
ពិធីចុះហត្ថលេខារវាងលោកលោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុននៅទីក្រុងតូក្យូ(ខាងឆ្វេង) នឹងលោក Akitaka Seto អ្នកគ្រប់គ្រងទូទៅនៅការិយាល័យសាខានៅទីក្រុងតូក្យូរបស់ក្រុមហ៊ុន Kubota Construction កាលពីថ្ងៃទី ២០ ខែមេសា។kubota
ភ្នំពេញ៖ ក្រុមហ៊ុន Kubota Construction Co បានចុះកិច្ចព្រមព្រៀងគម្រោងតម្លៃ ២,៣៤ ពាន់លានយ៉េន (២១.៧ លានដុល្លារ) សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីខែមុន។
Kubota Construction ជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន Kubota Corporation ដែលបានប្រកាសកាលពីខែមុនថា ខ្លួនបានចុះកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកនៅទីក្រុងភ្នំពេញ កម្ពុជាជាការវិនិយោគរួមមួយជាមួយក្រុមហ៊ុន METAWATER Co., Ltd ។
លោក Akitaka Seto អ្នកគ្រប់គ្រងទូទៅនៅការិយាល័យសាខានៅទីក្រុងតូក្យូរបស់ក្រុមហ៊ុន Kubota Construction បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយលោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុននៅទីក្រុងតូក្យូកាលពីថ្ងៃទី ២០ ខែមេសា។
គម្រោងនេះគឺជាផ្នែកមួយនៃជំនួយឥតសំណង ODA ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលជប៉ុន និងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ ២០១៩។
ក្រុមហ៊ុននេះនឹងរួមចំណែកសម្រាប់ការអភិវឌ្ឍបរិយាស្ថានអនាម័យទឹកនៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកកម្ពស់បរិសា្ថនរស់នៅរបស់ប្រជាជនរបស់ប្រទេសនេះតាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មបង្ហូរទឹក ដោយប្រើប្រាស់បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជប៉ុន។
ទីក្រុងភ្នំពេញត្រូវបានចាត់ទុកថា ត្រូវការវិធានការផ្សេងទៀត ដែលរួមទាំងការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មប្រព័ន្ធបង្ហូទឹក ដោយសារតែសមត្ថភាពបន្សុទ្ធធម្មជាតិរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែបរិមាណប្រព័ន្ធបង្ហូរទឹក បណ្ដាលមកពីកំណើនការធ្វើនគរូបនីយកម្ម និងប្រជាជនក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ រួមជាមួយនឹងការរីកចម្រើនលើការចាក់ដីបំពេញបឹង វាល និងវាលភក់ជាច្រើន។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ក្នុងបរិបទនេះ រដ្ឋាភិបាលទីក្រុងភ្នំពេញបានអភិវឌ្ឍផែនការមេលើការកែលម្អប្រព័ន្ធលូ និងប្រព័ន្ធបង្ហូទឹក និងបានសម្រេចថា នឹងសាង់សង់រោងចក្រប្រព្រឹត្តិកម្មប្រព័ន្ធបង្ហូរទឹកនៅបឹងជើងឯក ដែលបន្សុទ្ធតាមបែបធម្មជាតិនូវទឹកកខ្វក់ចំនួនច្រើនសម្រាប់ទីក្រុងនេះ»។
ការសាងសង់រោងចក្រប្រព្រឹត្តិកម្មប្រព័ន្ធលូដែលអាចបូមទឹកកខ្វក់ប្រមាណ ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្ដាញបំពង់បង្ហូទឹកប្រវែង ១,៩ គីឡូម៉ែត្រ។
ការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មប្រព័ន្ធបង្ហូទឹកនេះនឹងអាចឲ្យប្រព្រឹត្តិកម្មទឹកកខ្វក់ត្រឹមត្រូវនៅក្នុងខ័ណ្ឌដែលអាចអនុវត្តបានរបស់ទីក្រុងភ្នំពេញ ខណៈដែលកាត់បន្ថយការបំពុលនៅអាងទឹកបឹងជើងឯក។
ការអភិវឌ្ឍនេះនឹងរួមចំណែកដល់ការកែលម្អបរិស្ថានទឹក និងអនាម័យនៅក្នុងសង្កាត់ដែលជាប់ពាក់ព័ន្ធ និងដើម្បីលើកកម្ពស់បរិស្ថានរស់នៅរបស់ប្រជាជនពួកគេ។
ការសាងសង់នឹងចាប់ផ្ដើមនៅខែមេសា ហើយរោងចក្របង្ហូទឹកនេះគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ ២០២៣៕LA