អតីតអ្នកកាសែតជាច្រើនរូប ពិសេសជាអ្នកធ្លាប់ធ្វើការជាមួយលោកមហាសេដ្ឋី Vincent Bollore រិះគន់ពីយន្តការនៃការត្រួតពិនិត្យ និងការបំភិតបំភ័យដែលអ្នកប្រកាន់និន្នាការអភិរក្សនិយមរូបនេះ បានដាក់ចេញនៅពេលលោកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពេលមានអ្នកសែតស៊ើបអង្កេតសកម្មភាពឧស្សាហកម្មរបស់លោក។
ភាពយន្តឯកសារមួយឈ្មោះ «System B» ដែលចេញផ្សាយដោយអង្គការអ្នកកាសែតគ្មានព្រំដែន និងចែករំលែកនៅលើបណ្ដាញសង្គមកាលពីពាក់កណ្ដាលខែកញ្ញា ហៅការអនុវត្តរបស់លោកBollore ថា តំណាងឱ្យគ្រោះថ្នាក់ពិតប្រាកដសម្រាប់សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ។
ចុងសប្ដាហ៍នេះ កាសែត Financial Times ចុះផ្សាយថា អ្នកកាសែតបារាំង Journal du Dimanche (JDD) បង្ហាញការព្រួយបារម្ភចំពោះសកម្មភាពលោក Bollore គ្រប់គ្រងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Vivendi ក្រោមហេតុផលជាច្រើន រួមទាំងជុំវិញករណីការរុះរើបុគ្គលិក បែបបទ និងខ្លឹមសារនៃការទិញប្រព័ន្ធផ្សព្វផ្សាយរបស់លោក។
មហាសេដ្ឋីដែលបង្កើនទ្រព្យដោយសារការវាយឆ្មក់សាជីវកម្ម និងធ្វើប្រតិបត្តិការភ័ស្តុភារ និងដឹកជញ្ជូននៅទ្វីបអាហ្វ្រិក និងមកពីគ្រួសារអ្នកកាន់សាសនាកាតូលិកនៅក្រុង Brittany រូបនេះជឿជាក់ជាយូរមកហើយថា ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងដើរយឺតពេកហើយព្យាយាមបង្កើតទម្ងន់យោងតាមមនុស្សដែលដឹងពីគំនិតរបស់លោក។
តាមការចុះផ្សាយរបស់សារពត៌មាន Financial Times ដដែល លោក Bollore បានវាយប្រហារលើប៉ុស្តិ៍ព័ត៌មាន I-Tele រយៈពេល ១ ខែ ដើម្បីគ្រប់គ្រងបន្ទប់ព័ត៌មាន ១ ភាគ ៣ ដោយត្រួសត្រាយផ្លូវដើម្បីប្តូរឈ្មោះស្ថាប័ននេះទៅជា CNews ដែលសារព័ត៌មានបំផុសគំនិតដោយសារព័ត៌មាន Fox News របស់បក្សសាធារណរដ្ឋអាមេរិក។
ចំពោះការផ្លាស់ប្តូរនៅស្ថានីយវិទ្យុ Europe 1 របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Lagardere វិញ បានធ្វើឱ្យមានការតវ៉ា និងការលាឈប់របស់អ្នកសារព័ត៌មាន។ អ្នកកាសែតម្នាក់របស់សារព័ត៌មាន JDD និយាយដោយសុំមិនបញ្ចេញឈ្មោះថា៖ «យើងនៅអគារការិយាល័យជាមួយវិទ្យុ Europe 1 ដូច្នេះយើងទាំងអស់គ្នាដឹងថា មានអ្វីកើតឡើងនៅទីនោះ។ មនុស្សមានការព្រួយបារម្ភយ៉ាងខ្លាំងថា ខ្សែវិចារណកថា នឹងផ្លាស់ប្តូរដូចដែលវាមាននៅប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលជាកម្មសិទ្ធិរបស់លោក Bollore»។
ខណៈដែលប្រទេសបារាំង ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែមេសា ខាងមុខនេះ ការផ្លាស់ប្តូរនៅក្រុមហ៊ុន Lagardere មានសារៈសំខាន់កាន់តែខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រុមហ៊ុនដែលរួមមានទស្សនាវដ្តីសង្គម Paris Match ក៏ដូចជាកាសែត JDD និងវិទ្យុ Europe 1 ជាស្ថាប័នដែលអ្នកជំនួញ និងឥស្សរជននយោបាយតាមដាន ហើយត្រូវបានគេមើលឃើញថា មានឥទ្ធិពលក្នុងការបង្កើតមតិសាធារណៈ។
លោកប្រធានាធិបតី Emmanuel Macron បង្ហាញខ្លួននៅលើក្របមុខទស្សនាវដ្តី Paris Match ៨ ដង ក្នុងអំឡុងពេលលោកប្រកួតប្រជែងសម្រាប់ប្រធានាធិបតីនៅឆ្នាំ 2017 ហើយរដ្ឋមន្ត្រីរបស់លោកវិញ ជាញឹកញាប់ក៏លេចមុខលើទំព័រមុខ JDD រាល់ថ្ងៃអាទិត្យ ដើម្បីធ្វើសេចក្តីប្រកាសដែលកំណត់របៀបវារៈនយោបាយសប្តាហ៍។
អតីតអ្នកកាសែត JDD ម្នាក់និយាយថា៖ «កាសែត JDD គឺជាឧបករណ៍ដ៏រឹងមាំបំផុតមួយនៃអំណាចនយោបាយនៅក្នុងប្រទេសបារាំង ដូច្នេះវាមិនមែនជារឿងចៃដន្យទេ ដែលការផ្លាស់ប្តូរទាំងនេះកើតឡើងនៅមុនការបោះឆ្នោត»។
ក្រុមអ្នកវិភាគនិយាយថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់លោក Bollore នៅលើប្រព័ន្ធផ្សព្វផ្សាយអាចជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនាពេលខាងមុខដោយបង្ហាញពីបញ្ហាវប្បធម៌ និងអត្តសញ្ញាណ ជាជាងប្រធានបទដូចជាសេដ្ឋកិច្ច ឬបរិស្ថាន។
លោកស្រី Virginie Martin សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាលាពាណិជ្ជកម្ម Kedge ក្រុងប៉ារីសនិយាយថា៖ «លោក Bollore បានបោះជំហាន ១ ជំហាន ដើម្បីមានសិទ្ធិជ្រុលនិយមបង្ហាញពីក្រុមរបស់លោក ហើយឥឡូវនេះពួកគេអាចចូលទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មានសំខាន់ៗ»។
ប្រសិនបើនិយតករយល់ព្រមលើការដេញថ្លៃរបស់ក្រុមហ៊ុន Vivendi ទិញយកក្រុមហ៊ុន Lagardere នោះ លោក Bollore នឹងមានឥទ្ធិពលលើប្រតិបត្តិករទូរទស្សន៍បង់លុយធំបំផុតរបស់បារាំងCanal Plus ស្ថាប័នបោះពុម្ភសៀវភៅ Hachette ឆានែលព័ត៌មាន ២៤ ម៉ោង CNews វិទ្យុ Europe1 កាសែត JDD និងទស្សនាវដ្តីជាច្រើនទៀត។
ទាំងក្រុមហ៊ុន Vivendi និងក្រុមហ៊ុន Lagardere មិនធ្វើការអត្ថាធិប្បាយយ៉ាងណាទេចំពោះបញ្ហានេះ។
ប្រវត្ដិវិទូសិក្សាលើប្រព័ន្ធផ្សព្វផ្សាយលោក Christian Delporte និយាយថា៖ «លោក Bollore មិនមែនជាអ្នកមានដំបូងគេដែលវិនិយោគលើសារព័ត៌មានទេ ប៉ុន្តែលោកឈរដោយឡែកពីរបៀបដែលលោកថ្លឹងថ្លែងលើបន្ទាត់វិចារណកថានៃស្ថាប័នរបស់លោក ហើយវាមានគម្រោងនយោបាយនៅពីក្រោយរឿងនេះ»៕
ហួន ឌីណា


