ក្រុងប៉េកាំងៈ ធនាគារ​កណ្ដាល​ប្រជាជន​ចិន (PBoC) បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​នឹង​ទម្លាក់​អនុបាត​ទុនបម្រុង​កាតព្វកិច្ច (RRR) សម្រាប់​ធនាគារ​ភាគច្រើន​ចំនួន ០,៥០ ភាគរយ ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ការផ្ដល់​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​តូចៗ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កើនឡើង​។

ធនាគារកណ្តាល​ចិន​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា វិធានការ​កាត់បន្ថយ​បរិមាណ​សាច់ប្រាក់​ដែល​ធនាគារ​ត្រូវ​តែ​រក្សាទុក​ធ្វើ​ជា​ទុនបម្រុង​នេះ​នឹង​បញ្ចេញ​មូលនិធិ​សរុប​ចំនួន ៧០០ ពាន់​លាន​យន់ (១០៨ ពាន់​លាន​ដុល្លារ​) នៅក្នុង​ធនាគារពាណិជ្ជ និង​ធនាគារ​ធំៗ​របស់​រដ្ឋ​។

គោលនយោបាយ​នេះ​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃទី​ ៥ ខែ​កក្កដា​មួយ​ថ្ងៃ​មុនពេល​ពន្ធ​នាំចូល​ថ្មី​របស់​អាមេរិក​គ្រោង​នឹង​ដកហូត​ពន្ធ​លើ​ការនាំ​ចូល​របស់​ប្រទេស​ចិន​ដែល​មាន​តម្លៃ ៣៤ ​ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់ ១៦ ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ត្រូវ​បាន​កំណត់​ទិសដៅ​សម្រាប់​ពន្ធ​នៅពេល​អនាគត​។

ក្រុម​អ្នក​វិភាគ​ឲ្យ​ដឹងថា ចក្ខុវិស័យ​ពន្ធ​នាំ​ចូល​រួមជាមួយ​ទិន្នន័យ​សេដ្ឋកិច្ច​មិន​​រឹងមាំ​កាលពី​ខែ​មុន​បាន​បណ្ដាល​ឲ្យ​ធនាគារ​កណ្ដាល​ចិន​ចាត់​វិធានការ​បន្ធូរបន្ថយ​គោលនយោបាយ​នេះ​។

លោក Ting Lu ប្រធាន​សេដ្ឋវិទូ​ចិន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ធនាគារ​វិនិយោគ Nomura បាន​ឲ្យ​ដឹង​ក្នុង​កំណត់ហេតុ​មួយ​ថា​៖ «​វា​បញ្ជូន​សញ្ញា​ដ៏រឹងមាំ​មួយ​នៃ​ការបន្ធូរបន្ថយ​របស់​គោលនយោបាយ​ពី​សំណាក់​ក្រុមប្រឹក្សារដ្ឋ និង​ធនាគារកណ្តាល​ចិន​»​។

លោក Ting Lu មាន​ប្រសាសន៍​ថា​៖ «​យើង​ជឿជាក់​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ហើយ​ស្ថានការ​អាច​កាន់តែ​អាក្រក់​ខ្លាំង មុន​ពេល​មាន​ភាពប្រសើរ​ឡើង​វិញ​»​។

ធនាគារ​កណ្ដាល​ចិន​បាន​ឲ្យ​ដឹង​ថា ធនាគារ​នឹង​ប្រើប្រាស់​មូលនិធិ​ដោយ​មិន​មាន​ការ​រឹតបន្តឹង ដោយសារ​ការកាត់បន្ថយ​អនុបាត​ទុនបម្រុង​កាតព្វកិច្ច​នេះ នឹង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​តូចៗ និង​គាំទ្រ​ដល់ «​ការដោះដូរ​បំណុល​ទៅជា​ភាគហ៊ុន​»​។

និយតករ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដោះដូរ​បំណុល​ទៅជា​ភាគហ៊ុន ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​លើ​ក្រុមហ៊ុន​ជំពាក់​បំណុល​ច្រើន​របស់​ប្រទេស​ចិន​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ការ​ដោះដូរ​នានា​មិន​ទាន់​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ​៕ LA