វៀតណាមបានប្រកាសពីការរកឃើញនូវវីរុសកូវីដ ១៩ វ៉ារ៉្យង់ថ្មីមួយថា ជាវ៉ារ៉្យង់កូនកាត់មានប្រភពពីឥណ្ឌា និងអង់គ្លេស ដែលអាចចម្លងបានយ៉ាងលឿនតាមរយៈខ្យល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលសម្រង់យកខ្សែអាត់សំឡេងរបស់លោក NguyenThanh Long រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ កាលពីថ្ងៃសៅរ៍កន្លងទៅ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានឱ្យដឹងថា «វីរុសវ៉ារ៉្យង់ថ្មីនេះ ជាវ៉ារ៉្យង់មកពីប្រទេសឥណ្ឌា ដែលបំប្លែងខ្លួនចេញពីវ៉ារ៉្យង់មួយ ដែលមានប្រភពមកពីប្រទេសអង់គ្លេស»។ លោក Long បានបន្ថែមថា វៀតណាមនឹងចេញផ្សាយពីទិន្នន័យហ្ស៊ែននៃវីរុសនេះ នៅពេលឆាប់ៗ។
លោកស្រី Maria Van Kerk-hove អ្នកបច្ចេកទេសឈានមុខរបស់អង្គការសុខភាពពិភពលោកបានប្រាប់ Reuters តាមសារអេឡិចត្រូនិកថា ស្ថាប័នសុខភាពមួយនេះ មិនទាន់ត្រួតពិនិត្យមើលអំពីប្រភេទវ៉ារ៉្យង់ដែលរកឃើញនៅវៀតណាមនោះទេ តែការិយាល័យ WHO នៅប្រទេសវៀតណាម កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលវៀតណាមលើរឿងនេះ៕ ហ៊ីម រដ្ឋា


