ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញនៅតែកំពុងបន្តនីតិវិធី ស៊ើបសួរចម្លើយទៅលើផលិតករភាពយន្តជនជាតិអូស្ត្រាលីវ័យ ៦៨ ឆ្នាំម្នាក់ឈ្មោះ James Ricketson បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយក្រុមកម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ពីបទបានធ្វើសកម្មភាពលួចប្រមូលព័ត៌មានពីកម្ពុជាទៅផ្សព្វផ្សាយនៅក្រៅប្រទេសដោយគ្មានការអនុញ្ញាត។
ការចាប់ឃុំខ្លួនលើសពី ៧៨ ម៉ោងទៅតាមការកំណត់របស់ច្បាប់កម្ពុជាទៅលើលោក James Ricketson គឺធ្វើឡើងបន្ទាប់ពីជនបរទេសរូបនេះបានបង្ហោះយន្តហោះដ្រូនថតសកម្មភាពហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក កឹម សុខា ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២ ខែមិថុនា។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថានៅពេលនេះលោកព្រះរាជអាជ្ញារង សៀង សុខ កំពុងដំណើការស៊ើបសួរ និងត្រួតពិនិត្យឡើងវិញនូវសំណុំរឿងរបស់ជនសង្ស័យខាងលើនេះ។
លោក សុផាន់ណា បានថ្លែងបញ្ជាក់ថា៖ «នៅពេលនេះជនសង្ស័យនៅពុំទាន់ត្រូវបានចោទប្រកាន់នៅឡើយទេ។ យើងកំពុងបន្តនីតិវិធីសាកសួរចម្លើយ និងត្រួតពិនិត្យ សើរើឡើងវិញនូវសំណុំរឿងរបស់ជនសង្ស័យនេះ»។
កាលពីថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០១៦ មួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លោក James Ricketson ត្រូវបានក្រុមកម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនដោយចោទថា ជនជាតិអូស្ត្រាលីរូបនេះបានធ្វើសកម្មភាពលួចប្រមូលព័ត៌មានពីកម្ពុជាទៅផ្សព្វផ្សាយនៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា។
បើតាមអ្នកជំនាញច្បាប់លោក មេធាវី សុក សំអឿន នៅក្រោមច្បាប់កម្ពុជាជនសង្ស័យមិនអាចត្រូវឃុំខ្លួនដោយគ្មានការទទួលខុសត្រូវច្រើនជាង ៤៨ ម៉ោងនោះទេប្រសិនបើការចោទប្រកាន់នេះគឺជាករណីព្រហ្មទណ្ឌ បទមជ្ឈិម ឬលើសពី ៧២ ម៉ោងសម្រាប់បទឧក្រិដ្ឋនោះបានទេ។
លោក សំអឿន មានប្រសាសន៍ថា៖ «ក្នុងរយៈពេល ៤៨ ម៉ោង និង ៧២ ម៉ោង សមត្ថកិច្ចគួរតែទម្លាក់ការចោទប្រកាន់ទៅលើជនសង្ស័យ ឬត្រូវបញ្ជូនពួកគេទៅតុលាការ»។
រយៈពេល ៧២ ម៉ោងនៃការឃុំខ្លួនលោក James Ricketson បានឆ្លងផុតកាលពីរសៀលថ្ងៃអង្គារ។ ប៉ុន្តែលោក សុក សំអឿន បានព្រលយពាក្យថាជាការពិតលោក Ricketson ត្រូវបានបញ្ជូនទៅកាន់តុលាការហើយព្រះរាជអាជ្ញាមានគោលបំណងដើម្បីដាក់ការចោទប្រកាន់។
គួររំឭកផងដែរថាកាលពីដើមខែមេសាឆ្នាំ ២០១៤ លោក កែវ មុនី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទៅលើលោក James Ricketson ដោយព្យួរទោសគាត់ ២ ឆ្នាំ និងពិន័យប្រាក់ចំនួន ៦ លានរៀលក្រោមការចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ទៅលើអង្គការ Citipointe International ផ្អែកលើមាត្រា ៣៧២ និង ៣៧៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់ពីជនជាតិអូស្ត្រាលីរូបនេះបានផ្ញើសារអេឡិចត្រូនិកមួយមកគំរាមផ្សព្វផ្សាយសម្អុយឈ្មោះអង្គការ Citipointe International ដោយធ្វើការចោទប្រកាន់អង្គការនេះថាជាអង្គការដែលធ្វើការរកស៊ីជួញដូរកុមារកម្ពុជាយកទៅលក់នៅក្រៅប្រទេសក្នុងបំណងធ្វើឲ្យម្ចាស់ជំនួយបរទេសបញ្ឈប់មូលនិធិសម្រាប់អង្គការមួយនេះ៕


