ភ្នំពេញៈ ក្រោយពីការសិក្សាស្រាវជ្រាវបានប្រព្រឹត្តទៅជាស៊េរីក្នុងឆ្នាំ ២០១៤, ២០១៨ និង ២០១៩ លើជីអាសូត រួចមក នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃក្រសួងកសិកម្មនៅថ្ងៃសុក្រនេះ បានធ្វើការណែនាំដល់កសិករពីការប្រើប្រាស់ជីប្រភេទនេះ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងវិស័យកសិកម្ម។
ការណែនាំរបស់នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនោះរួមមាន៖ ការប្រើជីសរីរាង្គ បាចក្នុងដីស្រែជួយបង្កើនប្រសិទ្ធភាពនៃការប្រើជីអាសូត, កាត់បន្ថយបរិមាណជីអាសូត និងបង្កើនទិន្នផលដំណាំស្រូវ។ ម្យ៉ាងវិញទៀតការដាក់ជីអាសូត ចំនួន ៩៨ គីឡូក្រាម ក្នុង ១ ហិកតាលើក្រុមដីទួលសំរោង គឺជាជម្រើសល្អបំផុតសម្រាប់ស្រូវក្រអូបផ្ការំដួល ឬប្រភេទពូជស្រូវកណ្តាល ដោយសារវាជួយកាត់បន្ថយការដួលដើមដោយសារការលើសសារធាតុចិញ្ចឹមអាសូត បង្កើនប្រសិទ្ធភាពប្រើជីអាសូត និងផ្តល់ទិន្នផលដំណាំខ្ពស់ជាងគេ។ កម្រិតជីអាសូតក៏អាចបន្ថយរហូតដល់ ៤២គីឡូក្រាម ក្នុង ១ហិកតា ដោយវាមិនធ្វើឱ្យធ្លាក់ចុះទិន្នផលខ្លាំងអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចគ្រួសារកសិករ។ លើសពីនោះ ចំពោះស្រូវកណ្តាល (ផ្ការំដួល) ការដាក់ជីអាសូតអាចបំបែកជាបីដង គឺដាក់ទ្រាប់បាត ៤០% ដាក់ ៣០% ក្រោយពេលស្ទូង ៣០ថ្ងៃ និង ៣០% ទៀតដាក់ក្រោយពេលស្ទូង ៦០ថ្ងៃ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពទឹកក្នុងស្រែពីព្រោះវាមានឥទ្ធិពលខ្លាំងណាស់ទៅលើប្រសិទ្ធភាពប្រើប្រាស់ជីអាសូតរបស់ដំណាំស្រូវ។
រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «សរុបមក ការពិសោធន៍ស្រាវជ្រាវខាងលើផ្តល់នូវការយល់ដឹងអំពីការគ្រប់គ្រង និងប្រើជីអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់លើផលិតកម្មដំណាំស្រូវ។ ការយល់ដឹងរបស់កសិករអំពីកត្តាទាំងនេះ គឺ ជាជម្រើសដ៏វៃឆ្លាតមួយក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូត កាត់បន្ថយបរិមាណជី និងបង្កើនទិន្នផល»។
លោកលើកឡើងថា ការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយប្រើបច្ចេកទេស នុយក្លេអ៊ែរ (15N)។ ការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការប្រើជីអាសូត ជួយបង្កើនទិន្នផល កាត់បន្ថយការបាត់បង់អាសូតទៅក្នុងប្រព័ន្ធបរិស្ថានដី និងទឹកដែលបណ្តាលឱ្យមានការបំពុលដល់ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដែលបង្កឱ្យមានការកើនកំដៅផែនដី។
ការពិសោធន៍លើទីវាលត្រូវបានអនុវត្តនៅក្នុងស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅរបស់អគ្គនាយកដ្ឋានកសិកម្ម ស្ថិតក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ជីអាសូតរបស់ដំណាំស្រូវតាមរយៈការប្រើជីកំប៉ុស្តិ៍ លាមកសត្វ ដាក់ទ្រាប់បាត ការកំណត់កម្រិតនៃការដាក់ជីអាសូត ពេលវេលា ការបែងចែកកម្រិតបាចជីអាសូតទៅតាមដំណាក់កាលលូតលាស់ និងពេលវេលាដាំដុះក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវក្រអូបរដូវវស្សាដោយប្រើប្រាស់ពូជស្រូវផ្ការំដួលនៅលើក្រុមដីទួលសំរោង។
ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ អាតូមដើម្បីសន្តិភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (International Atomic Energy Agency/IAEA) នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលការគាំទ្របច្ចេកទេសដើម្បីកសាងសមត្ថភាពចំណេះដឹងវិទ្យាសាស្រ្ត នុយក្លេអែរ សម្រាប់កសិកម្មជាមូលដ្ឋានដើម្បីគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងផលិតកម្មដំណាំស្រូវ៕
វីដេអូ៖


