ភ្នំពេញ: ក្រុមភ្នំពេញក្រោន ដែលកំពុងឈរនៅលេខរៀងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ ២០២១ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់មួយទៀត ទៅលើការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) ឆ្នាំ ២០២១ ព្រោះពួកគេចង់បង្កើតឱ្យមាននូវការភ្ញាក់ផ្អើល ដូចកាលពីអតីតកាល គឺពេលដែលក្រុមភ្នំពេញក្រោន បានលើកពានថ្នាក់ជាតិមួយនេះ ចំនួន ២ ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ ២០០៨ និងឆ្នាំ ២០០៩។
តាមរយៈក្លិបភ្នំពេញក្រោន ផ្ទាល់ លោក Oleg Starynskyi ជាគ្រូបង្គោលក្រុមនេះ បាននិយាយថា៖ «ពានរង្វាន់សម្តេចហ៊ុនសែន គឺជាពានដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា វាពិតជាសំខាន់ ដូចពានលីគកំពូលដែរ ហើយជាងនេះទៅទៀត ក្រុមភ្នំពេញក្រោន ធ្លាប់ឈ្នះពាននេះ យូរឆ្នាំមកហើយ ហេតុនេះក្នុងនាមជាក្លិបធំមួយ យើងត្រូវតែមានមហិច្ឆតាធំ ក្នុងការប្រកួតប្រជែងពានទាំង ២ នេះ ព្រោះកីឡាករ គ្រូបង្វឹក បុគ្គលិកទាំងអស់ ព្រមទាំងប្រធានក្លិប គឺចង់បានពានរង្វាន់កាន់តែច្រើន តាមដែលអាចធ្វើបាន»។
យ៉ាងណាក៏ដោយ ដោយសារតែការប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០២១ នេះ ត្រូវបានកំណត់ឱ្យលេងតាមរូបមន្តជម្រុះចាញ់ធ្លាក់ៗនោះ លោក Oleg Starynskyi បានជំរុញឱ្យកូនក្រុមរបស់លោក ត្រូវតែខំប្រឹងលេងឱ្យអស់ពីសមត្ថភាព ហើយមិនត្រូវបង្កើតកំហុសនោះទេ។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ «ពិតណាស់ (ការប្រកួតជម្រុះចាញ់ធ្លាក់ៗ) វាកាន់តែធ្វើឱ្យការប្រកួតជក់ចិត្តបន្ថែមទៀត ហើយយើងត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពគ្រប់ការប្រកួត ព្រោះប្រសិនយើងបង្កើតកំហុស នោះយើងមិនមានពេល ក្នុងការកែប្រែការប្រកួត នៅប្រកួតបន្ទាប់ទៀតទេ អ៊ីចឹង នេះជាមូលហេតុ ដែលយើងត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការប្រកួតដំបូងនេះ»។
ជាមួយគ្នានេះ ក្រុមភ្នំពេញក្រោន បានបញ្ចូលក្រុមយុវជនមួយចំនួន ឱ្យចូលរួមជាមួយក្រុមធំរបស់ខ្លួន ដើម្បីត្រៀមការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ នៅឆ្នាំនេះដែរ ប៉ុន្តែឱកាសបានបង្ហាញខ្លួនសម្រាប់ក្រុមយុវជនទាំងនេះ ហាក់ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់នៅឡើយទេ បើទោះបីជាការប្រកួតជម្រុះវគ្គ ១៦ ក្រុមដំបូង ភ្នំពេញក្រោន ត្រូវជួបក្រុមមន្ទីរអយកខេត្តត្បូងឃ្មុំ ដែលបានលេខ ២ ក្នុងការប្រកួតនៅថ្នាក់ខេត្តក៏ដោយ។
លោក Oleg Starynskyi បានបង្ហើបថា៖ «យើងមានកីឡាករមួយចំនួនទើបតែឡើងមក ដោយពួកគេនៅក្មេងៗ ហើយសម្រាប់ការប្រកួតផ្លូវការ ពួកគេត្រូវព្យាយាមឱ្យបានខ្លាំង ហើយប្រសិនបើគេយល់ គឺពួកគេនឹងមានឱកាស។ យើងត្រូវតែរៀបចំ សម្រាប់ការប្រកួតនេះ ព្រោះយើងមិនអាចបង្កើតកំហុស ក្នុងការប្រកួតនេះបានទេ ហើយការជួបក្រុមខេត្តត្បូងឃ្មុំ យើងត្រូវតែឈ្នះ»។
លោក Starynskyi បានបញ្ជាក់ទៀតថា៖ «យើងត្រូវតែដាក់កីឡាករល្អៗលេង ដើម្បីទទួលបាននូវលទ្ធផលល្អ។ ចំណែកការរៀបចំ យើងយល់ថា ក្រុមមកពីខេត្ត (ត្បូងឃ្មុំ) ជាក្រុមខ្លាំង អ៊ីចឹងយើងមិនអាចរំពឹងថា ជាការប្រកួតដែលងាយស្រួល ឬក៏ដាក់កីឡាករក្មេងៗលេងច្រើននោះទេ។ យើងត្រូវតែរៀបចំដូចការប្រកួតរាល់ដង ដូច្នេះវាមិនមានពេលក្នុងការបង្កើតឱ្យមានកំហុសនោះទេ យើងត្រូវតែឈ្នះ ដើម្បីបានឡើងទៅលេងនៅវគ្គបន្តទៀត»៕


