ភ្នំពេញ: កីឡាការិនីចំបាប់ចំនួន ២ នាក់ និងគ្រូបង្វឹកមួយនាក់ ត្រូវបានសហព័ន្ធកីឡាចំបាប់កម្ពុជា ជ្រើសរើសឲ្យទៅបោះជំរំហ្វឹកហាត់ឈ្មោះថា More than Medals 2017 នៅប្រទេសថៃចំនួន ១៥ ថ្ងៃជាមួយអត្តពលិក និងគ្រូបង្វឹកមកពីជាង ១០ ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ទៅតាមការអនុញ្ញាតរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ។
ជាមួយការត្រៀមទៅចូលរួមបោះជំរំ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៤ ខែមិថុនា រហូតដល់ថ្ងៃទីទី ៨ ខែកក្កដា នៅខេត្តនគររាជសីម៉ា ប្រទេសថៃ នាពេលខាងមុខនេះ ត្រូវបានថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ចាត់ទុកថា ជាពេលវេលាដ៏មានតម្លៃ ដើម្បីឲ្យអត្តពលិកវ័យក្មេងរបស់កម្ពុជា អាចអភិវឌ្ឍខ្លួនទៅតាមសម័យកាលទំនើប ដើម្បីអាចចាប់យកឱកាសដ៏ពិសេសមួយ គឺការទទួលបានសិទ្ធិអនុគ្រោះទៅចូលរួមការប្រកួតកីឡាអូឡាំពិក នៅប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ ២០១៨។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ថា៖ «ការបោះជំរំនេះ សហព័ន្ធកីឡាចំបាប់អន្តរជាតិ បានកំណត់យកតែអត្តពលិកមានអាយុក្រោម ១៨ ឆ្នាំទេ ព្រោះគេត្រូវការអភិវឌ្ឍចំបាប់សម័យថ្មី ត្រៀមទៅចូលរួមការប្រកួតអូឡាំពិក ឆ្នាំ ២០១៨ ចំណែកគ្រូបង្វឹក ដែលមិនទាន់មានអាជ្ញាប័ណ្ណទទួលស្គាល់ពីសហព័ន្ធកីឡាចំបាប់អន្តរជាតិ នឹងទទួលបានអាជ្ញាប័ណ្ណកម្រិត ១ បន្ទាប់ពីបញ្ចប់ការបោះជំរំនេះ»។
លោកបានបន្ថែមថា៖ «កីឡាការិនីទាំង ២ នាក់ ដែលយើងនឹងត្រូវបញ្ជូនទៅបោះជំរំនេះ សុទ្ធតែជាអ្នកថ្មី ដែលទើបមកហ្វឹកហាត់បាន ៤ ខែ។ ហេតុនេះការទទួលបានឱកាសទៅចូលរួមបោះជំរំ វានឹងផ្តល់ឱកាសឲ្យពួកគាត់បានហ្វឹកហាត់ និងប្រកួតធ្វើតេស្តជាលក្ខណៈអន្តរជាតិជាមួយអត្តពលិកមកពីជាង ១០ ប្រទេសទៀត ដើម្បីទទួលបាននូវបច្ចេកទេសថ្មីៗ ក៏ដូចជាទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាទៀត ហើយអ្វីដែលពិសេសនោះ គឺពួកគាត់ អាចនឹងក្លាយជាបេក្ខភាព ដែលទទួលបានសិទ្ធិអនុគ្រោះបានទៅប្រកួតអូឡាំពិក ឆ្នាំ ២០១៨ ផងដែរ»។
នៅត្រង់ចំណុចនេះ លោក ធិន វិចិត្រ បានបញ្ជាក់ថា៖ «សហព័ន្ធកីឡាចំបាប់អន្តរជាតិ បានផ្តល់អាទិភាពខ្ពស់ដល់ស្ត្រី ហើយកម្ពុជា ជាប្រទេសដែលអាចមានឱកាសច្រើនជាងប្រទេសផ្សេងៗទៀត ក្នុងការទទួលបានសិទ្ធិអនុគ្រោះនេះ ប៉ុន្តែបន្ទាប់ពីការបោះជំរំនេះទៅ យើងត្រូវចូលរួមការប្រកួតចំបាប់អាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកអាស៊ី ក្នុងខែកក្កដាមួយទៀត ដើម្បីបំពេញទៅតាមលក្ខខណ្ឌ ដែលសហព័ន្ធកីឡាចំបាប់អន្តរជាតិ បានកំណត់»។
លោក Sean Collier គ្រូបង្វឹកជនជាតិអេមេរិក ដែលបានចូលរួមបង្វឹកក្រុមយុវជនថ្នាលកម្ពុជា ជាង ១ ឆ្នាំកន្លងមកក្នុងនាមជាអ្នកស្ម័គ្រចិត្តនោះ ត្រូវបានសហព័ន្ធកីឡាចំបាប់កម្ពុជា ជ្រើសរើសឲ្យដឹកនាំកីឡាការិនីវ័យ ១៧ ឆ្នាំអាង ស៊ីថូ និងយ៉ុន ដានេ មានដើមកំណើតនៅវិហារសួគ៌ ខេត្តកណ្តាល ទៅចូលរួមការបោះជំរំ ខាងមុខនេះ។
នេះជាពេលវេលាដ៏សំខាន់ដែល លោក Sean Collier នឹងទទួលបានអាជ្ញាប័ណ្ណកម្រិត ១ ទទួលស្គាល់ពីសហព័ន្ធកីឡាចំបាប់អន្តរជាតិ ព្រោះក្នុងនាមជាគ្រូបង្វឹកចំបាប់ក្នុងរយៈពេលជាង ១២ ឆ្នាំគឺលោក Sean Collier មានត្រឹមវិញ្ញាបនបត្រផ្នែកគ្រូបង្វឹក នៅក្នុងស្រុករបស់លោកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់អន្តរជាតិ នឹងទទួលរ៉ាប់រងលើការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរទៅមក នៅប្រទេសថៃ សម្រាប់ការបោះជំរំរយៈពេល ១៥ ថ្ងៃនេះឲ្យកម្ពុជា ប៉ុន្តែថ្លៃធ្វើដំណើរពីកម្ពុជាទៅថៃ និងពីថៃមកកម្ពុជាវិញ គឺជាបន្ទុករបស់កម្ពុជា។
ចំពោះបញ្ហានេះលោក ធិន វិចិត្រ បានប្រាប់ថា លោកនឹងធ្វើការស្នើសុំទៅលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ហើយលោកជឿជាក់ថា លោក Casey នឹងជួយសម្រួលលើបញ្ហានេះ ព្រោះកន្លងមក លោក Casey តែងតែបានជួយដល់ក្រុមចំបាប់កម្ពុជា ឲ្យបានចេញទៅប្រកួតនៅក្រៅប្រទេស៕


