អុីរ៉ង់កំពុងរៀបចំបញ្ជូនអាវុធបន្ថែមប្រមាណ ១ ០០០ គ្រឿង រួមមានទាំងមីស៊ីលបាលីស្ទិក រយៈចម្ងាយខ្លី និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាច្រើនទៀតទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ នេះបើយោងតាមសម្តីរបស់មន្ត្រីប្រទេសលោកខាងលិចជាច្រើនរូប ដែលជាអ្នកតាមដានយ៉ាងដិតដល់នូវកម្មវិធីអាវុធរបស់អុីរ៉ង់ និងដែលបានប្រាប់មកសារព័ត៌មាន CNN។
ការដឹកបញ្ជូនអាវុធរបស់អុីរ៉ងនេះ កំពុងត្រូវគេតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ព្រោះវានឹងក្លាយជាករណីដំបូង ដែលអុីរ៉ង់បញ្ជូនមីស៊ីលរចនាឡើង ដើម្បីវាយប្រហារគោលដៅនៅលើដី ឬសមុទ្រទៅឱ្យរុស្ស៊ី។ អាវុធប្រភេទនេះ នឹងជួយឱ្យវិមានក្រឹមឡាំងអាចបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងសន្ធាប់ នៅលើសមរភូមិ។
មន្ត្រីមកពីបស្ចិមលោកមួយចំនួន និយាយថា ការដឹកបញ្ជូនអាវុធចុងក្រោយពីអុីរ៉ង់ ទៅរុស្ស៊ី រួមមានដ្រូនប្រមាណ ៤៥០ គ្រឿង ដែលរុស្ស៊ីបានប្រើរួចមកហើយ ដើម្បីបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរលើអ៊ុយក្រែន។ នៅសប្តាហ៍មុន មន្ត្រីក្រុងកៀវបានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអុីរ៉ង់ជាង ៣០០ គ្រឿង។
ការដឹកបញ្ជូនអាវុធរបស់អុីរ៉ង់ជាថ្មី ដែលត្រូវបានគេរំពឹងនេះ នឹងបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវការគាំទ្ររបស់របបក្រុងតេអេរ៉ង់ ចំពោះកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។ មកទល់ពេលនេះ គេមិនទាន់ដឹងទេថា តើអាវុធរបស់អុីរ៉ង់ នឹងដឹកជញ្ជូនដល់រុស្ស៊ី នៅវេលាណាឱ្យប្រាកដនោះ តែក្រុមមន្ត្រីរបស់បណ្តាប្រទេសលោកខាងលិច ជឿជាក់ថា សព្វាវុធទាំងនោះនឹងពិតជាចែកចាយដល់ដៃរុស្ស៊ី មុនដំណាច់ឆ្នាំ ២០២២ នេះ។
ការបញ្ជូនសព្វាវុធបន្ថែមរបស់អុីរ៉ង់ ទៅកាន់រុស្ស៊ី គឺជាទង្វើ ដែលទំនងជានឹងធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កាន់តែដុនដាបខ្លាំងទៅៗ។ កាលពីថ្ងៃចន្ទ បេសកជនអាមេរិកប្រចាំប្រទេសអុីរ៉ង់ លោក រ៉ប់ ម៉ាលី (Rob Malley) បានលើកឡើងថា រដ្ឋបាលលោក ចូ បៃដិន នឹងមិនខ្ជះខ្ជាយពេលវេលាលើកិច្ចពិភាក្សា ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ឡើងវិញឡើយ ប្រសិនបើគ្មានលទ្ធផលអ្វីថ្មីលេចចេញជារូបរាងនោះ។
បេសកជនអុីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបអ្វីឡើយនឹងសំណើសុំការអត្ថាធិប្បាយជុំវិញព័ត៌មាន ដែលថា ក្រុងតេអេរ៉ង់ រៀបចំបញ្ជូនអាវុធបន្ថែមទៅឱ្យក្រុងម៉ូស្គូនេះ។ តែកន្លងមកអុីរ៉ង់ធ្លាប់បដិសេធថា មិនបានផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ីនោះទេ និងប្រាប់ថា ខ្លួនមិនធ្លាប់ ហើយក៏នឹងមិនធ្វើដូច្នេះឡើយ៕
វីដេអូ៖


