ភ្នំពេញៈ Megabelle Clinic ជាក្រុមហ៊ុនគ្រឿងសម្អាងកម្ពុជាកំពុងស្វែងរកការពង្រីកនៅក្នុងប្រទេស និងបង្កើនដើមទុនដើម្បីចាប់យកកំណើនរហ័សនៃការលក់ផលិតផលសម្អាងនៅក្នុងប្រទេសកម្ពុជា។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍ ចេង សុខហ័ង បានជួបជាមួយលោកស្រី កែវ វង្សសៀក ស្ថាបនិកក្រុមហ៊ុន និងជាអ្នកទទួលពានរង្វាន់អគ្គនាយិកាឆ្នើមឆ្នាំ ២០១៦ និយាយអំពីរបៀបដែលលោកស្រីបានបង្កើតក្រុមហ៊ុនដោយមិនមានការបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ។
តើអ្នកចាប់ផ្ដើមដំណើរការក្រុមហ៊ុនរបស់អ្នកដូចម្ដេច?
មុនពេលងាកទៅរកអាជីវកម្មគ្រឿងសម្អាងខ្ញុំបានចាប់ផ្ដើមលក់ថ្មទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតកាលពីឆ្នាំ ១៩៩៩។ នៅពេលអាជីវកម្មរបស់ខ្ញុំបានចាប់ផ្ដើមធ្លាក់ចុះដោយសារតែលំហូរច្រើនទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា ខ្ញុំបានចាប់ផ្ដើមទទួលអារម្មណ៍ស្រេ្តសយ៉ាងខ្លាំងដែលធ្វើឲ្យមានស្នាមអុចខ្មៅៗជាច្រើននៅលើមុខរបស់ខ្ញុំ។
ខ្ញុំបានសម្រេចចិត្តទៅប្រទេសបារាំងដើម្បីស្វែងរកការព្យាបាលហើយតាមរយៈដំណើរការនេះខ្ញុំមានឱកាសមើលឃើញផលិតផលគ្រឿងសម្អាងមានគុណភាពខ្ពស់ដែលយើងបានប្រើប្រាស់លើទីផ្សាររបស់ប្រទេសបារាំងនេះបានផ្ដល់គំនិតមួយដល់ខ្ញុំដើម្បីនាំយកផលិតផលទាំងនោះត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសារតែនៅពេលនោះប្រជាជនកម្ពុជាជាច្រើនបានចាប់ផ្ដើមថែរក្សាស្បែករបស់ពួកគេហើយជារឿយៗបានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការព្យាបាលស្បែក និងមុខ។
ខ្ញុំបានសម្រេចចិត្តបង្កើតហាងគ្រឿងសម្អាងមួយកាលពីឆ្នាំ ២០០៥ ជាមួយនឹងផលិតផលមកពីក្រុមហ៊ុន ErisonLaboratoire របស់ប្រទេសបារាំង និងផលិតផលមកពីក្រុមហ៊ុន Dib របស់ប្រទេសអ៊ីតាលី។
តើអ្វីជាបញ្ហាប្រឈមដែលអ្នកបានជួបប្រទះនៅពេលអ្នកបានចាប់ផ្ដើមអាជីវកម្ម?
ខ្ញុំបានចាប់ផ្ដើមហាងលក់ដោយមិនមានជំនាញអាជីវកម្ម ឬជំនាញហិរញ្ញវត្ថុពិតប្រាកដទេហើយខ្ញុំពឹងលើចំណង់របស់ខ្ញុំដើម្បីទទួលបានជោគជ័យ និងទំនុកចិត្តខ្ញុំមានផលិតផលមានគុណភាព។
បន្ទាប់ពីនោះ ខ្ញុំបានជំរុញខ្លួនខ្ញុំក្នុងការរៀនជំនាញ ខ្ញុំត្រូវការឲ្យអាជីវកម្មរបស់ខ្ញុំទទួលបានជោគជ័យហើយខ្ញុំបានចាប់ផ្ដើមរៀនច្រើនអំពីផលិតផលដែលខ្ញុំចង់លក់។
ដំបូងអតិថិជនរបស់ខ្ញុំមិនជឿជាក់លើគុណភាពរបស់គ្រឿងសម្អាងដែលខ្ញុំនាំយកមកនេះទេប៉ុន្តែយើងបានបង្ហាញប្រសិទ្ធភាពមុន និងក្រោយពេលព្យាបាលរបស់យើង។ យើងក៏បានផ្ដល់កិច្ចព្រមព្រៀងការធានាដ៏ពេញចិត្តជាមួយនឹងអតិថិជនរបស់យើងក្នុងការធានាដល់ពួកគេផងដែរ។
បច្ចុប្បន្នមានផលិតផលគ្រឿងសម្អាងជាច្រើនផ្សេងទៀតដែលកំពុងចូលមកទីផ្សារកម្ពុជាដូច្នេះយើងកំពុងប្រឈមនឹងការប្រកួតប្រជែងច្រើនប៉ុន្តែខ្ញុំនៅតែមានទំនុកចិត្តខ្លាំងលើគុណភាពផលិតផលរបស់យើង។
តើអ្វីជាភាពផ្ដាច់មុខនៃអាជីវកម្មរបស់អ្នក និងអ្វីបានរួមចំណែកដើម្បីភាពជោគជ័យរបស់ខ្លួន?
យើងមានសិទ្ធិផ្ដាច់មុខក្នុងការលក់ និងចែកចាយផលិតផលដែលយើងនាំចូលពីប្រទេសបារាំង និងអ៊ីតាលី។ យើងគិតថាទាំងនេះជាផលិតផលល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងវាជាមូលហេតុដែលយើងបានទទួលជោគជ័យខ្លាំង។ យើងក៏បានពង្រីកអាជីវកម្មរបស់យើងពីមជ្ឈមណ្ឌលកែសម្ផស្សទៅជាគ្លីនិកកែសម្ផស្សផងដែរ ហើយនៅពេលនេះយើងមានគ្រូពេទ្យជនជាតិកូរ៉េ និងជនជាតិខ្មែរដែលមានបទពិសោធន៍ធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី កូរ៉េ និងបារាំង។
បច្ចុប្បន្ន យើងផ្ដល់ការព្យាបាល ៣ ប្រភេទដែលផ្ដល់លទ្ធផលល្អបំផុត។ យើងផ្ដល់ការព្យាបាលបុរាណយើងក៏ផ្ដល់ការព្យាបាលដែលប្រើប្រាស់ម៉ាស៊ីនទំនើបមកពីអាមេរិកហើយយើងផ្ដល់ជម្រើសការវះកាត់។ ខ្ញុំគិតថាលទ្ធផលល្អដែលយើងសម្រេចបានតាមរយៈការព្យាបាលទាំងនេះគឺជាកត្តាដ៏សំខាន់សម្រាប់ភាពជោគជ័យអាជីវកម្មរបស់យើង។ បច្ចុប្បន្នយើងកំពុងពង្រីកហាងកែសម្ផស្សរបស់យើងនៅតាមខេត្តផ្សេងៗដែលយើងនឹងចែកចាយផលិតផលមកពីយីហោ Oligo ដែលមានតម្លៃកាន់តែទាបហើយនឹងអនុញ្ញាតឲ្យយើងទៅដល់ទីផ្សារទូទៅកាន់តែច្រើន។
ទោះបីជាយើងបានទទួលជោគជ័យរួចហើយដូចអាជីវកម្មរបស់យើងក៏ដោយ ក៏យើងតែងតែព្យាយាមក្នុងការធ្វើបច្ចុប្បន្ន និងការអភិវឌ្ឍយីហោរបស់យើងដែរ។
តើឧស្សាហកម្មគ្រឿងសម្អាងធំប៉ុន្មានដែរនៅក្នុងប្រទេសកម្ពុជាហើយអ្វីជាកត្តាកំពុងជំរុញដល់កំណើននេះ?
មានក្រុមហ៊ុនគ្រឿងសម្អាងជាច្រើននៅក្នុងទីផ្សារប្រទេសកម្ពុជានៅពេលនេះជាពិសេសមកពីប្រទេសកូរ៉េ ជប៉ុន និងបារាំង។ ឧស្សាហកម្មនេះកំពុងរីកចម្រើនយ៉ាងរហ័សដោយសារតែប្រជាជននៅក្នុងប្រទេសកម្ពុជាមានប្រាក់ចំណូលកាន់តែប្រសើរហើយត្រូវបានអប់រំកាន់តែប្រសើរដែលមានន័យថាពួកគេកំពុងចាប់ផ្ដើមក្នុងការវាយតម្លៃពីសារៈសំខាន់នៃការថែរក្សាស្បែក និងមុខ។
សម្រាប់ប្រជាជនកម្ពុជានៅពេលនេះមានទិដ្ឋភាពសង្គមដ៏សំខាន់ក្នុងការថែរក្សាស្បែករបស់ពួកគេដោយសារតែវាជួយដល់ពួកគេបង្កើនទំនុកចិត្ត និងកែលម្អជំនាញទំនាក់ទំនងរបស់ពួកគេ។ នៅពេលនេះយើងកំពុងគ្រោងនឹងបង្កើតរោងចក្រគ្រឿងសម្អាងដែលនឹងអនុញ្ញាតឲ្យយើងផលិតគ្រឿងសម្អាងផ្ទាល់សម្រាប់ទីផ្សារនេះ។
តើការលក់គ្រឿងសម្អាងតាមរយៈហ្វេសប៊ុកមានកម្រិតណាដែរ? តើអ្វីជាបញ្ហាចម្បងចំពោះការទិញតាមរបៀបថ្មីនេះ?
យើងមិនលក់ផលិតផលរបស់យើងតាមបណ្ដាញហ្វេសប៊ុកទេដោយសារតែផលិតផលមួយចំនួនអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ស្បែក ប្រសិនបើពួកគេមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវ។ យើងចាំបាច់ត្រូវពិនិត្យមើលបញ្ហាស្បែករបស់អតិថិជន និងបានផ្ដល់យោបល់ផលិតផលត្រឹមត្រូវសម្រាប់ពួកគេដើម្បីប្រើប្រាស់តាមបុគ្គលនីមួយៗ។ ប្រសិនបើអតិថិជនរបស់យើងនឹងមានបញ្ហាអវិជ្ជមានណាមួយដោយសារតែពួកគេបានទិញផលិតផលតាមអនឡាញដោយមិនបានពិគ្រោះយោបល់យើងនឹងប្រថុយការបាត់បង់អតិថិជន និងកាត់បន្ថយទំនុកចិត្តលើគុណភាពផលិតផលរបស់យើង។
តើមានបទប្បញ្ញតិ្តគ្រប់គ្រាន់ដើម្បីការពារទីផ្សារមិនឲ្យមានផលិតផលមានគុណភាពអន់ ឬផលិតផលក្លែងក្លាយទេ?
នីតិវិធីបទប្បញ្ញត្តិមានដំណើរការយឺតក្នុងការអភិវឌ្ឍហើយនៅពេលនេះយើងចាំបាច់ត្រូវប្ដឹងនៅក្រសួងពាណិជ្ជកម្មដើម្បីឲ្យពួកគេចាត់វិធានការតំណាងឲ្យពួកយើង និងបង្រ្កាបលើផលិតផលក្លែងក្លាយ។
នៅទីណាដែលអ្នកមើលឃើញឱកាសកំណើនធំជាងគេសម្រាប់ឧស្សាហកម្មនេះ?
ឱកាសកំណើនដ៏ធំសម្រាប់ពួកយើងគឺនៅទីក្រុងភ្នំពេញ និងនៅតាមក្រុងធំៗនៅតាមខេត្ត៕ LA


