ក្រុងចាឡាឡាបាដ: មន្ទីរបញ្ចកោណបានឲ្យដឹងថា ទាហាន អាមេរិកបីនាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការរួមមួយនៅក្នុងខេត្ត Nangarhar នៅអាហ្វហ្គានីស្ថានភាគខាងកើតកាលពីថ្ងៃសៅរ៍នៅក្នុងការវាយប្រហាររនុកក្នុងថ្មីៗបំផុតទៅលើកងកម្លាំងអន្តរជាតិ។
ក្រុមតាលីបង់ បានអះអាងទទួលខុសត្រូវចំពោះការស្លាប់ នៅក្នុងស្រុក Achin ដែលមានស្ថានភាពជ្រួលច្របល់ដោយ និយាយថា វាគឺជាទង្វើរបស់ ជនបង្កប់ម្នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមន្ទីរបញ្ចកោណ បាននិយាយថាទាហានម្នាក់ ដែលបានរងរបួសត្រូវបានជម្លៀសចេញពីទីនោះ ដើម្បីទទួលការព្យាបាលរបួស។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា៖ «ឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេត»។
នៅពេលមុននេះ អ្នកនាំពាក្យសាលាខេត្តលោក AttaullahKhogyani បានថ្លែងប្រាប់ AFP ថា កងកុម្ម៉ង់ដូរបស់អាហ្វហ្គានីស្ថានមួយក្រុម បានបើកការវាយប្រហារលើកងទ័ពអាមេរិក និងត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារតបតវិញ។
អ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់លោក ZabihullahMujahid បានអះអាងនៅលើទំព័រធ្វីតធើរថា ទាហានអាមេរិក ៤ នាក់ ត្រូវបានស្លាប់នៅក្នុងការវាយប្រហារនោះ។ ក្រុមជនបះបោរ ត្រូវបានគេដឹងថាបានបំផ្លើសការអះអាងពាក់ព័ន្ធនិងសមរភូមិ។
នៅក្នុងខែមេសាយោធាអាមេរិកបានទម្លាក់គ្រាប់បែកមិនប្រើថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់នៅក្នុងបេសកកម្មវាយប្រហារលើតំបន់រូងភ្នំនៅក្នុងស្រុក Achin ដែលត្រូវបានប្រើប្រាស់ជាតំបន់ឈរជើងដោយក្រុមជនសកម្មប្រយុទ្ធ IS។
ការដាក់ពង្រាយគ្រាប់បែកមួយប្រភេទដែលមានឈ្មោះ Mother Of AllBombs បានសម្លាប់ក្រុមជនជីហាដនិយមរាប់សិបនាក់ ប៉ុន្តែការវាយប្រយុទ្ធគ្នានៅក្នុងតំបន់ដដែលនេះ បានបន្ត។

ក្រុមកងកម្លាំងអាមេរិក បានសហការគ្នាជាមួយក្រុមទាហានអាហ្វហ្គានីស្ថាននៅក្នុងការវាយប្រហារប្រឆាំងក្រុម IS Khorasan ដែលបានអះអាងថា ជាមែកធាងឬសាខារបស់ក្រុមជនជីហាដនិយម ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់និងស៊ីរី កំពុងតែចាញ់សង្គ្រាមនៅក្នុងសមរភូមិនៅអាហ្វហ្គានីស្ថានជាបន្តបន្ទាប់។
ការវាយប្រហារំ «លើកងទ័ពរនុកក្នុង» នៅពេលដែលក្រុមទាហាន ឬ ប៉ូលិសអាហ្វហ្គានីស្ថាន បានបង្វែរចុងកាណុងកាំភ្លើងដាក់កងទ័ពអន្តរជាតិ បានក្លាយជាបញ្ហាដ៏ធំធេងមួយក្នុងអំឡុងការវាយប្រយុទ្ធរបស់ កម្លាំងអង្គការណាតូរួមសហការជាមួយកម្លាំងអាហ្វហ្គានីស្ថាន។
ក្រុមមន្ត្រីលោកខាងលិចនិយាយថា ការវាយប្រហារនៅខាងក្នុងភាគច្រើនចេញពីការគុំកួននិងការយល់ច្រឡំ៕


