ភ្នំពេញៈ កុមារីអាយុ ៩ ឆ្នាំជាង ១៣,០០០ នាក់នៅប្រទេសកម្ពុជា នឹងទទួលបានវាក់ស៊ាំងបង្ការជម្ងឺមហារីកមាត់ស្បូន នៅរយៈពេលពីរឆ្នាំខាងមុខ ជាផ្នែកនៃកម្មវិធីថ្មីមួយសម្តៅកាត់បន្ថយអត្រាដ៏ខ្ពស់នៃជម្ងឺមហារីកមាត់ស្បូននៅក្នុងប្រទេស។
លោក អ៊ុក វិចិត្រ ប្រធានកម្មវិធីជាតិចាក់ថ្នាំបង្ការបានឲ្យដឹងថា ក្រសួងសុខាភិបាល កាលពីថ្ងៃសុក្រ បានចេញ គម្រោងមួយចាប់ផ្តើម ចាក់ថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូនឲ្យកុមារីសិស្សសាលាសរុបជិត ១៣ ៤០០ នាក់ ដោយក្នុងនោះ ប្រមាណ ៧ ៩០០ នាក់នៅខេត្តសៀមរាប និង ៥ ៥០០ នៅខេត្តស្វាយរៀង។
វីរុស HPV គឺជាកត្តារួមចំណែកដែលអាចបង្កឲ្យកើតជាជម្ងឺមហារីកមាត់ស្បូននៅពេលពេញវ័យ។ ជម្ងឺមហារីកមាត់ស្បូន មិនត្រឹមតែជាប្រភេទជម្ងឺមហារីកដែលកើតឡើងញឹកញាប់ជាងគេក្នុងចំណោមស្រ្តីកម្ពុជា ថែមទាំងមានអត្រាប្រេវ៉ាឡង់ខ្ពស់ជាងគេនៅប្រទេសកម្ពុជាផងដែរ ជាមួយអត្រា ២០,៥ នាក់ក្នុងចំណោម ១០ ម៉ឺននាក់ កាលពីឆ្នាំមុនដែលជាអត្រាខ្ពស់ជាងគេនៅក្នុងតំបន់។
លោក អ៊ុក វិចិត្រ ថ្លែងម្សិលមិញថា វ៉ាក់សាំងនេះ «នឹងជួយរួមចំណែកក្នុងការកាត់បន្ថយជម្ងឺមហារីកមាត់ស្បូន» ដោយបន្ថែមថា ផែនការជាផ្លូវការ គឺត្រូវបញ្ចូលការចាក់វ៉ាក់សាំងនេះចូលទៅក្នុងកម្មវិធីជាតិនៅឆ្នាំ ២០១៨ អាស្រ័យទៅលើសំណើសុំថវិកា។
លោកបន្តថា អង្គការ GAVI ដែលធ្វើការផ្តោតលើការចាក់ថ្នាំបង្ការ កំពុងតែផ្តល់ថវិកាប្រហែល ២៥ ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ការចំណាយប្រតិបត្តិការ ក្នុងឆ្នាំដំបូងនៃគម្រោងសាកល្បងនេះ បន្ថែមទៅលើការផ្តល់ជំនួយជាថ្នាំបង្ការ។ ការផ្តល់ថវិការនេះ នឹងថយចុះពាក់កណ្តាលនៅឆ្នាំទីពីរ។
លោក Rob Kelly អ្នកនាំពាក្យរបស់អង្គការ GAVI មិនបានឆ្លើយតបនឹងសំណើរសុំសេចក្តីអធិប្បាយចំពោះរឿងនេះក្នុងម៉ោងធ្វើការនោះឡើយ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងឈាម នៅមន្ទីរពេទ្យកាល់ម៉ែត្រ បានឲ្យដឹងថា លោកពិតជារីករាយណាស់ដែលបានលឺពីដំណឹងនេះ។
លោកថ្លែងថា៖ «ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនបានបង្ហាញថា ប្រសិនជាយើងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស HPV ក្នុងរយៈពេល ១៥ ទៅ ២០ ឆ្នាំខាងមុខទៀត យើងនឹងអាចកាត់បន្ថយការកើតមាននៅជម្ងឺមហារីកមាត់ស្បូន។
លោកបន្ថែមថា ជម្ងឺមហារីកមាត់ស្បូនភាគច្រើនកើតមានលើស្រ្តីដែលមានវ័យចន្លោះពី ៤០ ទៅ ៤៥ ឆ្នាំ។
លោកវេជ្ជបណ្ឌិតបន្តថា វ៉ាក់សាំងនេះនឹងការពារកុមារីពីជម្ងឺមហារីកមាត់ស្បូននៅពេលអនាគត ហើយជាលទ្ធផលអត្រាមរណភាពក៏នឹងធ្លាក់ចុះផងដែរ។
ជម្ងឺមហារីកមាត់ស្បូនបានបង្កឲ្យមនុស្សចំនួនប្រហែល ៧៩៥ នាក់បាត់បង់ជីវិតក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ដែលគ្រប់គ្រងមន្ទីរសម្រាកព្យាបាលមួយនៅមន្ទីរពេទ្យព្រះសីហនុ របស់មណ្ឌលនៃក្តីសង្ឃឹម ដែលផ្តល់ការពិនិត្យរកមើលជម្ងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ បានឲ្យដឹងថា គេត្រូវការធនធានបន្ថែមទៀតដើម្បីជួយតាមដានជម្ងឺមហារីកមាត់ស្បូនក្នុងដំណាក់កាលដំបូង៕TN


