សេអ៊ូលៈ កម្មករសហជីពរាប់ម៉ឺននាក់នៅក្រុមហ៊ុន Hyundai Motor របស់ប្រទេសកូរ៉េខាងត្បូងបានធ្វើកូដកម្មទ្រង់ទ្រាយធំជាលើកដំបូងកាលពីថ្ងៃចន្ទក្នុងរយៈពេលជាងមួយទសវត្សរ៍បន្ទាប់ពីការចរចាលើការបង្កើនប្រាក់ឈ្នួលបានជាប់គាំង។
អ្នកនាំពាក្យសហជីពកម្មករមួយរូបបានឲ្យដឹងថាកម្មករជិត ៥០ ០០០ នាក់នៅក្នុងរោងចក្រ ៣ របស់ក្រុមហ៊ុន Hyundai Motor ទូទាំងប្រទេសដែលរួមទាំងរោងចក្រដ៏សំខាន់មួយនៅទីក្រុង Ulsan ភាគខាងត្បូងបានដើរចេញពីការងារកាលពីថ្ងៃចន្ទ។
ការឈប់ធ្វើការងាររយៈពេលមួយថ្ងៃគឺជាការធ្វើកូដកម្មដ៏ធំលើកដំបូងនៅក្នុងក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ ២០០៤ ។
អ្នកនាំពាក្យសហជីពនេះបានឲ្យដឹងថាកម្មករនឹងធ្វើកូដកម្មតាមផ្នែករយៈពេល ៦ ម៉ោងចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ។
សហជីពកម្មកររបស់ក្រុមហ៊ុន Hyundai បានធ្វើកូដកម្មតាមផ្នែកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ ដែលរួមទាំងការឈប់ធ្វើការងារដូចនោះជិត ២០ ដងនៅឆ្នាំនេះទាមទារប្រាក់ឈ្នួលខ្ពស់ និងអត្ថប្រយោជន៍កាន់តែល្អ។
ការទាមទារចុងក្រោយពីកម្មករជាច្រើនដែលរួមទាំងការបង្កើនប្រាក់ឈ្នួល ៧,២ ភាគរយ និងប្រាក់បន្ថែមសម្រាប់បុគ្គលិកសរុបមានតម្លៃ ៣០ ភាគរយនៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំមុនផងដែរ។
Hyundai គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូងនឹង Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធតូចរបស់ខ្លួនបានបង្កើតជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេទី ៥ របស់ពិភពលោក។
ប៉ុន្តែក្រុមហ៊ុននេះបានជម្នះឧបសគ្គជាច្រើននៅពេលថ្មីៗនេះដោយសារតែការប្រែប្រួលតម្លៃរូបិយប័ណ្ណ និងការធ្លាក់ចុះការលក់នៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ដែលរួមទាំងប្រទេសចិន។
ក្រុមហ៊ុន Hyundai បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធក្នុងរយៈពេល ១០ ត្រីមាសជាប់ៗគ្នាដែលថ្មីៗនៅត្រីមាសទី ២ ឆ្នាំនេះ។
ក្រុមហ៊ុន Hyundai បានប៉ាន់ប្រមាណការខាតបង់ហិរញ្ញវត្ថុដោយសារតែការធ្វើកូដកម្មជាបន្តបន្ទាប់រហូតមកដល់ឆ្នាំនេះរហូតដល់ជាងពីរពាន់ពាន់លានវ៉ុន (១,៨ ពាន់លានដុល្លារអាមេរិក)៕ LA


