កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺបានធ្វើការជូនដំណឹងដល់ពលរដ្ឋនៅក្នុងតំបន់វិនិច្ឆ័យនៅភូមិព្រៃគោកត្រប់ ភូមិបឹងសង្កែ និងភូមិព្រៃឈើទាល ក្នុងឃុំបសេដ្ឋ ស្រុកបសេដ្ឋឱ្យទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាប់ពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែធ្នូ ឆ្នាំ ២០២១ តទៅ។
សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុបានឱ្យដឹងថា ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ ធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យ។ ការចែកជូននេះត្រូវធ្វើឡើងនៅទីតាំងស្នាក់ការភូមិ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «ចំពោះ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់វិនិច្ឆ័យនេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ»។ សេចក្តីជូនដំណឹងបានបន្ថែមថា ម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងខាងលើដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីកន្លងមក សូមមេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញនៅទីតាំងខាងលើចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ជាកំហិត។
ដោយឡែក ម្ចាស់បំណុលដែលបានទទួលការបញ្ចាំ ឬដាក់ធានាបំណុល និងអង្គភាពហិរញ្ញវត្ថុ អង្គភាពនានាដែលពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ ក៏សូមយកប័ណ្ណសម្គាល់សិទ្ធិទាំងអស់នោះ មកប្រគល់ជូនមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីធ្វើនិយ័តកម្មការធានាប្រាក់របស់លោកអ្នក៕


