អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានអំពាវនាវឱ្យអង្គការសហប្រជាជាតិដាក់សម្ពាធលើប្រទេសម៉ាលី ក្នុងកិច្ចពិភាក្សានៅចុងសប្តាហ៍ ដើម្បីស៊ើបអង្កេតលើការប្រហារជីវិត និងការបាត់ខ្លួនដែលតាមការចោទប្រកាន់ត្រូវបានធ្វើឡើងដោយយោធានៅក្នុងប្រទេសអាហ្វ្រិក ដែលហែកហួរដោយជម្លោះនេះ។
គណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខដែលដឹកនាំដោយក្រុមឯកអគ្គរដ្ឋទូត UN មកពីអាមេរិក បារាំង និងនីហ្សេ បានមកដល់ថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចពិភាក្សារយៈពេល ២ ថ្ងៃ ក្នុងគោលបំណង ជំរុញរដ្ឋាភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយយោធាវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ បន្ទាប់ពីរដ្ឋប្រហារ ២ ក្នុងរយៈពេល ៩ ខែ។
គណៈប្រតិភូនេះ បន្ថែមសម្ពាធអន្តរជាតិទៅលើក្រុមមេដឹកនាំរដ្ឋប្រហារឱ្យគោរពតាមកាលឱសានវាទថ្ងៃទី ២៧ ខែកុម្ភៈ ដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) សម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលជាថ្ងៃកំណត់ដែលរបបនេះបានបង្ហាញជាបើកចំហថា អាចនឹងខកខាន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសុក្រថា បេសកកម្មរបស់ UN ក៏គួរតែប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ខ្លួន ដើម្បីដាក់សម្ពាធលើអាជ្ញាធរម៉ាលី ដើម្បីស៊ើបអង្កេតទៅលើការកាត់ទោសប្រហារជីវិត និងការបាត់ខ្លួនដោយបង្ខំ និងការឃុំឃាំង ដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។
អង្គការនេះបាននិយាយថា ចាប់តាំងពីខែកញ្ញាមក បុរសយ៉ាងតិច ១៤ នាក់ ដែលត្រូវបានគេឃើញជាប់ក្នុងការឃុំឃាំងរបស់កងកម្លាំងសន្តិសុខបានបាត់ខ្លួន ឬនៅតែស្ថិតក្នុងការឃុំឃាំងដែលគេមិនអាចទំនាក់ទំនងបាន។
អង្គការសិទ្ធិមនុស្សនេះ បាននិយាយថា សាកសពបុរស ៣ នាក់ ដែលត្រូវបានគេប្រហារជីវិត បន្ទាប់ពីទាហានចាប់ខ្លួនកាលពីដើមខែនេះ ត្រូវបានគេរកឃើញនៅក្បែរជំរំកងទ័ព។
នាយកអង្គការ HRW ប្រចាំតំបន់ Sahel លោកស្រី Corine Dufka បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអន្តរកាលរបស់ម៉ាលីមិនគួរដកខ្លួនថយពីស្ថានការណ៍នេះទេ ខណៈដែលទាហានរបស់ខ្លួន បានជាប់ពាក់ព័ន្ធនឹងរលកនៃការរំលោភបំពាន។
កាលពីដើមខែនេះ កងទ័ពបាននិយាយថា ខ្លួនបានធ្វើការស៊ើបអង្កេតលើរូបភាពជាច្រើនដែលត្រូវបានគេបោះពុម្ពផ្សាយតាមអ៊ីនធឺណិត ដែលមានបំណងបង្ហាញពីការធ្វើទារុណកម្ម និងសាកសពរបស់ជនរងគ្រោះហើយអ្នកដែលពាក់ព័ន្ធត្រូវរងទណ្ឌកម្ម និងដាក់ពង្រាយកងល្បាត។
ទោះយ៉ាងណាក៏ដោយ ក៏យោធាបានបដិសេធការចោទប្រកាន់ដែលថា ខ្លួនមានការជាប់ពាក់ព័ន្ធក្នុងការកាត់ទោសប្រហារជីវិតនោះ។
គណៈប្រតិភូ UN ដែលមានសមាជិក ១៥ ប្រទេស ក្នុងនោះរួមមានអ្នកតំណាងប្រទេសចិន ឥណ្ឌា និងរុស្ស៊ី នឹងជួបពិភាក្សាជាមួយអាជ្ញាធរម៉ាលីតំណាងសង្គមស៊ីវិល និងក្រុមប្រដាប់អាវុធ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៥។
ទោះបីជាមានកិច្ចព្រមព្រៀងនេះក្តី ក៏ប្រទេសក្រីក្រ និងគ្មានព្រំដែនសមុទ្រ ដែលផ្តល់ជម្រកដល់ក្រុមជនជាតិភាគតិចយ៉ាងតិច ២០ ត្រូវបានបង្ក្រាបដោយក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ក៏ដូចជា រដ្ឋប្រហារនៅក្នុងខែសីហា ឆ្នាំ ២០២០ និងខែឧសភា ឆ្នាំនេះ។
អន្តរាគមន៍យោធារបស់ប្រទេសបារាំង និង UN បានបរាជ័យក្នុងការបង្ក្រាបក្រុមបះបោរអ៊ិស្លាម ដែលបានវាយប្រហារចូលកណ្តាលប្រទេសម៉ាលី ហើយបានចូលទៅក្នុងប្រទេសជិតខាង បួគីណាហ្វាសូ និងនីហ្សេ ដោយបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបង្ខំមនុស្សរាប់សែននាក់រត់ភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ៕
វីដេអូ៖

