ភ្នំពេញៈ បន្ទាប់ពីបានពិភាក្សាគ្នាអស់ជាច្រើនថ្ងៃប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ កាលពីម្សិលមិញបានសម្រេចដាក់ពាក្យប្តឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលបានលើកឡើងថាការបោះឆ្នោតឲ្យគណបក្សតូចៗជាការបង្ហិនសន្លឹកឆ្នោត ប៉ុន្តែគណបក្សសង្គ្រោះជាតិបានហៅរឿងនេះថាជារឿងឥតប្រយោជន៍ ខណៈអ្នកច្បាប់ថាវាគ្រាន់តែជាសារនយោបាយ។
លោក ពេជ្រ ស្រស់ បានថ្លែងក្រោយពេលចូលដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញថាលោក កឹម សុខា បានថ្លែងនៅស្រុកបារាយណ៍ ខេត្តកំពង់ធំពីថ្ងៃទី ១២ ខែមិថុនាដោយថ្លែងថាបោះឆ្នោតក្រៅពីគណបក្សសង្គ្រោះជាតិវាជាការបង្ហិនសន្លឹកឆ្នោត។
លោកថ្លែងថា៖ «គាត់ថាប្រជាពលរដ្ឋបោះឆ្នោតក្រៅពីគណបក្សសង្គ្រោះជាតិវាជាការបង្ហិនសន្លឹកឆ្នោត។ ទី ២ គាត់ថាកម្ពុជាមានតែគណបក្សពីរទេដែលអាចជួយជាតិបានដែលអាចបម្រើជាតិបាន អ៊ីចឹងគណបក្សដទៃទៀតដែលច្បាប់ថាគណបក្សនយោបាយណាក៏ដោយឲ្យតែចុះបញ្ជីតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវមានសិទ្ធិស្មើគ្នាក្នុងការធ្វើនយោបាយ។ អ៊ីចឹងគាត់ផ្ញើសារហ្នឹងហាក់ដូចបង្កញុះញង់ឲ្យមានការរើសអើងគណបក្សនយោបាយ»។
លោកថាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិធ្លាប់បានថ្លែងស្រដៀងគ្នានេះកាលពីមុនពេលបោះឆ្នោតដែរ ដែលធ្វើឲ្យរូបលោកពិបាករកអ្នកតំណាងឲ្យគណបក្សយុវជនកម្ពុជានៅតាមមូលដ្ឋានសម្រាប់ចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីកន្លងទៅ។
លោកក៏បដិសេធការចោទប្រកាន់ពីមតិសាធារណៈដែលថាលោកជាអាយ៉ងរបស់អ្នកនយោបាយផ្សេងផងដែរ។
លោកថា៖ «គេលាបពណ៌ថាអាយ៉ងអ្នកនេះអាយ៉ងអ្នកនោះ តាមពិតខ្ញុំមកនេះលុយបង់បារាស់មិនមានផង…មិនទាំងហ៊ានស៊ីបាយព្រឹក វាអត់លុយ រកលុយចាក់សាំងឡានអត់បានផងហ្នឹងឲ្យខ្ញុំទៅអាយ៉ងអ្នកណា?»។
លោកបន្តថា៖ «លោក កឹម សុខា ១៣ ឆ្នាំទៀតងាប់បាត់ហើយក្រែងលោក ពេជ្រ ស្រស់ ឡើងប្រឆាំងបន្ត។ អ៊ីចឹងយើងទុកផ្លូវឲ្យគេដើរក្រោយផង។ ទុកផ្លូវឲ្យអ្នកស្នេហាជាតិជំនាន់ក្រោយផង កុំចេះតែស្នេហាជាតិតែឯងពេក»។
ទោះយ៉ាងណាលោក យឹម សុវណ្ណ តំណាងរាស្ត្រ និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថាការដាក់ពាក្យបណ្តឹងនេះជារឿងឥតប្រយោជន៍ដោយលោកបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំសូមនិយាយយ៉ាងខ្លីថាគាត់គួរធ្វើកិច្ចការណាដែលមានប្រយោជន៍ជាងនេះ»។
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានថ្លែងថាការថ្លែងរបស់លោក កឹម សុខា មិនមែនជាការរើសអើងអ្វីទេគឺគ្រាន់តែជាសារនយោបាយប៉ុណ្ណោះ។
លោកថ្លែងថា៖ «តើរើសអើងអ្វី? គណបក្សនយោបាយតែងតែនិយាយថាបោះឆ្នោតឲ្យយើងកុំបោះឆ្នោតឲ្យបក្សផ្សេង។ នេះគ្រាន់តែជាសម្តីបែបនយោបាយទេ»។
ក្រៅពីអ្នកជំនាញផ្នែកច្បាប់គណបក្សតូចៗផ្សេងទៀតក៏យល់ឃើញថាការថ្លែងរបស់លោក កឹម សុខា ក៏គ្រាន់តែជាសារនយោបាយដែរ។
លោក សាម អ៊ិន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាននិយាយថាការថ្លែងរបស់លោក កឹម សុខា ពិតជាមិនសមរម្យ ប៉ុន្តែការប្តឹងប្ដល់មិនមែនជាជម្រើសទេ។
លោកថា៖ «វាមិនមែនជាប្រជាធិបតេយ្យសេរីទេដែលយើងមើលងាយលើគណបក្សតូចៗ ប៉ុន្តែការយកតុលាការមកដោះស្រាយក៏មិនត្រូវដែរ។ យើងគ្រាន់តែពន្យល់អ្នកបោះឆ្នោតថាអត្តចរិតបែបនេះ មិនមែនប្រជាធិបតេយ្យទេ»។
ស្រដៀងគ្នានេះលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលធ្លាប់រិះគន់គណបក្សធំៗទាំងពីរបានថ្លែងថា៖ «អ្វីដែលលោក កឹម សុខា និយាយគឺជាសេរីភាពនៃការបញ្ចេញមតិផ្នែកនយោបាយ។ នៅកម្ពុជាគ្មានច្បាប់ឲ្យគណបក្សនយោបាយមួយប្តឹងគណបក្សនយោបាយមួយទៀតទេ»៕


