ភ្នំពេញៈ ក្រុមហ៊ុន Hite Jinro Co ដែលជាក្រុមហ៊ុនផលិតស្រា Soju របស់កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនគ្រោងបើកទីផ្សារសាកល្បងនៅក្នុងប្រទេសកម្ពុជា មុននឹងចូលមកប្រតិបត្តិការបើកហាងលក់ ខណៈក្រុមហ៊ុននេះមានហាងលក់មួយចំនួនហើយនៅប្រទេសអាស៊ាន។ នេះបើយោងតាមទីភ្នាក់ងារ យន់ហាប់ របស់កូរ៉េឲ្យដឹងនៅថ្ងៃនេះ។
មន្ដ្រីក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនផលិតស្រាយីហោ Soju នេះនឹងចូលមកតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងដែលការលក់កំពុងកើនឡើងនៅក្នុងល្បឿនដ៏រហ័ស។ នេះបើយោងតាមសេចក្តីរាយការណ៍។
ក្រុមហ៊ុន Hite Jinro Co បានឲ្យដឹងថា ខ្លួននឹងបើកសាខាបន្ថែមទៀតនៅក្នុងតំបន់នេះ ដើម្បីជំរុញដល់ការលក់ផលិតផលស្រា Soju របស់ខ្លួន។
សាខាទី ២ នៅប្រទេសវៀតណាម ត្រូវបានបើកនៅក្នុងទីក្រុងហូជីមិញ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃអាជីវកម្មនៅក្នុងប្រទេសនេះ ហើយសាខាថ្មីមួយកំពុងដំណើរការសម្រាប់ប្រទេសហ្វីលីពីន។
សេចក្តីរាយការណ៍ឲ្យដឹងថា «ហាងដើម្បីតេស្តទីផ្សារ» នឹងបើកដំណើរការនៅក្នុងប្រទេសកម្ពុជាឆាប់ៗដើម្បីសាកល្បងទីផ្សារជាមុន។
ការលក់ស្រា Soju របស់ក្រុមហ៊ុន Hite Jinro នៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងពី ៤,៩ លានដុល្លារកាលពីឆ្នាំ ២០១៥ ដល់ ៦ លានដុល្លារកាលពីឆ្នាំ ២០១៦។ ការលក់នេះបានកើនឡើងបន្ថែមទៀតដល់ ៨,៨ លានដុល្លារកាលពីឆ្នាំមុន ដែលកើនឡើង ៤៦,៧ ភាគរយធៀបនឹងឆ្នាំ ២០១៦។
មន្ដ្រីថ្លែងថា៖ «ការទទួលស្គាល់ស្រា soju របស់អតិថិជនគឺខ្ពស់ខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍»។ លោកបន្តថា៖«តំបន់នេះកំពុងអភិវឌ្ឍជាប្រភពប្រាក់ចំណេញថ្មីសម្រាប់ឧស្សាហកម្មនេះ»៕LA