ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានសម្រេចបន្ទាបអត្រាការប្រាក់ដែលផ្តល់ឲ្យរោងម៉ាស៊ីកិនស្រូវ ១ ភាគរយបន្ថែមទៀតដើម្បីជួយសម្រួលដល់ការទិញស្រូវពីកសិករឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមអគ្គនាយក RDB។
RDB ភ្លាមៗបន្ទាប់ពីទទួលបានមូលនិធិពីរដ្ឋាភិបាល ២០ លានដុល្លារបន្ថែមលើមូលនិធិរបស់ខ្លួន ៧ លានដុល្លារបានប្រកាសឲ្យរោងម៉ាស៊ីនកិនស្រូវដាក់ពាក្យស្នើសុំកម្ចីដើម្បីយកទៅទិញស្រូវពីកសិករដែលកំពុងប្រឈមនឹងការគ្មានទីផ្សារក្នុងតម្លៃសមរម្យដោយគិតការប្រាក់ ៨ ភាគរយក្នុងមួយឆ្នាំ។
ប៉ុន្តែតាមសេចក្តីប្រកាសព័ត៌មានដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃម្សិលមិញ (RDB) សម្រេចទម្លាក់ការប្រាក់មកនៅត្រឹម ៧ ភាគរយ។
ក្នុងកម្ចីនេះ RDB តម្រូវឲ្យរោងម៉ាស៊ីនកិនស្រូវដែលទទួលកម្ចីនេះត្រូវធានាតម្លៃស្រូវពីកសិករ ៨៤ ម៉ឺនរៀល ទៅ ៩០ ម៉ឺនរៀលក្នុងមួយតោន។
ការបន្ទាបអត្រាការប្រាក់ត្រូវបានសាទរពីក្រុមម្ចាស់រោងម៉ាស៊ីនប៉ុន្តែពួកគេបានលើកឡើងថាការតម្រូវឲ្យទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារខណៈតម្លៃអង្ករលក់ចេញនៅមានតម្លៃទាបអាចធ្វើឲ្យម្ចាស់រោងម៉ាស៊ីនកាន់តែលំបាកក្នុងការទទួលកម្ចីនេះ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាអត្រាការប្រាក់ថ្មីនេះជាអត្រាអនុគ្រោះ និងមានកម្រិតសមរម្យអាចទទួលយកបាន។
លោកបន្តថាធនាគារបានសម្រេចចិត្តក្នុងការកែតម្រូវអត្រាការប្រាក់ដោយសារខ្លួនមានបំណងជួយកសិករឲ្យទទួលបានប្រាក់ចំណូលកាន់តែច្រើនពីការលក់ស្រូវរបស់ពួកគេតាមរយៈការជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវទិញស្រូវពីកសិករក្នុងតម្លៃកាន់តែខ្ពស់។
លោកថ្លែងថា៖ «យើងគិតថានេះជាអត្រាមួយដែលអាចទទួលយកបានហើយ។ យើងមិនអាចបំពេញចិត្តរោងម៉ាស៊ីនទាំងអស់នោះទេព្រោះថារោងម៉ាស៊ីនជាច្រើនចង់បានទាបជាងហ្នឹងទៀតនោះ។ ភាគច្រើនគេអាចទទួលយកបានក្នុងកម្រិតហ្នឹង»។
យោងតាមលោក ថាច ធនាគារនេះមិនបានបញ្ចេញកម្ចីនៅឡើយទេប៉ុន្តែកំពុងវាយតម្លៃលើលក្ខណវិនិច្ឆ័យអ្នកយកកម្ចីហើយលោករំពឹងថានឹងបញ្ចេញកម្ចីលើកដំបូងនៅសប្ដាហ៍នេះ។
យោងតាមការប្រកាសរបស់ RDB ធនាគារនេះបានទទួលការដាក់ពាក្យសុំកម្ចីពីរោងម៉ាស៊ីនកិនស្រូវពីខេត្តសំខាន់ៗ ៣ ដែលម្ចាស់រោងម៉ាស៊ីនបានយកស្រូវស្តុកជាវត្ថុបញ្ចាំក្នុងបរិមាណប្រហែល ៨ ០០០ តោន។
លោក ផុន ណារី អគ្គនាយកក្រុមហ៊ុន Heng Huch Rice Mill នៅក្នុងខេត្តបាត់ដំបងបានឲ្យដឹងថាទោះបីជាអត្រាការប្រាក់ ៧ ភាគរយទាបជាងធនាគារពាណិជ្ជតែការតម្រូវក្នុងការទិញស្រូវពីកសិករក្នុងតម្លៃមិនទាបជាង ៨៤០ ០០០ ក្នុងមួយតោននៅតែធ្វើឲ្យប្រតិបត្តិការរបស់លោកពិបាកដោយសារតម្លៃអង្កររបស់រោងម៉ាស៊ីនមិនល្អ។
លោកលើកឡើងថា៖ «យើងដឹងនៅពេលយើងទិញស្រូវក្នុងតម្លៃទាបខ្លាំង កសិករនឹងស្លាប់។ ប៉ុន្តែនៅពេលយើងទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ហើយលក់អង្ករក្នុងតម្លៃទាបយើងនឹងស្លាប់ដែរ»។
លោកបន្តថា៖ «ទោះបីជាអត្រាការប្រាក់កាន់តែទាបប៉ុន្តែលក្ខណវិនិច្ឆ័យក្នុងការទទួលបានកម្ចីតាមរយៈការទិញស្រូវក្នុងតម្លៃកាន់តែខ្ពស់ធ្វើឲ្យយើងពិបាក»។
លោកបន្តថាបច្ចុប្បន្នតម្លៃអង្ករគឺប្រហែល ៥៥០ ដុល្លារក្នុងមួយតោនហើយវានឹងធ្លាក់ចុះទៀត។ លោកបញ្ជាក់ថា៖ «តម្លៃអង្ករកំពុងធ្លាក់ចុះប៉ុន្តែយើងតម្រូវទិញស្រូវក្នុងតម្លៃខ្ពស់យើងអាចខាតបង់ប្រសិនបើដូច្នេះមែនយើងអាចមិនហ៊ានយកកម្ចីនេះទេ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) បានឲ្យដឹងថាពេលនេះលោកកំពុងប្រើប្រាស់ទុនបម្រុងនៅក្នុងក្រុមហ៊ុនរបស់លោកដើម្បីទិញស្រូវពីកសិករហើយនិងពិចារណាយកកម្ចីពី RDB ពេលអនាគតនៅពេលការប្រមូលផលស្រូវក្រអូបលើកទីពីរចូលមកដល់។
លោកបន្តថាសម្រាប់រោងម៉ាស៊ីនកិនស្រូវធំៗដែលអាចមានលទ្ធភាពទទួលកម្ចីពីធនាគារពួកគេចង់យកកម្ចីពីធនាគារដោយសារពួកគេគេចពីការតម្រូវមួយចំនួនពី RDB ហើយលោកចង់ឲ្យមានអត្រាការប្រាក់ទាបជាងនេះទៀត។
លោកបន្ថែមថា៖ «យើងចង់បាន ៦ ភាគរយក្នុងមួយឆ្នាំប៉ុន្តែ ៧ ភាគរយគឺយ៉ាងហោចណាស់ក៏កាន់តែប្រសើរ និងអាចទទួលយកបានសម្រាប់ភាគច្រើនផងដែរ»។
លោក សារ៉ន បញ្ជាក់ថាយុទ្ធនាការទិញអង្ករក្នុងស្រុកបានរួមចំណែកធ្វើឲ្យតម្រូវការអង្ករកើនឡើងដែលធ្វើឲ្យម្ចាស់រោងម៉ាស៊ីនអាចលក់ចេញបានច្រើនជាងមុន និងមានលទ្ធភាពប្រមូលទិញស្រូវបានច្រើនជាងមុន និងផ្តល់តម្លៃខ្ពស់។
លោកបន្តថាបន្ទាប់ពីមានយុទ្ធនាការមួយសប្តាហ៍ក្រុមហ៊ុនលោកលក់ចេញអង្ករនៅក្នុងស្រុកបានប្រមាណជាង ៦០០ តោន។ លោកថ្លែងថា៖ «ចលនាជួយទិញអង្ករពីអ្នកប្រើប្រាស់ក្នុងស្រុកបានរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឲ្យតម្លៃស្រូវកសិករបានល្អជាងមុនវិញ»។
លោក សឿង សូដា កសិករស្រូវនៅស្រុកសង្កែ ខេត្តបាត់ដំបងដែលមានផ្ទៃដីស្រែ ១២ ហិកតាប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាលោកអាចលក់ស្រូវក្នុងតម្លៃ ៧៥០ ០០០ រៀលក្នុងមួយតោន៖ «តម្លៃនេះគឺប្រសើរជាងមុនប៉ុន្តែយើងមិនអាចទទួលបានប្រាក់ចំណេញពីការលក់នោះទេ»៕ LA


