កណ្តាលៈ របាយការណ៍របស់រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ បទល្មើសនានាមានការថយចុះ ៧៨ ភាគរយ បើប្រៀបធៀបឆ្នាំ ២០២១ ខណៈការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩៦% ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង។
របាយការណ៍នេះ ត្រូវបានដាក់ឱ្យផ្សព្វផ្សាយជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តកណ្តាល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣។
ក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា តាមរយៈការអនុវត្តការងារ ប្រកបដោយភាពម៉ឺងម៉ាត់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព បានដំណើរការយ៉ាងសកម្ម និងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពិសេសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល រួមជាមួយកម្លាំង ប្រជាការពារ ដែលជាបង្អែកយ៉ាងរឹងមាំក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅមូលដ្ឋាន។
ក្នុងរបាយការណ៍បង្ហាញថា៖«កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឱ្យបទល្មើសនានា មានការថយចុះ ជាក់ស្ដែងក្នុងឆ្នាំ២០២២ បទល្មើសមានការថយចុះ ៧៨% គួបផ្សំប្រតិបត្តិការបង្ក្រាបទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩៦% លើកលែងតែគ្រោះថ្នាក់ចរាចរណ៍ដែលមានការកើនឡើង ១៩លើក»។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានថ្លែងនៅក្នុងសន្និសីទនោះថា ការថយចុះនៃបទល្មើសនេះដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋដែលបានរាយការណ៍ជូនទៅសមត្ថកិច្ចនៅពេលជួបបញ្ហា។ លោកថា៖«ការថយចុះបទល្មើស ៧៨ ភាគរយនេះ គឺក្រសួងមហាផ្ទៃ ផ្តល់ការអបអរក្នុងកិច្ចការភូមិ ឃុំ មានសុវត្ថិភាព ហើយយើងមិនភ្លេចដាច់ខាត គឺការចូលរួមរបស់ប្រជាពលរដ្ឋ ដូចពាក្យស្លោកគ្រឿងញៀនថា ៣កុំ១រាយការណ៍ បើប្រជាពលរដ្ឋមិនរាយការណ៍ និងមិនចូលរួមយើងធ្វើម៉េចកើត»។
ជាមួយនឹងលទ្ធផលនេះ លោក គង់ សោភ័ណ្ឌ អះអាងថា អាជ្ញាធរមានសមត្ថកិច្ច ខិតខំបង្ក្រាបបទល្មើសនានាបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៣ ហើយសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អដូចក្នុងឆ្នាំ ២០២២។
លោកថា៖«បើពាក់ព័ន្ធជនដៃដល់ប្រព្រឹត្តបទល្មើស ដូចជាប្រព្រឹត្តបទឧក្រិដ្ឋ បទចោរកម្ម រំលោភសេពសន្ថវៈ បទល្មើស ជួញដូរ លក់ ចែកចាយ ផលិត ប្រើប្រាស់ កម្រិតធំ ឬធ្វើជាខ្នងបង្អែកឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន គឺយើងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ១០០ភាគរយ»។
លោកបញ្ជាក់ថា ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពោលគឺគោលនយោបាយនេះ មិនត្រឹមតែការបង្ក្រាបបទល្មើសនោះទេ គឺរាប់បញ្ចូលទាំងការអភិវឌ្ឍ សុវត្ថិភាព ស្ថិរភាព សុខភាពសាធារណៈ និងបរិស្ថានល្អជាដើម។ ជាមួយគ្នានោះលោកបានទាញចំណាប់អារម្មណ៍ថា ការថយចុះនៃបទល្មើសនេះ ក៏ជាផ្នែកមួយ នៃការទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុននៅក្នុងខេត្តកណ្តាលផងដែរ។
ជាមួយគ្នានោះលោកគង់ សោភណ្ឌ ថ្លែងថា លោកបានរកឃើញពីមូលហេតុដែលនាំឱ្យមានបទល្មើសនានា ក្នុងនោះគឺបណ្តាលមកពីការលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្សជាដើម។ លោកថា៖«យើងបានរកឃើញហើយថា បទល្មើសកើនព្រោះអ្វី បទល្មើសថយព្រោះអ្វី យើងវាយតម្លៃបានហើយ ដូច្នេះយើងដាក់ផែនការ ត្រូវបង្ក្រាបសកម្មភាពទាំងនោះ ហើយសង្ឃឹមថា នៅឆ្នាំ ២០២៣ ធានាសន្តិសុខ សុវត្ថិភាព និងកាត់បន្ថយបទល្មើសច្រើនជាងនេះ»៕


