ភ្នំពេញៈ ក្រុមហ៊ុនផលិតដែកថែបមួយក្នុងចំណោមក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់ចិនកំពុងស្វែងរកដៃគូនៅកម្ពុជាដើម្បីបង្កើតរោងចក្រដែកថែបដែលនឹងកាត់បន្ថយការពឹងលើការនាំចូលរបស់កម្ពុជាសម្រាប់វិស័យសំណង់របស់ខ្លួន។ នេះបើតាមប្រធានប្រតិបត្តិក្រុមហ៊ុន។
លោក Weng Wei Min ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្រុមហ៊ុន Hangzhou Iron & Steel Group បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ក្រៅវេទិកាធុរកិច្ចកម្ពុជា-ចិនថាក្រុមហ៊ុនលោកកំពុងស្វែងរកក្នុងការចាប់យកកំណើនការសាងសង់នៅពេលបច្ចុប្បន្នរបស់កម្ពុជាដោយការបង្កើតរោងចក្រដែកថែប។
លោកពន្យល់ថា៖ «ប្រទេសកម្ពុជាកំពុងទទួលបានការអភិវឌ្ឍយ៉ាងរហ័សហើយជាមួយនឹងការអភិវឌ្ឍនោះធ្វើឲ្យមានតម្រូវការដែកថែប និងដែកទោះបីជាការសាងសង់ផ្លូវថ្នល់ ស្ពាននិងផ្ទះក៏ដោយ»។ លោកបន្តថា៖ «កម្ពុជាមិនមានរោងចក្រដែកថែប និងដែកផ្ទាល់របស់ខ្លួនទេដូច្នេះចំនួនដែក និងដែកថែបដ៏ច្រើនត្រូវបាននាំចូលពីបរទេស»។
លោក Weng ឲ្យដឹងថាក្រុមហ៊ុន Hangzhou Iron and Steel ដែលជាសហគ្រាសរដ្ឋមានទ្រព្យសកម្ម ១០ ពាន់លានដុល្លារ និងមានបទពិសោធជាង ៥០ ឆ្នាំក្នុងការផលិតដែកកំពុងស្វែងរកការពង្រីកក្រុមហ៊ុនរបស់ខ្លួននៅបរទេស និងនាំចូលមកនូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ខ្លួន។ លោកថ្លែងថា៖ «នៅពេលនេះយើងកំពុងស្វែងរកកិច្ចព្រមព្រៀង និងដៃគូក្នុងការលក់បច្ចេកវិទ្យារបស់យើងដល់កម្ពុជា និងបង្កើតរោងចក្រដែកថែបរួមគ្នា»។ លោកបន្តថា៖ «យើងអាចវិនិយោគលើភាគហ៊ុន និងចូលរួមក្នុងការបង្កើតរោងចក្រដែកថែបនៅក្នុងប្រទេសកម្ពុជា»។
លោកបន្តថាក្រុមហ៊ុនចង់បានទីតាំងមួយនៅជិតទីក្រុងភ្នំពេញប៉ុន្តែបានទទួលស្គាល់ថាគម្រោងនេះអាចប្រឈមនឹងឧបសគ្គដ៏ធំដោយសារតែធនធានកំពង់ផែ និងបណ្ដាញដឹកជញ្ជូនរបស់កម្ពុជានៅមានកម្រិត។ លោកបញ្ជាក់ថា៖ «យើងជឿជាក់ថាតម្រូវការរោងចក្រដែកថែបនឹងមានកម្រិតខ្ពស់នៅពេលអនាគត»។ លោកបន្តថា៖ «យើងមិនអាចបញ្ជាក់បានទេថារោងចក្រនេះនឹងត្រូវបានសាងសង់នៅទីនេះប៉ុន្តែមូលហេតុដែលយើងកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះកម្ពុជាគឺដោយសារតែយើងគិតថាវាជាកន្លែងដែលមានតម្លៃក្នុងការស្វែងរកឱកាសសម្រាប់ការសហការ»។
កម្ពុជានាំចូលដែកថែបជាង ២៦៥ ០០០ តោនកាលពីឆ្នាំមុនដែលភាគច្រើនមកពីប្រទេសវៀតណាម និងចិន។
លោក ហ៊ត ផេង ប្រធាននាយកដ្ឋានកិច្ចការឧស្សាហកម្មនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថាការផលិតដែកថែបក្នុងស្រុកនឹងផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាតាមមធ្យោបាយជាច្រើន។
លោកលើកឡើងថា៖ «ប្រសិនបើយើងអាចផលិតដែកថែបនៅទីនេះបានវានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដោយសារតែយើងអាចប្រើប្រាស់វត្ថុធាតុដើមផ្ទាល់របស់យើង»។ លោកបន្ថែមថា៖ «វានឹងបង្កើតប្រាក់ចំណូលជាតិផងដែរការផ្លាស់ប្តូរបច្ចេកទេស និងការងារក្នុងស្រុកហើយការផលិតដែកថែបមានតម្លៃទាបជាងតម្លៃនាំចូល»។
កាលពីខែមុនប្រធានប្រតិបត្តិទីផ្សារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានឲ្យដឹងថាក្រុមហ៊ុនដែកថែបរបស់ប្រទេសចិនដែលមិនប្រាប់ឈ្មោះកំពុងស្ថិតក្នុងការចរចាបង្កើតរោងចក្រមួយនៅក្នុងសួនឧស្សាហកម្មនេះដែលនឹងផ្ដល់ការងារថ្មីរហូតដល់ ៥០០ កន្លែង។
មកដល់ពេលនេះគេនៅតែមិនច្បាស់ថាតើក្រុមហ៊ុននេះជាក្រុមហ៊ុនតែមួយ ឬក៏ក្រុមហ៊ុនផ្សេងទៀតនោះទេ?
យោងតាមលោក ហ៊ត ផេង ក្រុមហ៊ុនមួយចំនួនបានដាក់សំណើទៅអាជ្ញាធរវិនិយោគកម្ពុជាសុំការអនុញ្ញាតបង្កើតរោងចក្រដែកថែប ឬរោងចក្រកែច្នៃឡើងវិញ។ ប៉ុន្តែមានតែក្រុមហ៊ុន GNMG ប៉ុណ្ណោះបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ។
កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន GNMG បានប្រកាសផែនការសាងសង់រោងចក្រដែកថែបតម្លៃ ៥០០ លានដុល្លារនៅក្នុងខេត្តព្រះវិហារប៉ុន្តែគម្រោងនេះបានជាប់គាំងភ្លាមៗ។ គម្រោងនេះត្រូវបានបញ្ឈប់កាលពីដើមឆ្នាំនេះពេលនិយតករចិនបានចេញបញ្ជាឲ្យសហគ្រាសគ្រប់គ្រងដោយរដ្ឋដែលគ្មានលទ្ធភាពសងប្រាក់ត្រូវបញ្ឈប់ប្រតិបត្តិការ និងទូទាត់បញ្ជីទ្រព្យសកម្មរបស់ខ្លួន៕ LA
រាយការណ៍បន្ថែមដោយៈ ចេង សុខហ័ង
Joey Chua Xue Ting


