ក្រុងប៉ារីសៈ ការជួបគ្នាជាថ្មីដែលគេរំពឹងទុកបំផុតរវាងសត្រូវចាស់ក្រុម Celtic និង Inter នៅក្នុងក្រុង Glasgow បានធ្វើឲ្យការប្រកួតនេះជាការជួបគ្នាដ៏ធំនៅក្នុងជំនួប៣២ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ដោយជើងទីមួយ ត្រូវចាប់ផ្តើមលេងពីរាត្រីថ្ងៃព្រហស្បតិ៍នេះ។
ក្រុមទាំងពីរធ្លាប់បានជួបគ្នាដ៏តឹងតែងក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបឆ្នាំ១៩៦៩ នៅក្រុងលីស្បោន ដែលកាលនោះ ក្រុម Celtic បានយកឈ្នះ ២-១ ដើម្បីគ្រងតំណែងជើងឯកទ្វីបអឺរ៉ុប។
បន្ទាប់មកក្រុម Inter បានសងសឹកវិញ ដោយ ឈ្នះការស៊ុតបាល់ប៉េណាល់ទី នៅពេលក្រុមទាំងពីរ បានជួបគ្នាក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រដដែលក្នុងឆ្នាំ១៩៧២ ហើយពួកគេក៏មិនដែលបានជួបគ្នាតាំងពីពេលនោះមក។
ក្រុមទាំងពីរពុំមានក្រុមណាមួយខ្លាំងដូចកាលពី ពេលនោះទេ ប៉ុន្តែការជួបគ្នារបស់ពួកគេនៅតែលក់ សំបុត្រអស់គ្មានសល់នៅឯកីឡដ្ឋាន Celtic Park ខណៈក្រុមជើងឯកស្កុតឡេននោះ សម្លឹងទៅរកជ័យជម្នះគួរឲ្យចងចាំម្តងទៀតប្រឆាំងនឹង Inter។
ជំនួយការគ្រូបង្វឹកក្រុម Celtic លោក John Collins បាននិយាយថា៖ «យើងនឹងត្រូវកាត់សេចក្តីបន្ទាប់ពីការប្រកួតពីរ។ ប៉ុន្តែយើងដឹងថា យើងកំពុងលេងបានល្អ និងមានទំនុកចិត្ត»។
ក្រុម Celtic បានឈ្នះ៨ប្រកួតចុងក្រោយ ប៉ុន្តែ នៅអឺរ៉ុបរដូវនេះពួកគេលេងនៅមានកម្រិត ហើយពួកគេត្រូវតែប្រយ័ត្ននឹងក្រុម Inter ដែលទើបតែឈ្នះពីរប្រកួតជាប់គ្នាថ្មីៗនេះ។
លោក Collins បានបន្ថែមថា៖ «យើងមិនមែនកំពុងលេងជាមួយក្រុមស្កុតឡេនទេ ប៉ុន្តែជាក្រុមមួយ ដែលសុទ្ធតែកីឡាករអន្តរជាតិ និងអ្នកចាត់ការមានបទពិសោធដែលធ្លាប់ឈ្នះពានលំដាប់កំពូល។ វា ជាបញ្ហាប្រឈមសម្រាប់យើង។ដើម្បីឈ្នះការប្រកួតនេះ យើងត្រូវតែលេងឲ្យបានល្អបំផុតទាំងពីរប្រកួត ហើយយើងនឹងមានសមត្ថភាព»។
ក្រុម Inter នឹងអាចកោះហៅកីឡាករអន្តរជាតិស្វ៊ីស Xherdan Shaqiri ដែលបានទិញពីខែមុន ពីក្រុម Bayern Munich។
បន្ទាប់ពីធ្លាក់ពីជម្រុះតាមពូលនៅឆេមពានលីក ក្រុម Liverpool ក៏ត្រូវជួបក្រុម Besiktas នៅក្នុង Europa League ជើងទីមួយ នៅឯកីឡដ្ឋាន Anfield ជាការជួបគ្នាជាថ្មី បន្ទាប់ពីធ្លាប់ជួបគ្នាម្តង ក្នុងឆេមពានលីកដែលកាលនោះ Liverpool បានឈ្នះ៨-០ ជាឯតទគ្គកម្មអឺរ៉ុបលើទឹកដីតួកគី។
ក្រុម Besiktas ចូលមកកាន់ការប្រកួតនេះ ក្នុងនាមជាក្រុមកំពូលរបស់តួកគី បន្ទាប់ពីឈ្នះក្រុម Bursaspor ៣-២ រីឯក្រុម Liverpool ត្រូវលេងដោយគ្មាន Lazar Markovic ដែលជាប់ពិន័យ៤ប្រកួត។ ក្រុម Besiktas រកបាន៤ពិន្ទុពី២ប្រកួត ជាមួយក្រុម Tottenham ក្នុងវគ្គជម្រុះតាមពូល ប៉ុន្តែក្រុមនៅភាគខាងជើងក្រុងឡុងដ៍នេះនៅតែអាចចូលដល់ការប្រកួត៣២ក្រុមចុងក្រោយដដែល ដោយត្រូវជួបក្រុម Fiorentina របស់អ៊ីតាលីក្នុងជើងទីមួយ ក្នុងកីឡដ្ឋាន White Hart Lane។
ប្រកួតផ្សេងទៀតគឺ
Young Boys (SUI) v Everton (ENG)
Torino (ITA) v Bilbao (ESP)
Wolfsburg (GER) v Lisbon (POR)
Dnipro (UKR) v Olympiakos (GRE)
Trabzonspor (TUR) v Napoli (ITA)
Roma (ITA) v Feyenoord (NED)
PSV (NED) v Zenit (RUS)
Aalborg (DEN) v Club Brugge (BEL)
Anderlecht (BEL) v Dynamo M. (RUS)
Guingamp (FRA) v Dynamo K(UKR)
Villarreal (ESP) v Salzburg (AUT)
Ajax (NED) v Legia Warsaw (POL)
Sevilla (ESP) v Mgladbach (GER)


