ភ្នំពេញៈ គិតត្រឹមថ្ងៃទី ១១ មករា ការងារបោះបង្គោលព្រំតំបន់ ៣ ជុំវិញបឹងទន្លេសាប សម្រេចបានជាង ៦៥ ភាគរយក្នុងនោះខេត្តពោធិ៍សាត់ សម្រេចបាន ១០០ ភាគរយ ខណៈផ្ទៃដីដែលត្រូវបោះបង្គោលព្រំសរុបក្នុងតំបន់ ៣ មានជាង ៦៤ ម៉ឺនហិកតា។ នេះបើតាមអាជ្ញាធរបឹងទន្លេសាប។
របាយការណ៍សង្ខេបលទ្ធផលលើការងាររៀបចំបង្គោលព្រំតំបន់ ៣ និងការរៀបចំប៉ាណូរបស់អាជ្ញាធរបឹងទន្លេសាប ដែល ភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ១២ មករា ឱ្យដឹងថា ក្រុមការងារបឹងទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបបាន-ចុះបោះបង្គោលព្រំតំបន់ ៣ បានជាង ៦៥ ភាគរយ គិតត្រឹមថ្ងៃទី ១១ មករា។
របាយការណ៍បន្តថា លទ្ធផលជាង ៦៥ ភាគរយនេះ នាំឱ្យក្រុមការងារបោះបង្គោលបានចំនួន ៥២៥ បង្គោលលើបង្គោលដែលត្រូវបោះសរុបចំនួន ៨០២ បង្គោល។ ក្នុងនោះ បង្គោលឈរល្អមានចំនួន ១១៩ បង្គោល និងបង្គោលកែសម្រួលមាន ២៨៦ បង្គោល ព្រមទាំងបង្គោលដែលត្រូវបោះថ្មីចំនួន ១២០ បង្គោល។
របាយការណ៍នេះបញ្ជាក់ថា៖ «ចំពោះខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប គឺខេត្តពោធិ៍សាត់បានបោះបង្គោលព្រំបានចំនួន ៧៦ លើ បង្គោលសរុប ៧៦ ដែលសម្រេចបានលទ្ធផល ១០០ ភាគរយ។ ខេត្តបន្ទាយមានជ័យ បានបោះបង្គោលព្រំបានចំនួន ៤៤ លើបង្គោលសរុប ៤៨ បង្គោលដែលសម្រេចបានលទ្ធផល ៩១.៧ ភាគរយ»។
ចំណែកខេត្តកំពង់ធំបានបោះបង្គោលព្រំបានចំនួន ១៣៩ លើបង្គោលសរុប ២៩៤ បង្គោល ដែលសម្រេចបានលទ្ធផល ៧៣,៥ ភាគរយ។ ខេត្តកំពង់ឆ្នាំង បានបោះបង្គោលព្រំបានចំនួន ១០០ លើបង្គោលសរុប ១៤០ បង្គោល ដែលសម្រេចបានលទ្ធផល ៧១.៤ ភាគរយ។ ខេត្តបាត់ដំបងបោះបង្គោលព្រំបានចំនួន ៦៩ លើបង្គោលសរុប ១១២ បង្គោល ដែលសម្រេចបានលទ្ធផល ៦១,៦ ភាគរយ។ ខេត្តសៀមរាបបោះបង្គោលព្រំបានចំនួន ៩៧ លើបង្គោលសរុប ១៣២ បង្គោល ដែលសម្រេចបានលទ្ធផល ៤៧,៣ ភាគរយ។
ជាមួយគ្នានេះ របាយការណ៍របស់អាជ្ញាធរបឹងទន្លេសាបក៏បានឱ្យដឹងដែរថា ចំពោះការងាររៀបចំដំឡើងប៉ាណូ ដើម្បីផ្តល់ព័ត៌មាន និងផ្សព្វផ្សាយតំបន់ហាមឃាត់ ធ្វើឡើងបានចំនួន ៥១ ប៉ាណូ លើផែនការសរុបចំនួន ៦៣ ប៉ាណូ។
លោក ម៉ៅ ហាក់ អគ្គលេខាធិការរងនៃអាជ្ញាធរបឹងទន្លេសាបប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងការបោះបង្គោលព្រំដែលមានសរុបទាំងជាង ៨០០ បង្គោល ក្នុងតំបន់ ៣ នេះ គឺផ្ទៃដីដែលត្រូវបានការពារមានសរុប ៦៤៧ ៤០៦ ហិកតា ដោយយោងតាមអនុក្រឹត្យ ១៩៧។ លោកថា ចំពោះបង្គោលដែលនៅសេសសល់ប្រមាណ ២៧៧ បង្គោលទៀតអាចនឹងត្រូវបន្តបោះនៅអំឡុងខែកុម្ភៈ ដោយសារតែបង្គោលទាំងនេះកំពុងស្ថិតក្នុងទឹក ដែលមិនអាចឱ្យក្រុមការងារចុះបោះបង្គោលបាន។ លោកសន្និដ្ឋានថា គម្រោងបោះបង្គោល និងការងារដំឡើងស្លាកប៉ាណូនេះអាចនឹងបញ្ចប់នៅអំឡុងពេលរដូវប្រាំងខាងមុខ។
លោក ម៉ៅ ហាក់ បន្តថា៖ «ការរៀបចំបោះបង្គោលឡើងវិញនេះ គឺជាការងារមួយដែលអាចបញ្ជាក់បន្ថែមថា ទីតាំងតំបន់ ៣ យើងនៅទីណាឱ្យបានច្បាស់លាស់។ នេះជាការពង្រឹងបន្ថែមលើវិធានការនៃការការពារព្រៃលិចទឹកក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាបយើងនេះ។ ខ្ញុំជឿថា កិច្ចការងារនេះនឹងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ថ្វីដ្បិតតែកន្លងមក យើងដាក់ហើយប្រជាពលរដ្ឋយើងនៅទីនោះ គាត់មិនសូវបានដឹង។ តែពេលនេះខ្ញុំឃើញថា ប្រជាពលរដ្ឋ គាត់ចូលរួមសកម្ម»។
កាលពីថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ចំពោះការលួចកាប់ទន្ទ្រានព្រៃលិចទឹក និងវាតទីយកដីនៅតាមមាត់បឹងទន្លេសាប។ ការចេញបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើង បន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាបានចុះស្រាវជ្រាវរកឃើញមានករណីរំលោភយកដីព្រៃលិចទឹករាប់ម៉ឺនហិកតាយ៉ាងអនាធិបតេយ្យ។
របាយការណ៍របស់រដ្ឋបាលជលផល បានឱ្យដឹងថា ការដកហូតដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបគិតត្រឹមខែធ្នូ ឆ្នាំ ២០២១ មានចំនួនជាង ៥៦ ០០០ ហិកតា ដែលមានប្រជាពលរដ្ឋជាង ១ ម៉ឺនគ្រួសារបានចូលខ្លួនស្ម័គ្រចិត្តប្រគល់ដីទាំងនេះឱ្យរដ្ឋគ្រប់គ្រងវិញ ខណៈការដាំដុះព្រៃលិចទឹក ឫស្សី និងដើមត្នោតឡើងវិញក្នុងតំបន់ទាំងនោះបានជាង ៩ ម៉ឺនដើម និងគ្រាប់៕
វីដេអូ៖


