ក្រុងសេអ៊ូលៈ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានរិះគន់អាមេរិកចំពោះការសម្ពាធខ្លាំងហួសហេតុទៅលើកូរ៉េក្នុងការជំរុញឲ្យកូរ៉េខាងជើងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េដោយហៅការដាក់សម្ពាធនោះថា ជាក្បិលកលមជ្ឈិមសម័យ។
នៅក្នុងអត្តបទមួយ សារព័ត៌មាន DPRK Today បានឲ្យដឹងថា៖«អាមេរិក បានភ្លេចកម្មវត្ថុនានា ដែលត្រូវបានព្រមព្រៀងគ្នានៅក្នុងអំឡុងជំនូបកំពូលនៅក្នុងប្រទេស សិង្ហបុរី ខណៈពេលការធ្វើដំណើរចុះពីរថភ្លើងនិងនៅលើផ្លូវឈានរកការធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិកល្អប្រសើរឡើងវិញ និងមានសន្តិភាពហើយឥឡូវនេះបែរជាបង្ខំឲ្យខ្លួន (កូរ៉េខាងជើង) លុបបំបាត់នុយក្លេអ៊ែរតាមរយៈការដាក់សំពាធខ្លាំងក្លានេះ»។
សារព័ត៌មាននោះបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ អាមេរិកកំពុងព្យាយាមបង្កើនប្រព័ន្ធតាមដានរបស់ខ្លួនទៅលើសកម្មភាពយោធារបស់កូរ៉េខាងជើង ហើយធ្វើសមយុទ្ធ យោធាជាច្រើនជាមួយប្រទេសជប៉ុន តាមរយៈការចល័តនាវាដឹកយន្តហោះបំពាក់ក្បាលនុយក្លេអ៊ែរ និងយន្តហោះចម្បាំងជាច្រើនគ្រឿងនៅជុំវិញឧបទ្វីបកូរ៉េ ដោយហៅវិធានការនោះថាជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធបន្ថែមទៅលើកូរ៉េខាងជើង។
សារព័ត៌មាននោះបានបន្តទៀតថា ៖«ទង្វើទាំងអស់របស់អាមេរិក បានកើតចេញពីមធ្យោបាយមជ្ឈិមសម័យដែលគិតថា យុទ្ធសាស្ត្រគំរាមកំហែងបង្ខិតបង្ខំ និងអមនុស្សធម៌អាចជំរុញឲ្យមានការចរចា។
«អាមេរិកត្រូវតែដឹងថារូបមន្តប្រឆាំងភាពជាក់ស្តែងនិងមិនសមហេតុផល មិនត្រូវប្រើមកលើពួកយើង(កូរ៉េខាងជើង)ទេ»៕Yonhap/ SK


