ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រមូលប្រាក់ចំណូលជាង ៦ លានដុល្លារពីដីសម្បទានសេដ្ឋកិច្ច (ELC) ជាង ១ លានហិកតា។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្មចេញផ្សាយនៅសប្ដាហ៍នេះ។
ចំនួននេះត្រូវបានរិះគន់ដោយអង្គការមិនមែនរដ្ឋាភិបាល (NGO) ដោយលើកឡើងថា វាស្ទើរតែមិនបានផ្ដល់អ្វីសោះដល់អត្ថប្រយោជន៍សេដ្ឋកិច្ច។
តួលេខដែលចេញផ្សាយថ្មីៗនៅសប្ដាហ៍នេះបានពីក្រសួងកសិកម្ម បង្ហាញថា រដ្ឋាភិបាលបានអនុម័តបន្តសុពលភាព LEC សរុប ១ ១៧៨ ៦៤៦ ហិកតាដល់ក្រុមហ៊ុន ២២៩ ទូទាំងប្រទេសដែលប្រមូលចំណូលបានពីថ្លៃជួល ៦,៦៤ លានដុល្លារ។
មន្ដ្រី NGO បានឲ្យដឹងថា ប្រាក់ចំណូលបានពីដីសម្បទានវាស្ទើរតែគ្មានតម្លៃ បើប្រៀបធៀបនឹងតម្លៃនៃផលប៉ះពាល់ ឬការខាតបង់ធនធានធម្មជាតិដោយជំរុញឲ្យក្រសួងកសិកម្ម គួរតែបង្កើនតម្លៃផ្អែកតាមតម្លៃទីផ្សារ។
លោក សន ជ័យ ប្រធានសម្ព័ន្ធគណេយ្យភាពសង្គម NGO បានឲ្យដឹងថា ប្រសិនបើធ្វើការគណនា ចំនួននេះគឺ ៥ ដុល្លារប៉ុណ្ណោះក្នុងមួយហិកតាជាមធ្យម ដែលផ្ដល់អត្ថប្រយោជន៍តិចបំផុតដល់សេដ្ឋកិច្ច ខណៈការចំណាកស្រុកចេះតែបន្តកើនឡើង។
លោកថ្លែងថា៖ «អ្វីដែលរដ្ឋាភិបាលកំពុងធ្វើលើការផ្តល់ដីសម្បទានអភិវឌ្ឍកសិកម្ម មិនបានផ្ដល់ផលចំណេញដល់អ្វីដែលយើងបានខាតបង់នោះទេ ហើយមិនផ្ដល់អត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាផងដែរ ខណៈប្រជាជនរបស់យើងបន្តទៅធ្វើការងារនៅបរទេស»។
លោក ជ័យ បានបន្ថែមថា៖ «ក្រុមហ៊ុនមួយចំនួន គ្រាន់តែមកឈូសឆាយដីព្រៃ ដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះ ហើយបន្ទាប់មកបញ្ឈប់ប្រតិបត្តិការតែម្ដង»។
ទោះបីយ៉ាងនេះក្តីមន្ដ្រីក្រសួង បានច្រានចោលចំពោះការលើកឡើងនេះ ដោយបញ្ជាក់ថា ប្រយោជន៍មិនមែនគ្រាន់តែតម្លៃជួលនោះទេ ហើយរដ្ឋាភិបាលបានទទួលអត្ថប្រយោជន៍ច្រើនពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងនោះ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងថា៖ «មានអត្ថប្រយោជន៍ពន្ធច្រើនដល់ប្រទេស ដែលមិនមែនពឹងផ្អែកលើដីសម្បទានតែមួយនោះទេ»។
លោកបានបន្តថា៖ «តម្លៃឈ្នួលពីដីសម្បទានត្រូវផ្អែកលើសកម្មភាពនៃប្រតិបត្តិការពាណិជ្ជកម្ម ហើយមិនត្រឹមត្រូវនោះទេ បើយើងគណនាដោយផ្អែកលើទំហំដី និងប្រាក់នោះ»។
លោកឲ្យដឹងថា ក្រុមហ៊ុន ២២៩ ដែលបានទទួល ELC ពីរដ្ឋាភិបាលគឺជាក្រុមហ៊ុនសកម្មខ្លាំងបំផុតក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
លោកបន្ថែមថា ក្រុមហ៊ុនទាំងនេះបានដាំដុះរួចហើយលើផ្ទៃដី ៤៣៨ ២៥០ ហិកតា និងឈូសឆាយដី ៥១៥ ៧០១ ហិកតា ដោយផ្ដល់ការងារ ៦៤ ១១៩ នាក់។
លោក ស្រី វុឌ្ឍី បានឲ្យដឹងថា ក្រសួងបានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន ២៤៨ ដែលអសកម្ម បន្ទាប់ពីការទទួលបាន ELC។ លោកបញ្ជាក់ថា៖ «យើងតែងតែអង្កេត និងតាមដានមើលការរីកចម្រើនរបស់ក្រុមហ៊ុនដែលបានដីសម្បទានដូចម្ដេចហើយ?»។
លោកបន្តថា៖ «ប្រសិនបើក្រុមហ៊ុនមួយចំនួនជួបនឹងបញ្ហាប្រឈម ឬបញ្ហាមូលហេតុហិរញ្ញវត្ថុ យើងអាចសម្របសម្រួល ប៉ុន្តែក្រុមហ៊ុនមួយចំនួនអសកម្ម យើងបានដកអាជ្ញាប័ណ្ណរួចហើយ»។
លោកបានបន្ថែមថា៖ «យើងត្រូវការក្រុមវិនិយោគិនអន្តរជាតិ ដើម្បីធ្វើការងារជាមួយក្រុមវិនិយោគិនក្នុងស្រុករបស់យើង ហើយដីសម្បទានទាំងអស់គឺជាផ្នែកមួយនៃការចែករំលែកពីវិនិយោគិនក្នុងស្រុកផងដែរ»។
លោក សន ជ័យ បានឲ្យដឹងថា រដ្ឋាភិបាលគួរតែរៀបចំ ឬគ្រប់គ្រងឡើងវិញ ដើម្បីបង្កើនតម្លៃសម្រាប់ ELC ខណៈដីនៅកម្ពុជាមានសក្ដានុពលខ្ពស់សម្រាប់វិស័យកសិកម្ម។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរតែបង្កើនមូលដ្ឋានតម្លៃលើផលប៉ះពាល់បរិស្ថាន និងការអង្កេតទីផ្សារបច្ចុប្បន្ន និងបើកចំហការដេញថ្លៃជាសាធារណៈ សម្រាប់ការស្វែងរកក្រុមវិនិយោគិនមានសក្ដានុពល ដើម្បីធ្វើឲ្យវិស័យនេះអភិវឌ្ឍល្អប្រសើរ និងផ្ដល់ប្រាក់ចំណេញសម្រាប់ប្រជាជន»។
លោកថ្លែងថា៖ «ក្រុមវិនិយោគិនក្នុងស្រុក ក៏មានសក្ដានុពលសម្រាប់ការវិនិយោគផ្នែកកសិកម្មផងដែរ ដែលយើងគួរតែលើកទឹកចិត្ត»៕LA