ក្រុងអាថែនៈ ការវាយតម្លៃពីគោលនយោបាយរបស់ប្រទេសក្រិកក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលកំពុងប្រឈមនឹងបញ្ហារបស់ខ្លួន នឹងត្រូវពន្យារពេលដោយសារការខ្វែងគំនិតគ្នារវាងសហភាពអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្ដរជាតិ នេះបើយោងតាមលោក Alexis Tsipras នាយករដ្ឋមន្ត្រីក្រិក។
យោងតាមការដកស្រង់ប្រភពពីសារព័ត៌មាន Avghi daily ដែលស្និទ្ធស្នាលនឹងគណបក្ស Syriza របស់លោក Tspiras លោក Tspiras បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា៖ «ការចរចាពីផែនការកំណែទម្រង់នេះ មានភាពយឺតយ៉ាវ ដោយមិនមានការចុះសម្រុងគ្នា»។
លោក Tsipras បានបញ្ជាក់ថា ប្រទេសក្រិកបញ្ជូនផែនការកំណែទម្រង់ប្រាក់សោធនរបស់ខ្លួនឲ្យម្ចាស់ឥណទានកាលពីដើមខែ មករា តែ «រហូតមកដល់ពេលនេះ យើងមិនបានទទួលការឆ្លើយតបជាផ្លូវការពីគ្រឹះស្ថានទាំងនេះទេ ដោយសារការខ្វែងគំនិតគ្នាខ្លាំង»។
លោក Poul Thomsen ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិប្រចាំតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ បានឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយប្រឈមនឹងភាពភ័យខ្លាចថា ប្រទេសក្រិកអាចនឹងត្រូវចាកចេញពីតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូនោះ ប្រទេសក្រិកដែលខ្វះសាច់ប្រាក់កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងដើម្បីសម្រេចកំណែទម្រង់ដែលអាចជឿជាក់បាន ជាពិសេសកំណែទម្រង់ប្រាក់សោធន។
មូលនិធិ IMF បានសហការជាមួយសហភាពអឺរ៉ុបលើថវិកាសង្គ្រោះពីរលើកកន្លងមកហើយសម្រាប់ប្រទេសក្រិកបើគិតចាប់តាំងពីឆ្នាំ ២០១០ មក តែមូលនិធិនេះបានឲ្យដឹងថា ខ្លួននឹងមិនចូលរួមក្នុងផែនការផ្ដល់ថវិកាសង្គ្រោះលើកទីបីទេ បើគ្មានកំណែទម្រង់ដែលអាចជឿជាក់បាន និងកិច្ចព្រមព្រៀងសហភាពអឺរ៉ុបដើម្បីបន្ធូរបន្ថយបន្ទុកបំណុលរបស់ក្រិក។
កាលពី ១០ ថ្ងៃមុន កិច្ចពិភាក្សាលើកដំបូងដែលបានរៀបចំឡើងនៅទីក្រុងអាថែនរវាងម្ចាស់ឥណទាន និងអាជ្ញាធរក្រិកមិនអាចសម្រេចទៅបាន។ នេះបើតាមការិយាល័យស្ថិតិអឺរ៉ុប ក្រិកចំណាយថវិកា ១៧ ភាគរយនៃ ផ.ស.ស លើប្រាក់សោធន៕


