ទីក្រុងស៊ីដនីៈ ធនាគារកណ្តាលអូស្ត្រាលីបានទម្លាក់អត្រាការប្រាក់ដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ និងពង្រីកនូវកម្មវិធីទិញសញ្ញាបណ្ណដ៏ធំរបស់ខ្លួន នៅថ្ងៃអង្គារម្សិលមិញដើម្បីជួយឱ្យសេដ្ឋកិច្ចដុនដាបដោយសារការរីករាលដាលវីរុសរស់ឡើងវិញ ពេលដែលខ្លួនងើបចេញពីការរឹតត្បិត។
ទោះយ៉ាងណាលោក Philip Lowe ទេសាភិបាលធនាគារកណ្តាលអូស្ត្រាលី បានព្រមានឱ្យដឹងថា ការងើបឡើងវិញនឹងអាស្រ័យលើការបិទបញ្ចប់នៃការឆ្លងវីរុសកូរ៉ូណាដែលកំពុងកើតឡើងវិញក្នុងទីផ្សារសំខាន់ ដូចជា អាមេរិក និងអឺរ៉ុប។
ធនាគារកណ្តាលអូស្ត្រាលីបានកាត់អត្រាការប្រាក់ពី ០,២៥ ភាគរយដល់ទៅ ០,១០ ភាគរយ និងប្តេជា្ញទិញសញ្ញាបណ្ណរដ្ឋាភិបាលក្នុងទឹកប្រាក់ ១០០ ពាន់លានដុល្លារអូស្ត្រាលី (៧០,៥ ពាន់លានដុល្លារអាមេរិក) នៅ ៦ ខែបន្ទាប់ទៀតនេះ ដែលមានរយៈពេលពី ៥ ទៅ ១០ ឆ្នាំ។
លោក Lowe បាននិយាយថា វិធានការត្រូវបានរៀបចំឡើងដើម្បីបន្ទាបថ្លៃដើមនៃប្រាក់កម្ចី និងជំរុញឱ្យដុល្លារអូស្ត្រាលីឱ្យចុះទាបដើម្បីជំរុញកំណើន។ ដុល្លារអូស្ត្រាលីបានធ្លាក់ចុះមកនៅត្រឹម ៧០,៤០ សេនពី ៧០,៥០ សេនធៀបដុល្លារអាមេរិកនៅមុនការប្រកាស។
វាបានកើតឡើងពេលដែលធនាគារកណ្តាលរំពឹងថាសេដ្ឋកិច្ចលូតលាស់នៅក្នុងត្រីមាសទី ៣ បន្ទាប់ពីអូស្ត្រាលីបានធ្លាក់ចូលទៅក្នុងការធ្លាក់ចុះសេដ្ឋកិច្ចលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ។
លោក Lowe បានលើកឡើងពីសេចក្តីថ្លែងការណ៍ដែលប្រកាសពីវិធានការថា៖ «សូម្បីតែធ្វើបែបនេះ ការងើបឡើងវិញនៅតែត្រូវគេរំពឹងថានឹងដូចពពុះសាប៊ូ និងរីងស្ងួត និងមើលទៅនៅតែពឹងផ្អែកលើការគ្រប់គ្រងវីរុសឱ្យបានជោគជ័យ»។
អូស្ត្រាលីបានងើបឡើងវិញពីផលប៉ះពាល់លើកដំបូងនៃការរឹតត្បិតដោយសារវីរុស មុនទីក្រុង Melbourne ដែលជាទីក្រុងធំបំផុតទី ២ ត្រូវបានបង្ខំបិទម្តងទៀតដើម្បីគ្រប់គ្រងការផ្ទុះឡើងជាថ្មី។
ប៉ុន្តែទីក្រុងបានបើកឡើងវិញនៅចុងខែតុលា បន្ទាប់ពីរឹតត្បិតជាច្រើនខែធ្វើឱ្យមានក្តីសង្ឃឹមចំពោះការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ដែលអាចរុញច្រានការងារងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស។
ភាពគ្មានការងារធ្វើបានកើនដល់ ៦,៩ ភាគរយក្នុងខែកញ្ញា ជាមួយប្រជាជនអូស្ត្រាលីស្ទើរតែ ១ លាននាក់គ្មានការងារធ្វើ និងជាច្រើនទៀតទទួលយកការកាត់បន្ថយប្រាក់ខែ ឬក៏ធ្វើការងារតិចម៉ោងចាប់តាំងពីការរីករាលដាលបានចាប់ផ្តើម។
រដ្ឋាភិបាល និងធនាគារកណ្តាលបានដាក់ចេញរួចមកហើយនូវកម្មវិធីចំណាយជំរុញសេដ្ឋកិច្ចដ៏ច្រើនសន្ធឹក ដើម្បីកែប្រែពីការធ្លាក់ចុះពេញទំហឹង ដោយបានធ្វើឱ្យប្រទេសស្ថិតនៅលើផ្លូវទៅរកឱនភាពថវិកាដល់កំណត់ត្រាដែលមាន ២១៣,៧ ពាន់លានដុល្លារអូស្ត្រាលីនៅឆ្នាំនេះ។
ធនាគារកណ្តាលពេលនេះរំពឹងថា អត្រាគ្មានការងារធ្វើនឹងឡើងដល់រហូតក្បែរ ៨ ភាគរយតិចជាង ១០ ភាគរយដែលបានព្យាករកាលពីពេលមុន ប៉ុន្តែសង្ឃឹមថានឹងរុញច្រានអត្រាគ្មានការងារធ្វើកាន់តែទាប។
ធនាគារកណ្តាលឱ្យដឹងថា កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងមានជុំវិញ ៦ ភាគរយនៅឆមាសទី ២ ឆ្នាំ ២០២១ និង ៤ ភាគរយ ក្នុងឆ្នាំ ២០២២។
ទោះជាបែបណាលោក Lowe បាននិយាយថា ប្រទេសអូស្ត្រាលីនឹងត្រូវការពេលវេលាខ្លះដើម្បីសម្រេចបាននូវកម្រិតទិន្នផលនៅមុនការរីករាលដាល ជាមួយនឹងប៉ុន្មានឆ្នាំខាងមុខដែលរំពឹងថានឹងមានការកើនឡើងនូវប្រាក់ឈ្នួល និងតម្លៃដែលធ្លាក់ចុះ។
លោកបានបន្ថែម៖ «បើទស្សនវិស័យទាំងភាពមានការងារធ្វើ និងអតិផរណា រូបិយវត្ថុ និងការគាំទ្រផ្នែកសារពើពន្ធនឹងត្រូវបានគេតម្រូវសម្រាប់ពេលខ្លះ»។
ការអន្តរាគមន៍ក្នុងទីផ្សារសញ្ញាបណ្ណធ្វើឱ្យកម្មវិធីទិញសញ្ញាបណ្ណកាលពីលើកមុនដែលបានប្រកាសកាលពីខែមីនា និងក្រុមប្រឹក្សាភិបាលរបស់ធនាគារបានលើកឡើងថា វាត្រូវបានរៀបចំដើម្បីធ្វើច្រើនទៀត ប្រសិនចាំបាច់»។
ប្រាក់កម្ចីទំនងជានៅតែថោកសម្រាប់រយៈពេលអនាគតដែលគេព្យាករទុក ដោយធនាគារកណ្តាលមិនរំពឹងថា កើនឡើងនូវអត្រាការប្រាក់វិញសម្រាប់រយៈពេលយ៉ាងហោច ៣ ឆ្នាំ។
សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីសញ្ញាខ្លះនៃការងើបឡើងវិញចាប់តាំងពីការធ្លាក់ចុះនៅក្នុងវិបត្តិដំបូង ប៉ុន្តែការផ្លាស់ប្តូរត្រូវបានហក់ឡើងដោយការរីករាលដាលថ្មីៗនៃការឆ្លងនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានបង្ខំឱ្យមានការធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចធំៗ រួមមានអង់គ្លេស និងបារាំង។
ប្រទេសអូស្ត្រាលីគ្រប់គ្រងជំងឺរាតត្បាតបានល្អគួរឱ្យកត់សម្គាល់ដោយមានត្រឹមតែជាង ២៧៥០០ ករណី និងមានអ្នកស្លាប់ ៩០៧ នាក់៕ RR