ ជាមធ្យមគោ ១ ក្បាល អាចផលិតទឹកដោះបានចំនួន ២០ លីត្រក្នុង ១ ថ្ងៃ។
ក្រៅពីកសិដ្ឋាន Kirisu Farm នៅកម្ពុជាបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ២ កន្លែងទៀតដែលកសិដ្ឋានទាំង ២ មានសមត្ថភាពផលិតទឹកដោះបានប្រមាណ ២ ០០០ លីត្រ ក្នុង ១ ថ្ងៃ៕LA