លោក Elon Musk ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំធុរកិច្ច នៅខាងក្រៅកិច្ចប្រជុំនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ឬ G20 នៅប្រទេសឥណ្ឌូនេស៊ី តាមរយៈវីដេអូខល បានបង្ហើបថា លោកធ្វើការតាំងពីព្រឹករហូតដល់យប់ គ្មានថ្ងៃឈប់សម្រាកឡើយ។
លោកមហាសេដ្ឋីសញ្ជាតិអាមេរិក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter និងក្រុមហ៊ុនរថយន្ត Tesla បានចូលរួមកិច្ចប្រជុំ B20 ស្តីពីធុរកិច្ច នៅខាងក្រៅកិច្ចប្រជុំនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ (G20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តាមរយៈវីដេអូខល ដោយលោកបានធ្វើឱ្យអ្នកចូលរួមស្ដាប់ការនិយាយបរិយាយរបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកអង្គុយក្នុងទីងងឹត ដូចជាដាច់ភ្លើង ដោយមានតែពន្លឺស្រអាប់ដូចចេញពីទៀន ដែលជះមកលើមុខរបស់លោក។ ក្រៅពីនេះ លោកក៏ពាក់អាវ ដែលផ្ញើដោយអ្នករៀបចំកម្មវិធី ហើយលោកក៏សើចដោយពេញចិត្ត ពេលឃើញខ្លួនឯង ក្នុងទីងងឹតបែបនេះ ដោយនិយាយថា នេះគឺជារូបភាពចម្លែកណាស់។
ជាមួយគ្នានេះ លោក Elon Musk បាននិយាយថា លោកកំពុងប្រឹងប្រែងធ្វើការខ្លាំងណាស់ នាពេលនេះ ដោយពេញទាំង ៧ ថ្ងៃ គ្មានថ្ងៃឈប់សម្រាកឡើយ។ បន្ទាប់ពីត្រូវបានចោទសួរពីការចូលមកកាន់តំណែងជានាយកប្រតិបត្តិរបស់ Twitter រួមទាំងត្រូវគ្រប់គ្រងក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ក្នុងពេលតែ ១ ចំពេលមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងអ្នកវិភាគ ដែលមើលមកថា Tesla ក៏អាចនឹងរងផលប៉ះពាល់ ដោយការងាកទៅគ្រប់គ្រង Twitter នោះ លោក Mulk បានឆ្លើយថា Twitter នឹងក្លាយជាកន្លែងសម្រាប់មាតិកាវីដេអូកាន់តែច្រើនឡើង ហើយអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាអាចរកប្រាក់ចំណូលបាន។
ឥណ្ឌូនេស៊ីកំពុងព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Tesla លើការវិនិយោគថ្ម ព្រមទាំងសង្ឃឹមថា នឹងទទួលបានប្រយោជន៍ពីក្រុមហ៊ុន SpaceX ប្រសិនបង្កើតកន្លែងបាញ់រ៉ុក្កែត នៅឥណ្ឌូនេស៊ីដែរនោះ។ តែយ៉ាងណាក្ដី លោក Musk មិនទាន់ធ្វើការសន្យាណា ១ នោះទេជាមួយឥណ្ឌូនេស៊ី ចំពោះចំណុចទាំង ២ ដោយត្រឹមតែបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតរថយន្តអគ្គិសនី ហើយវាអាចទៅរួច ក្នុងរយៈពេលវែង ដែល SpaceX នឹងកសាងកន្លែងបាញ់រ៉ុក្កែត នៅទីតាំងផ្សេងៗ ជុំវិញពិភពលោក៕


