អាល្លឺម៉ង់ ជាក្បាលម៉ាស៊ីន ១ របស់សហភាពអឺរ៉ុប ហើយជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលបើកដៃទទួលជនភៀសខ្លួនបរទេសច្រើន គួរឱ្យកត់សម្គាល់ដោយកន្លងមក បានទទួលជនភៀសខ្លួនជាច្រើនប្រទេស តួយ៉ាងមកពីប្រទេស ស៊ីរី និងអាហ្វហ្គានីស្ថានជាដើម ហើយថ្មីៗនេះ ពី អ៊ុយក្រែន ដែលធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីរុស្ស៊ី។
ដើម្បីទាក់ទាញអ្នកធ្វើការ ដែលមានជំនាញឯកទេសច្បាស់លាស់ និងដែលអាចជួយជំរុញសម្ទុះកំណើនសេដ្ឋកិច្ចផង រដ្ឋាភិបាលអាល្លឺម៉ង់ ចង់រំលាយចោលរនាំងឧបសគ្គខាងការិយាធិបតេយ្យ ហើយនិងកែសម្រួលបទដ្ឋានច្បាប់មួយចំនួន ក្នុងការពន្លឿននីតិវិធីសុំចូលសញ្ជាតិ។ នេះគឺបើតាមគម្រោងការថ្មី ដែលរដ្ឋាភិបាលក្រុង ប៊ែរឡាំង ដាក់បង្ហាញ កាលពីថ្ងៃ ពុធ ទី៧ ខែកញ្ញា។
សព្វថ្ងៃ មានជនភៀសខ្លួនរស់នៅអាល្លឺម៉ង់ ប្រមាណជា ១៣០ ០០០ នាក់។ ទន្ទឹមនឹងនេះ រដ្ឋសហព័ន្ធអាល្លឺម៉ង់ ចង់ឱ្យអ្នកសុំសិទ្ធិជ្រកក្រោន និងសញ្ជាតិ អាចមានសញ្ជាតិច្រើន។ ការទទួលបានសញ្ជាតិ អាចធ្វើទៅបាន ក្នុងរយៈពេល ៥ ឆ្នាំ និង ៣ ឆ្នាំ ក្នុងករណីពិសេស។ អ្នកជំនាញមើលឃើញថា អាល្លឺម៉ង់ ចង់ធ្វើដូច្នេះ ព្រោះប្រទេសនេះ កំពុងតែខ្វះកម្លាំងពលកម្ម។
ប្រមុខរដ្ឋាភិបាលសង្គមប្រជាធិបតេយ្យ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ដែលដឹកនាំប្រទេសជាមួយក្រុមបក្សបរិស្ថាននិយម និងបក្សសេរីនិយម គឺត្រូវដាក់បង្ហាញពីគម្រោងផែនការលម្អិត និងច្បាស់លាស់ នៅរវាងប៉ុន្មានខែខាងមុខនេះ។
វិទ្យាស្ថានសហព័ន្ធស្រាវជ្រាវពីការងារ (IAB) បានឱ្យដឹងថា៖ «អាល្លឺម៉ង់ ប្រឈមនឹងស្ថានភាពប្រជាជនចាស់ទៅៗ ហើយនិងបរិបទសង្គមពោរពេញដោយឱកាសការងារ។ ចាប់ពីពេលនេះទៅ ប៉ុន្មានឆ្នាំទៀត អាល្លឺម៉ង់ ត្រូវការជនអន្តោប្រវេសន៍ ដែលជាកម្លាំងការងារ ប្រមាណជា ៤ ទៅ ៥ ម៉ឺននាក់ ក្នុង ១ ឆ្នាំៗ។» ។
ក៏ប៉ុន្តែ ឯកសាររបស់រដ្ឋាភិបាល អាល្លឺម៉ង់ បានព្យាករថា៖ «កង្វះកម្លាំងពលកម្ម ពីពេលនេះ ទៅឆ្នាំ ២០២៦ គឺប្រហែល ២៤ ម៉ឺននាក់» ។ ចំនួននេះតិចជាង ២ ដង បៀបនឹងការសិក្សាឆ្នាំមុន ដោយសារ អាល្លឺម៉ង់ បានទទួលជនភៀសខ្លួនពី អ៊ុយក្រែន។
ក្នុងឆ្នាំ ២០១៥-១៦ ជនអន្តោប្រវេសន៍ប្រមាណ ១ លាននាក់ ហូរចូលទឹកដីអាល្លឺម៉ង់ ក្នុងនោះក៏មានជនជាតិ អាហ្វហ្គានីស្ថាន ដែរ។ ចំពោះមុខកាលៈទេសៈនេះ អាល្លឺម៉ង់ មិនអាចបញ្ចូនជនជាតិ អាហ្វហ្គានីស្ថាន ខុសច្បាប់ ឱ្យត្រឡប់ទៅប្រទេសវិញបានទេ។ កាលពីឆ្នាំទៅមិញ ពេលក្រុង កាប៊ុល ធ្លាក់ក្នុងដៃពួកតាលីបង់ ប្រទេស អាល្លឺម៉ង់ ក៏ទទួលបានជនភៀសសឹកពីអាហ្វហ្គានីស្ថានបន្ថែមទៀតដែរ៕

