ក្រុងស្តុកហូលម៍ៈ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស៊ុយអែត Volvo Cars បានឲ្យដឹងកាលពីថ្ងៃពុធថាក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងលុបបំបាត់ផលិតកម្មរថយន្តដំណើរការដោយថាមពលប្រេងសាំងចាប់ពីឆ្នាំ ២០១៩ ដោយរថយន្តម៉ូដែលថ្មីៗទាំងអស់នឹងត្រូវដំណើរការដោយថាមពលអគ្គិសនី ឬជាប្រភេទរថយន្តកូនកាត់។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Gothenburg នេះគឺជាក្រុមហ៊ុនផលិតរថយន្តធំដំបូងមួយដែលផលិតរថយន្តគ្រប់ម៉ូដែលទាំងអស់ដើរដោយថាមពលអគ្គិសនី និងបានបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់ការបញ្ឈប់ជាបណ្តើរៗនូវការផលិតរថយន្តប្រេងសាំង។
ក្រុមហ៊ុន Volvo Cars ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្ត Geely របស់ប្រទេសចិនបានឲ្យដឹងថាក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងដាក់បង្ហាញម៉ូដែលរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធចំនួន ៥ ម៉ូដែលនៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ដោយរថយន្តចំនួនបីម៉ូដែល គឺជារថយន្តម៉ាកយីហោរបស់ក្រុមហ៊ុនផ្ទាល់ និងពីរម៉ូដែលទៀតគឺជារថយន្តម៉ាក Polestar ព្រមទាំងរថយន្តកូនកាត់ជាច្រើនម៉ូដែលទៀតផងដែរ។
ក្រុមហ៊ុន Polestar គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Volvo ដែលមានជំនាញផ្នែកផលិតរថយន្តអគ្គិសនីតម្លៃខ្ពស់ និងជាគូប្រជែងនឹងក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា។ ក្រុមហ៊ុន Tesla គ្រោងដាក់ដំណើរការផលិតកម្មរថយន្តដែលមានតម្លៃទាបដំបូងបង្អស់របស់ខ្លួនគឺរថយន្ត «Model 3»។
លោក Hakan Samuelsson ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Volvo Cars បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រកាសនេះបង្ហាញពីការបញ្ចប់រថយន្តដែលដំណើរការដោយថាមពលប្រេងសាំង»។
អ្នកនាំពាក្យក្រុមហ៊ុន Volvo Cars បានឲ្យដឹងថារថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរបស់ខ្លួនដំបូងនឹងត្រូវផលិតឡើងនៅប្រទេសចិន និងបានឲ្យដឹងថាទីតាំងផលិតកម្មរថយន្តចំនួន ៤ កន្លែងផ្សេងទៀតក្រុមហ៊ុននៅមិនទាន់បានសម្រេចចិត្តនៅឡើយទេ។
ក្រុមហ៊ុន Volvo Cars បានបញ្ជាក់ថា៖ «អតិថិជនកាន់តែពេញចិត្តខ្លាំងចំពោះរថយន្តដែលដំណើរការដោយថាមពលអគ្គិសនីនេះ» និងថាក្រុមហ៊ុនរបស់ខ្លួនមានបំណងឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងខ្លាំងនូវរថយន្តដែលប្រើប្រាស់ថាមពលស្អាត និងមិនសូវបំពុលបរិស្ថាន៕ BP


