ប៊ែរឡាំងៈ Volkswagen ដែលជាក្រុមហ៊ុនរថយន្តឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់បានបង្ហាញប្រាក់ចំណេញសុទ្ធចំនួន ២,២៨ ពាន់លានអឺរ៉ូ (២,៤៩ ពាន់លានដុល្លារ) នៅត្រីមាសទី ៣ និងបានបង្កើនការព្យាករពេញមួយឆ្នាំរបស់ខ្លួនដែលកំពុងប្រែក្លាយស្ថានភាពចេញពីការខាតបង់ច្រើនកាលពីឆ្នាំកន្លងមកដោយសាររឿងអាស្រូវបោកប្រាស់ការបំភាយឧស្ម័នរបស់ខ្លួន។
ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះនៅក្នុងរយៈពេល ៣ ខែគិតត្រឹមខែកញ្ញាបានធ្លាក់ចុះបន្តិចខុសនឹងការព្យាករដោយក្រុមអ្នកវិភាគថាមានចំនួន ២,៤៥ ពាន់លានអឺរ៉ូប៉ុន្តែគឺជាការកើនឡើងខ្លាំងធៀបនឹងការខាតបង់សុទ្ធ ១,៧៣ ពាន់លានអឺរ៉ូដែលបានបង្ហាញនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនផលិតរថយន្តមួយនេះដែលជាឧស្សាហកម្មដ៏ល្អបំផុតរបស់ប្រទេសអាល្លឺម៉ង់ត្រូវបានធ្លាក់ចូលក្នុងវិបត្តិជ្រៅបំផុតមិនធ្លាប់មានរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំមុនដែលក្រុមហ៊ុននេះបានដំឡើងសូហ្វវែរក្លែងបន្លំការបំភាយឧស្ម័ននៅក្នុងម៉ាស៊ីនម៉ាស៊ូត ១១ លានគ្រឿងទូទាំងពិភពលោក។
ឧបករណ៍នេះបានអនុញ្ញាតឲ្យរថយន្តមួយចំនួនបញ្ចេញកម្រិតឧស្ម័នជិត ៤០ ដងលើកម្រិតនៃការអនុញ្ញាតដែលជាការបង្កគ្រោះថ្នាក់ដល់បរិស្ថានធ្ងន់ធ្ងរ។
ការចំណាយរបស់កិច្ចការនេះនៅតែមិនអាចគណនាបានដែលរួមមានការពិន័យបទប្បញ្ញត្តិ និងការចំណាយផ្លូវច្បាប់បានជំរុញឲ្យក្រុមហ៊ុន VW ធ្លាក់ចុះចូលក្នុងឱនភាពជាលើកដំបូងក្នុងរយៈពេលជាង ២០ ឆ្នាំកាលពីឆ្នាំមុននៅពេលដែលក្រុមហ៊ុននេះបានកត់ត្រាការខាតបង់ចំនួន ១,៦ ពាន់លានអឺរ៉ូ។
បទប្បញ្ញតិ្តនេះត្រូវចំណាយលើការជួសជុលការទិញយកវិញ និងការចំណាយផ្លូវច្បាប់រហូតមកដល់ពេលនេះបានកើនឡើងដល់ប្រហែល ១៨ ពាន់លានអឺរ៉ូ។
ប៉ុន្តែនៅក្នុងសញ្ញាមួយដែលក្រុមហ៊ុនកំពុងប្រែក្លាយស្ថានភាពដោយ Volkswagen បានព្យាករកាលពីថ្ងៃព្រហស្បតិ៍ថាប្រាក់ចំណូលការលក់ពេញមួយឆ្នាំរបស់ខ្លួន «អាចឈានដល់តួលេខឆ្នាំមុន» ដែលបង្កើនការព្យាករលើកមុនរបស់ខ្លួននៃការធ្លាក់ចុះ ៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពេលនេះក្រុមហ៊ុនមើលឃើញប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនលើការលក់ដែលជាការវាស់វែងប្រាក់ចំណេញឈានដល់ «កម្រិតខ្ពស់» នៃការព្យាករលើកមុនចាប់ពី ៥ ដល់ ៦ ភាគរយ។
ការបង្កើនចក្ខុវិស័យសម្រាប់ក្រុមហ៊ុននេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីចៅក្រមអាមេរិកបានផ្ដល់ការអនុម័តចុងក្រោយសម្រាប់ការទូទាត់រឿងក្ដី ១៤,៧ ពាន់លានដុល្លារនៅក្នុងរឿងអាស្រូវក្លែងបន្លំការបំភាយឧស្ម័នដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ដ្ររបស់ក្រុមហ៊ុនផលិតរថយន្ត។
ក្រុមហ៊ុនបានសងជំងឺចិត្តដល់ម្ចាស់រថយន្តជិតកន្លះលាននាក់នៅអាមេរិកដោយសាររថយន្ត Volkswagen និងរថយន្ត Audi ប្រើម៉ាស៊ូតដែលបំពុលបរិយាកាសហើយជាមួយគ្នានេះដែរក៏បានដោះស្រាយបណ្ដឹងមួយចំនួនដោយនិយតករបរិយាកាសអាមេរិក និងរដ្ឋកាលីហ្វ័រនីញ៉ាដែលបានពិន័យពីបទការរំលោភលើច្បាប់បំពុលបរិយាកាស។
ប៉ុន្តែក្រុមហ៊ុននៅតែកំពុងចរចាជាមួយព្រះរាជអាជ្ញាសហព័ន្ធអាមេរិកដើម្បីដោះស្រាយការចោទប្រកាន់ព្រហ្មទណ្ឌដែលជាប់ទាក់ទងនឹងការបោកប្រាស់បំភាយឧស្ម័នហើយប្រឈមនឹងពាក្យបណ្ដឹងជាច្រើននៅតំបន់អឺរ៉ុបដែលខ្លួនបានសន្យាថានឹងជួសជុលរថយន្តទាំងនោះវិញ៕ LA


