
លោក ជា ចាន់តូ ថ្លែងក្នុងកម្មវិធីការដាក់ឱ្យចរាចរប្រាក់ «រៀល» នាពេលកន្លងមក។ ហ៊ាន រង្សី
ភ្នំពេញ: លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) ថ្លែងថា ប្រព័ន្ធធនាគារត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ស្របតាមនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និងបានរួមចំណែកស្នូលក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, គាំទ្រកំណើនសេដ្ឋកិច្ច, លើកកម្ពស់បរិយាប័ន្នសេដ្ឋកិច្ច និងសង្គម និងកាត់បន្ថយភាពក្រីក្រ។
ការលើកឡើងនេះបានធ្វើឡើងកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ក្នុងពិធីប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី ៤១ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០២០) នៅអគារធនាគារជាតិនៃកម្ពុជា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបានថ្លែងថា សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៤១ ឆ្នាំនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់បានស្ថាបនាឡើង និងថែរក្សារហូតមកដល់បច្ចុប្បន្ន។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រព័ន្ធធនាគារក៏បានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងប្រតិបត្តិការ ជាពិសេសសម្រាប់ការទូទាត់ដែលបានលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុកម្ពុជាជាលំដាប់។ ជាក់ស្តែង ប្រជាជនពេញវ័យដែលទទួលបានសេវាហិរញ្ញវត្ថុផ្លូវការកើនឡើងដល់ប្រមាណជាង ៧០% ធៀបនឹង ២ ទសវត្សរ៍មុន (តិចជាងប្រមាណ ១០% ប៉ុណ្ណោះ)។
លោក សាយ សូនី នាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឱ្យដឹងថា គ្រឹះស្ថានរបស់លោកបាននិងកំពុងធ្វើឱ្យប្រសើរឡើងដើម្បីចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ដើម្បីបំពេញគម្លាតរបស់ប្រជាជនដែលមិនបានទទួលសេវាធនាគារ។
លោកថ្លែងថា៖ «ជាទូទៅ យើងអាចមើលឃើញការអភិវឌ្ឍយ៉ាងរហ័សក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ហើយដោយសារតែការរីករាលដាលជំងឺកូវីដ១៩ នៅពេលបច្ចុប្បន្ន យើងអាចមើលឃើញ FIs ភាគច្រើនដាក់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងអាទិភាពរបស់ពួកគេ។ ការណ៍នេះនឹងចាប់ផ្ដើមពីប្រព័ន្ធធនាគារស្នូលដល់ប្រព័ន្ធផ្លាស់ប្តូរ ព្រមទាំងកម្មវិធីទូទាត់ផងដែរ ពីសេវាឥណទានដល់សេវាធនាគារផ្សេងទៀត»។
លោក សូនី បន្តថា៖ «យើងអាចនិយាយបានថា បច្ចេកវិទ្យាហិរញ្ញវត្ថុជួយពួកយើងបានច្រើន សម្រាប់ការសម្រេចចិត្ត និងកែលម្អគុណភាពសេវារបស់យើង»។
លោក ប៉ែន ចិន្តា អគ្គនាយក Cambodia Association of Fintech and Technology (CAFT) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មរីកចម្រើនរហ័សជាច្រើននៅក្នុងប្រទេសកម្ពុជា និងបានធ្វើឱ្យសេវា និងផលិតផលហិរញ្ញវត្ថុមានលទ្ធភាពទទួលបាន និងមានតម្លៃទាបដល់មហាជន។
លោកបញ្ជាក់ថា ការទទួលបានឌីជីថលចំពោះផលិតផល និងសេវាទាំងនេះបានត្រួសត្រាយផ្លូវសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុកាន់តែច្រើនរបស់ប្រជាជនកម្ពុជា។
លោកបន្ថែមថា៖ «ដោយមានការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជានៃគ្រឹះស្ថានសេវាទូទាត់របស់យើង យើងកំពុងសម្លឹងមើលអនាគតកាន់តែភ្លឺស្វាងដែលបច្ចុប្បន្នប្រជាជនដែលមិនទទួលបានសេវាធនាគារ មានលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងរបៀបមិនមែនលក្ខណៈប្រពៃណី»។
បើយោងតាមលោក ជា ចាន់តូ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អត្រាអតិផរណាត្រូវបានគ្រប់គ្រងឱ្យមានកម្រិតទាបប្រមាណ ២,៥% ជាមួយនឹងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤.០៥០ រៀលក្នុង ១ ដុល្លារអាមេរិក ស្របពេលដែលទុនបម្រុងអន្តរជាតិដុលត្រូវបានគរពូនឱ្យមានកម្រិតខ្ពស់ជាលំដាប់រហូតដល់ ២០ ប៊ីលានដុល្លារអាមេរិកស្មើនឹងប្រមាណ ១០ ខែនៃការនាំចូលទំនិញ និងសេវា ដែលខ្ពស់ជាង ៣ ដងនៃកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ ខែ)។
លោកថា ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាងឆាប់រហ័សពីប្រមាណត្រឹមតែ ០,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ១៩៩៨ ដល់ ៥៦ ប៊ីលានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន គឺកើនឡើងប្រមាណ ១១២ ដង។ ឥណទានប្រព័ន្ធធនាគារដែលត្រូវបានបែងចែកទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងប្រាក់បញ្ញើក្នុងស្រុកបានកើនឡើង ១៦៥ ដង ប្រហាក់ប្រហែលគ្នាគឺពីចំនួនប្រមាណតែ ០,២ ប៊ីលានដុល្លារអាមេរិក ដល់ជាង ៣៣ ប៊ីលានដុល្លារអាមេរិក៕