ភ្នំពេញៈ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញចំនួន ១២០ កន្លែងសម្រាប់សិក្សាក្នុងថ្នាក់បរិញ្ញាបត្ររបស់វិទ្យាស្ថានតាមរយៈការប្រឡង។
មុខជំនាញដែលសិក្សាមានចំនួន៣ រួមមាន ពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារ (Bachelor of E-Commerce and Logistics) ទូរគមនាគមន៍ និងNetworking (Bachelor of Telecoms and Networking) និង វិទ្យាសាស្ត្រ កុំព្យូទ័រ (Bachelor of Computer Science)។
តាមការឲ្យដឹងរបស់អ្នកផ្តល់ព័ត៌មានរបស់ NIPTICT ការប្រឡងនេះមិនតម្រូវឲ្យបេក្ខជនប្រឡងរួមគ្នាឡើយ តែបេក្ខជនត្រូវមកប្រឡងនៅវិទ្យាស្ថានដាច់ដោយឡែក ឲ្យបានមុនថ្ងៃកំណត់ឈប់ទទួលពាក្យ គឺថ្ងៃទី២៨ ខែតុលា ឆ្នាំនេះ។ ការប្រឡងត្រូវបានធ្វើឡើងលើកុំព្យូទ័រ ដោយមុខវិជ្ជាប្រឡងរួមមានគណិតវិទ្យា ភាសាអង់គ្លេស និងតក្កវិទ្យា។
បេក្ខជន ១២០នាក់ដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១២០ នាក់ នឹងទទួលបានអាហារូបករណ៍ ១០០ ភាគរយ។
NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេបង្អស់នៅកម្ពុជាដែលផ្តល់ការបណ្តុះបណ្តាលជំនាញ ទូរគមនាគមន៍ និង ពាណិជ្ជកម្មអេឡិចត្រូនិក៕


