សេចក្ដីសម្រេចរបស់កិច្ចប្រជុំបន្ទាន់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលធ្វើឡើងកាលពីថ្ងៃទី ១៥ ខែតុលា កន្លងទៅ ដែលសម្រេចមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា ដែលរាប់បញ្ចូលទាំងប្រមុខយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ទៅកិច្ចប្រជុំអាស៊ាន ជាការសម្រេចចិត្តមួយដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចុះថ្ងៃទី ២២ ខែតុលា។
ក្នុងកិច្ចប្រជុំបន្ទាន់អាស៊ាននោះ អាស៊ានមិនមានកុងសង់ស៊ីសក្នុងការអញ្ជើញភាគីនយោបាយណាមួយនៅមីយ៉ាន់ម៉ានោះទេ ហើយអាសនៈរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនានាដែលប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍នេះ គឺធ្លាក់ទៅលើ «តំណាងមិនមែនក្នុងជួរថ្នាក់ដឹកនាំនយោបាយ» នៃប្រទេសនេះ។ ស្របពេលកិច្ចប្រជុំនឹងឈានមកដល់នៅថ្ងៃអង្គារនេះ មិនទាន់មានដំណឹងណាមួយថា អាស៊ាននឹងអញ្ជើញនរណាម្នាក់មកនោះទេ។
ជាមួយនឹងសេចក្ដីសម្រេចរបស់អាស៊ាននេះដែរ ខាងក្រសួងការបរទេសនៃយោធាមីយ៉ាន់ម៉ា បានរៀបរាប់ថា អាស៊ានបានធ្វើផ្ទុយនឹងនីតិវិធីរបស់អាស៊ាននានា ហើយជាពិសេស គឺធ្វើខុសនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៀតផង។
ខាងយោធាមីយ៉ាន់ម៉ាបានបន្ថែមថា ខ្លួននឹងមិនទទួលយកទេនៃការសម្រេចចិត្តនៃកិច្ចប្រជុំខាងលើនេះ តែខ្លួនត្រៀមខ្លួនក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពជាមួយអាស៊ាន៕
ហ៊ីម រដ្ឋា


