
ភ្ញៀវកិត្តិយសដែលបានចូលរួមបើកសាខាថ្មីរបស់ធនាគារ FTB ម្សិលមិញ។ សហការី
ភ្នំពេញ: ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) កាលពីថ្ងៃម្សិលមិញបានបើកសាខាថ្មីមួយទៀតនៅខេត្តកណ្តាល ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ។
សាខាថ្មីនេះមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល FTB បានថ្លែងថា ការពង្រីកសាខាថ្មីមួយទៀតនេះបានបង្កើនចំនួនសាខារបស់ធនាគារសរុបរហូតដល់ ១៤ ដែលមាននៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប បាត់ដំបង កំពង់ចាម។
លោកបន្តថា ក្រុងតាខ្មៅជាក្រុងមួយដែលនៅជិតទីក្រុងភ្នំពេញ និងពោរពេញដោយសក្តានុពលអភិវឌ្ឍន៍ និងទីផ្សារខ្ពស់។ លោកថ្លែងថា៖ «សាខាថ្មីនៅក្រុងតាខ្មៅរបស់ FTB នឹងផ្តល់ជូននូវជម្រើសថ្មីមួយទៀតដល់អតិថិជនទាំងអស់ជាដៃគូធនាគារក្នុងស្រុកដែលជាទីទុកចិត្ត រឹងមាំ និងឈានមុខមួយ ហើយសាខានេះនឹងផ្តល់ជូនផលិតផល សេវាកម្មហិរញ្ញវត្ថុសម្បូរបែបរួមមានសេវាសន្សំ ប្រាក់បញ្ញើ សេវាទូទាត់ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក និងសេវាកម្មមួយចំនួនទៀត»។
លោកបន្តថា តាមរយៈផលិតផល និងសេវាហិរញ្ញវត្ថុទំនើបសម្បូរបែបពីសាខាថ្មីនេះនឹងបន្តចូលរួមជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ សកម្មវិនិយោគ ធុរកិច្ច សេដ្ឋកិច្ច និងទីផ្សារក្នុងស្រុក ជាពិសេសនឹងចូលរួមជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅផ្ទាល់។
លោកថ្លែងថា៖ «FTB កំពុងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ច្នៃប្រឌិត ផលិតផល និងបណ្តាញចែកចាយរបស់ខ្លួនតាមរយៈការចាប់យកបច្ចេកវិទ្យាថ្មីៗចុងក្រោយ និងសេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល»។ លោកបន្តថា៖ «FTB ក៏នឹងបន្តលើកកម្ពស់ការបម្រើសេវាអតិថិជនឲ្យកាន់តែប្រសើរឡើងដើម្បីគាំទ្រអតិថិជនដៃគូក្នុងស្រុកទាំងអស់ឲ្យកាន់តែរីកចម្រើនថែមទៀត»។
លោកបន្ថែមថា FTB បានប្រតិបត្តិការជាង ៤០ ឆ្នាំ នៅកម្ពុជាដែលបានបង្កើតឡើងនៅខែតុលា ឆ្នាំ ១៩៧៩។ គិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២០ FTB មានទំហំទ្រព្យសកម្មសរុប ១ ៥១៥ លានដុល្លារ។
របាយការណ៍ធនាគារជាតិនៃកម្ពុជាបង្ហាញថា បច្ចុប្បន្នធនាគារពាណិជ្ជកម្មមានចំនួន ៤៥ នៅកម្ពុជា៕LA