ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក បើក «យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត» ដល់អ្នកបើកបរម៉ូតូកង់បីចំនួន ៣០០នាក់ជាលើកដំបូង ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញឱ្យពួកគាត់ប្រកបរបរដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្តិភាពដល់អ្នកធ្វើដំណើរ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានលើកឡើងក្នុងកម្មវិធីបើកយុទ្ធនាការ នាថ្ងៃអង្គារ ទី២៣ ខែមិថុនានេះថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំអនុវត្តផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានជោគជ័យនូវទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០% ក្នុងរយៈពេល១០ឆ្នាំ (២០២១-២០៣០) ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្មវិធីនេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញឱ្យអ្នកបើកបរម៉ូតូកង់បី ដែលជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា ប្រកបរបរប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្តិភាពរបស់អ្នកធ្វើដំណើរផងដែរ។
ក្រសួងបានឱ្យដឹងថា យុទ្ធនាការបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវចំណេះដឹងបន្ថែម ជូនដល់អ្នកបើកបរម៉ូតូកង់បីដែលជាសមាជិកក្រុមហ៊ុន អំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយទំនួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែល្អប្រសើរជូនសាធារណជន និងដើម្បីត្រៀមខ្លួនក្នុងការប្រឡងយកបណ្ណបើកបរត្រឹមត្រូវស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមថា យុទ្ធនាការបណ្តុះបណ្តាលនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតីម្ចាស់ការ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ។ លោកក៏បានស្នើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងពាក់ព័ន្ធដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយទៅដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់ខ្លួន៕

