ក្រុងស៊ីដនីៈ មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់ ៦ រូប​ដែល​កំពុង​ស្ថិត​ក្នុង​មុខតំណែង និង​អតីត​មកពី​ធនាគារ​ធំៗ​ដូចជា Deutsche Bank ធនាគារ Citigroup និង​ធនាគារ ANZ កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​ចោទប្រកាន់​ដោយ​ព្រះរាជអាជ្ញា​សហព័ន្ធ​ប្រទេស​អូស្ត្រាលី​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​លក្ខណៈ​ជា​ក្រុម តាមរយៈ​ការប្រមូល​មូលធន​រាប់​ពាន់​លាន​ដុល្លារ​។

ការចោទប្រកាន់​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ធនាគារ​ឈាន​មុខ​គេ​របស់​ប្រទេស​អូស្ត្រាលី​ទាំង​នោះ​ប្រឈម​នឹង​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅ​លើ​​ឥរិយាបថ​របស់​ធនាគារ​ទាំងនោះ​ក្នុង​គ្រា​ដែល​គណៈកម្មការ​មួយ​កំពុង​បើក​ដំណើរការ​ស៊ើបអង្កេត​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​នៅក្នុង​វិស័យ​នេះ​។

លោក John McLean លោក Itay Tuchman និង​លោក Stephen Roberts មកពី​ធនាគារ Citigroup លោក Michael Ormaechea និង​លោក Michael Richardson អតីតមន្ត្រី​ប្រតិបត្តិ​របស់​ធនាគារ Deutsche Bank និង​លោក Rick Moscati មកពី​ធនាគារ ANZ ត្រូវ​បាន​ចោទប្រកាន់ បន្ទាប់ពី​ការស៊ើបអង្កេត​ដោយ​គណៈកម្មការ​ប្រកួតប្រជែង និង​អតិថិជន​អូស្ដ្រាលី (ACCC)​។

ធនាគារ ANZ របស់​ប្រទេស​អូស្រា្ដលី និង​ធនាគារ Deutsche Bank និង​ធនាគារ Citigroup ដែល​ជា​ទីប្រឹក្សា​របស់​ធនាគារ ANZ ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ប្រមូល​មូលធន​ចំនួន ២,៥ ពាន់​លាន​ដុល្លារ​អូស្ដ្រាលី (១,៩ ​ពាន់​លាន​ដុល្លារ​) កាលពី​ឆ្នាំ ២០១៥ ពី​ក្រុម​វិនិយោគិន​ស្ថាប័ន​ផង​ដែរ​។

គណៈកម្មការ ACCC បាន​ឲ្យ​ដឹង​ថា​ការចោទប្រកាន់​នេះ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​លក្ខណៈ​ជា​ក្រុម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ទាក់ទង​នឹង​ការជួញដូរ​ភាគហ៊ុន​របស់​ធនាគារ ANZ ដែល​បាន​រៀបចំ​ឡើង​ដោយ​ធនាគារ Deutsche Bank និង​ធនាគារ Citigroup​។

គណៈកម្មការ ACCC បញ្ជាក់​ថា​ធនាគារ ANZ និង​ក្រុមមន្ត្រី​ប្រតិបត្តិ​ទាំង​នេះ​មាន​ការ «​ជាប់ទាក់ទង​ដោយ​ចេតនា​ក្នុង​ការប្រព្រឹត្ត​មួយ​ចំនួន ឬ​ទាំងអស់​ដែល​ត្រូវ​បាន​ចោទប្រកាន់​» បន្ទាប់ពី​ការទិញ​ភាគហ៊ុន​ជា​លក្ខណៈ​ស្ថាប័ន​នៅ​ឆ្នាំ​ ២០១៥​។

លោក Rod Sims ប្រធាន​គណៈកម្មការ ACCC បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ថា​៖ «​ការចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ទាំង​នេះ​គឺជា​លទ្ធផល​នៃ​ការស៊ើប​អង្កេត​របស់ ACCC ដែល​កំពុង​ដំណើរការ​ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​មក​នេះ​»​។

យោង​តាម​គណៈកម្មការ ACCC ទង្វើ​ប្រព្រឹត្ត​លក្ខណៈ​ជា​ក្រុម​នេះ​កើត​មាន​ឡើង​នៅ​ពេល​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​​រួម​គ្នា​ជា​ជាង​ប្រកួត​ប្រជែង​គ្នា​ទៅវិញ​ទៅមក ដើម្បី​បង្កើន​ប្រាក់​ចំណេញ​របស់​សមាជិក​ក្នុង​ក្រុម​នេះ​។

ធនាគារ​ទាំងអស់ ៣ បាន​ឲ្យ​ដឹង​ថា​ពួកគេ​នឹង​ប្រឆាំង​ការចោទប្រកាន់​នេះ ដែល​គ្រោង​នឹង​បើក​សវនាការ​នៅ​ក្នុង​តុលាការ​ទីក្រុង​ស៊ីដនី​នៅ​ខែ​ក្រោយ​៕ LA