ក្រុងបាងកកៈ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។
នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។
ក្រសួងទាំងពីរនេះក៏បានពិភាក្សាផងដែរពីការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកដែលនឹងតភ្ជាប់ប្រទេសថៃ និងកម្ពុជាដែលប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់មួយកាលពីខែធ្នូឆ្នាំមុន។
ប្រទេសទាំងពីរក៏បានពិភាក្សាគ្នាផងដែរពីបញ្ហានយោបាយ និងសន្តិសុខ ការអភិវឌ្ឍច្រកព្រំដែន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួននៃពាណិជ្ជកម្ម និងវិនិយោគ វិស័យថាមពល ពលកម្ម កសិកម្ម និងបរិស្ថានជាដើម។
ជាងនេះប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់ស្តីពីការសាងសង់មជ្ឈមណ្ឌលឆ្លងកាត់ និងទទួលភ្ញៀវសម្រាប់ជនរងគ្រោះពីការជួញដូរមនុស្ស និងក្រុមងាយរងគ្រោះផ្សេងទៀតផងដែរ។
លោក ប្រាក់ សុខុន បានចូលរួមសម្តែងការគួរសមជាមួយលោក Prayut នៅវិមានរដ្ឋាភិបាលនាពេលក្រោយមកនៅថ្ងៃនោះមុនវិលត្រឡប់មកកម្ពុជាវិញ។
ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកម្ពុជាបានធ្លាក់ ១៣ ភាគរយនៅត្រីមាសទីមួយក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥។ នេះបើយោងតាមស្ថិតិដែលផ្តល់ដោយស្ថានទូតថៃប្រចាំនៅប្រទេសកម្ពុជា៕ BP

