ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមមន្រ្តីក្រសួង និងអាជ្ញាធរមូលដ្ឋានពង្រឹងការការពារធនធានធម្មជាតិ ក្រោយពីមានការបង្ក្រាបជាបន្តបន្ទាប់ទៅលើបទល្មើសព្រៃឈើរបស់បុគ្គល ធំៗមួយចំនួន ដែលពុំដែលមានការចាប់ខ្លួនបុគ្គលទាំងនោះសោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងត្រូវបានចេញផ្សាយម្សិលមិញ ដោយសារព័ត៌មាន Fresh News ដែលជាញឹកញាប់ត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយពីសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីបានទាមទារឲ្យក្រុមអាជ្ញាធរចាត់វិធានការតឹងរឹងលើការធ្វើអាជីវកម្មព្រៃឈើខុសច្បាប់ និង ការជួញដូរសត្វព្រៃ។
សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា៖ «រដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ គ្រប់គ្រង់រាល់សិប្បកម្មកែច្នៃ អាជីវកម្មធនធានព្រៃឈើ និងជលផល និងលុបបំបាត់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើនិងជលផលដែលគ្មានច្បាប់អនុញ្ញាត»។
សេចក្តីថ្លែងការណ៍បន្តថា៖ «ត្រូវត្រួតពិនិត្យ និងចាត់វិធានការលុបបំបាត់ការដឹកជញ្ជូន និងការស្តុកឈើគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
សេចក្តីថ្លែងការណ៍ ដែលបានអំពាវនាវជាក់លាក់ទៅដល់ក្រសួងកសិកម្ម និងរដ្ឋបាលព្រៃឈើនេះ ក៏បានធ្វើការថ្កោលទោសទៅលើការជួយដូរសត្វព្រៃផងដែរ ដោយបានអំពាវនាវឲ្យមន្រ្តីអាជ្ញាធរចាត់វិធានការ «បង្ការ និងលុបបំបាត់ ការដឹកជញ្ជូន និងកាប់ព្រៃឈើ ក៏ដូចជាការការដឹកសត្វព្រៃដោយគ្មានការអនុញ្ញាតពីច្បាប់ទៅប្រទេសដទៃទៀត»។
សេចក្តីថ្លែងការណ៍ធ្វើកំណត់សម្គាល់ថា ប្រសិនជាក្នុងករណីចាំបាច់ អភិបាលរាជធានី ខេត្ត ឬក្រុង អាចស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីកងកម្លាំងរាជអាវុធហត្ថ។
គួរកត់សម្គាល់ថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ទ្រី ភាព ជាអ្នកជំនួញឈើដ៏ស្តុកស្តម្ភម្នាក់ និងឧត្តមសេនីយ៍ សេង កុកហៀង ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើពីរដាច់ដោយឡែកពីគ្នា ដែលត្រូវបានបង្ក្រាបនៅក្នុងខែនេះ ក៏ប៉ុន្តែពុំមានវិធានការផ្លូវច្បាប់អ្វីឡើយចំពោះអ្នកទាំងពីរ៕TN


