លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ក្លោស ឆ្វាប់ ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
ក្នុងជំនួបនោះ ភាគីទាំង ២ បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងកម្ពុជា និង WEF។
ក្នុងជំនួបនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ លុបបំបាត់ភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា៖ « ភាគីទាំងពីរបានពិភាក្សា និងបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-WEF បន្ថែមទៀត»។
លោក ក្លោស ឆ្វាប់ បានអបអរសាទរកម្ពុជាចំពោះភារកិច្ចដ៏ឧត្តុងឧត្តមក្នុងឋានៈជាប្រធានអាស៊ាន ២០២២ និងបានវាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតប និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ និងជោគជ័យធំធេងក្នុងការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនកម្ពុជា។
លោក ក្លោស ឆ្វាប់ បានលើកឡើងថា៖ «វេទិកាសេដ្ឋកិច្ចពិភពលោកមានមធ្យោបាយជាច្រើន ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា»៕


