ភ្នំពេញៈ Renaissance Minerals (Cambodia) Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources NL ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ប្រទេស​អូស្ដ្រាលី​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ខ្លួន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាងសង់​រោងចក្រ​កែច្នៃ​ក្នុង​គម្រោង​រ៉ែ​មាស​អូរខ្វាវ ខេត្តមណ្ឌលគិរី​។ បើទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្កឱ្យ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ក៏ដោយ ក៏​ក្រុមហ៊ុន​នេះ​រំពឹង​ថា នឹង​អាច​ទាញយក​រ៉ែ​មាស​បាន​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។

លោក Bernie Cleary ប្រធាន​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បាន​សរសេរ​មក​កាន់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​នាំចូល​ឧបករណ៍​សម្រាប់​រោងចក្រ​កែច្នៃ ដែល​រួមមាន​ឧបករណ៍​ឯកទេស​ប្រើប្រាស់​ក្នុង​ការរុករក​រ៉ែ ឧបករណ៍​កាយ​ដី​ធុន​ធ្ងន់ ឧបករណ៍​កម្ទេច​ថ្ម និង​ទាញយក​រ៉ែ​មាស​។

លោក​សរសេរថា​៖ «​រោងចក្រ​រ៉ែ​ប្រភេទ​នេះ គឺជា​លើកដំបូង​ដែល​ត្រូវបាន​កសាង​នៅ​កម្ពុជា បន្ទាប់ពី​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការរុករក និង​ការអនុវត្តតាម​ដំណើរការ​ដ៏ហ្មត់ចត់​នៃ​ការវាយតម្លៃ​លម្អិត​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ត្រូវបាន​បញ្ចប់ ដើម្បី​ធានា​មិនមាន​ការខាតបង់​ចំពោះ​បរិស្ថាន ឬ​ផលប៉ះពាល់​អវិជ្ជមាន​លើ​សហគមន៍​»​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​ទទួលបាន​ការអនុញ្ញាត​ផ្នែក​បរិស្ថាន​ពេញលេញ​ពី​ក្រសួង​បរិស្ថាន​ក្នុង​ឆ្នាំ​ ២០១៧ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​ឆ្នាំ​ ២០១៨ កិច្ចព្រមព្រៀង​វិនិយោគ​រ៉ែ​កាលពី​ចុងឆ្នាំ​ ២០១៩ ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

លោក Morgan Hart ប្រធាន​ផ្នែក​គ្រប់គ្រង​ក្រុមហ៊ុន Emerald បានឱ្យដឹង​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ចុងខែ​កញ្ញា​ថា ក្នុងអំឡុង​ត្រីមាស​ទី​ ៣ ក្រុមហ៊ុន​បាន​បន្ត​ជំរុញ​សកម្មភាព​អភិវឌ្ឍន៍​នៅ​គម្រោង​រ៉ែ​អូរខ្វាវ​ជាមួយ​ការរីកចម្រើន​ក្នុង​ការពិនិត្យ​ដែកថែប គ្រឿង​បង្គុំ​មេកានិក និង​អគ្គិសនី​សំខាន់ៗ​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីតាំង ស្រប​នឹង​ការកំណត់​ពេលវេលា​ការអភិវឌ្ឍ​គម្រោង​នេះ​។

លោក​លើកឡើង​ថា​៖ «​ការអភិវឌ្ឍ​រ៉ែ​មាស​អូរខ្វាវ​ត្រូវ​បាន​កំណត់​ពេលវេលា​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​តាម​រដូវ​។ ការអភិវឌ្ឍ​គម្រោង​នេះ​បាន​រីកចម្រើន​គួរឱ្យ​កត់សម្គាល់ ស្រប​នឹង​ការរំពឹងទុក​ក្នុងអំឡុង​ «​រដូវវស្សា​» ចាប់ពី​ខែ​មិថុនា​ដល់​ខែតុលា​»​។

ក្រុមកម្មករ​ថត​ពីមុខ​គ្រឿងចក្រ​របស់​គម្រោង​រ៉ែ​មាស​អូរខ្វាវ​។ សហការី

លោក​ថ្លែងថា តុល្យភាព​នៃ​សកម្មភាព​ការសាងសង់​តាមរយៈ​ការអនុវត្ត​ការងារ និង​ការផលិត​រ៉ែ​មាស​លើកដំបូង​នឹងត្រូវ​បញ្ចប់​ជាមួយនឹង​អត្ថប្រយោជន៍​បន្ថែម​នៃ​ការកើតឡើង​ក្នុង​អំឡុងពេល «​រដូវប្រាំង​»​។

លោក​បាន​បន្តថា​៖ «​ស្ដង់ដា​ពិសេស​ដែល​ក្រុម​របស់​យើង​ខិតខំ​ប្រឹងប្រែង​នឹង​កំណត់​នៅក្នុង​ប្រទេស​នេះ​ទាក់ទង​នឹង​ពិធីសារ​សមរម្យ ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​បុគ្គលិក ក្រុមហ៊ុន​ម៉ៅការ និង​ភាគី​ពាក់ព័ន្ធ ជាពិសេស​នៅក្នុង​អំឡុងពេល​បញ្ហា​ប្រឈម​ជំងឺ​កូវីដ ទូទាំង​ពិភពលោក គឺជា​កត្តា​ដ៏សំខាន់​ចំពោះ​ក្រុមហ៊ុន Emerald ក្នុង​ការអនុលោម​តាម​គោលការណ៍​របស់​យើង​»​។

យោង​តាម​លោក Bernie អណ្ដូងរ៉ែ​នេះ នឹង​ផលិត​រ៉ែ​មាស​បាន ១០៦ ០០០ អោនស៍ ក្នុង​ ១ ​ឆ្នាំ និង​រយៈពេល​រុករក​រ៉ែ​មាស​ដំបូង​ជាង ៧ ​ឆ្នាំ​នឹង​បង់ពន្ធ និង​សួយសារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Emerald បានបញ្ចប់​កាលពី​ខែកញ្ញា គម្រោង​រ៉ែ​មាស​អូរខ្វាវ​បាន​ទទួលបាន​មូលនិធិ​ពេញលេញ​ចំនួន ៩៨ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​រ៉ែ​មាស​បន្ត «​តាម​ពេលវេលា​តាម​ថវិកា​» និង​ការផ្ដល់​សាច់ប្រាក់​ជារួម​កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២០ មាន​ប្រហែល​ ១០៩ ​លាន​ដុល្លារ​អូស្ដ្រាលី​។ របាយការណ៍​នេះ​បន្តថា​៖ «​ក្រុមហ៊ុន Emerald នៅតែ​ទទួលបាន​មូលនិធិ​ពេញលេញ ដើម្បី​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​នេះ​ជាមួយ​នឹង​យថាភាព​បន្ថែម​»៕LA